កម្ពុជា​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​ជន​ភៀសខ្លួន៤​នាក់ដំបូងពី​កោះណូរូ

រូបភាព​ឯកសារ៖ លោក​ Scott Morrison ​រដ្ឋមន្ត្រី​អន្តោ​ប្រវេសន៍​ និង​លោក ស​ ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​អូស្រា្តលី​នៅ​ក្នុង​ឆ្នាំ​២០១៤ ​ដើម្បី​ទទួល​យក​ជនភៀស​ខ្លួន​ជាង​១ពាន់នាក់​នៅ​លើ​កោះដាច់​ស្រយ៉ាល​មួយ​​ហៅថា ណូរូ​ «​Nauru»​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០១៤។

មន្ត្រីអន្តោប្រវេសន៍​កម្ពុជា​កំពុង​រង់ចាំ​ការសម្រេច​ចុង​ក្រោយ​ពីប្រមុខ​ថ្នាក់​ដឹកនាំ​កម្ពុជា​ ក្នុង​ការទទួល​យក​ជនភៀសខ្លួន​ស្ម័គ្រចិត្ត​ដំបូង៤​រូប​ពីកោះ​ណូរូ (Nauru) ក្រោយ​ពីបាន​បញ្ចប់​ការពិនិត្យ​រួចរាល់នូវ​ឯកសារ​របស់ជនភៀសខ្លួន​ទាំងនោះ។

លោក សុខ ផល​ អគ្គនាយក​នៃអគ្គ​នាយកដ្ឋានអន្តោ​ប្រវេសន៍បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ពិធីរំលឹក​ខួប​លើក​ទី៧០ឆ្នាំ​នៃ​ការបង្កើត​កម្លាំង​នគរបាល​ជាតិ​កម្ពុជា​ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ​ថា​ មន្តី្រ​អន្តោប្រវេសន៍​កម្ពុជា​ដែលបានបញ្ជូន​ទៅ​កោះ​នេះ​ចំនួន​បីលើកបាន​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធទាំង​ឡាយ​របស់​ជ​នភៀស​ខ្លួន​ដែល​ចង់មក​តាំងទីលំនៅ​អចិន្រ្តៃយ៍នៅ​ក្នុងប្រទេស​កម្ពុជា​ទាំង​៤​នាក់​នេះ​រួចរាល់​ហើយ​ ដោយ​រង់ចាំ​ការយល់​ព្រមពីលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែនតែប៉ុណ្ណោះ។​

លោកបាន​មានប្រសាសន៍ថា​៖ «យើងបញ្ជូន​មនុស្ស​ទៅ​៣​លើក​នេះ​គឺ​ថា​យើង​បាន​ពិនិត្យហើយ​ ហើយ​សំខាន់​ជាង​គេ​គឺការ​ស្ម័គ្រចិត្ត​របស់​គាត់។ ប៉ុន្តែ​នេះគឺថា​ជូនដល់ប្រមុខ​រដ្ឋាភិបាល​លោក​សម្រេច។​ កំពុង​រាយការណ៍​ជូនថ្នាក់ដឹកនាំ​ដើម្បីសម្រេច»។​ ​

ដោយឡែក​ លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះដែរ​ ពុំអាច​ធ្វើការ​បញ្ជាក់​បាន​ថា​តើ​ពេលណា​ទើប​ជនភៀសខ្លួន​ទាំង​៤​រូប​នេះ​មក​ដល់​ប្រទេស​កម្ពុជា​ ហើយតើ​ពួកគេ​នឹងត្រូវ​ទៅ​រស់នៅ​កន្លែងណា​នោះឡើយ។​

​លោក​និយាយ​ថា៖ «បើខ្ញុំថានៅ​ឲ្យខ្ញុំឆ្លើយ​ថា​ម៉េច​ឥឡូវហ្នឹង​។ ខ្ញុំ​ថា​នៅ ខ្ញុំថា​នៅមាន​ន័យគ្រប់​គ្រាន់​ហើយ»។

ជន​ទាំង​៤​រួប​ដែល​បាន​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​ពី​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​នោះ រួម​មាន​ជន​ជាតិ រ៉ូហ៊ីងយ៉ា (Rohingya)ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់​៣​នាក់​ផ្សេងទៀត។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​ប្រទេស​អូស្រា្តលី​នៅក្នុងឆ្នាំ​២០១៤ដើម្បី​ទទួល​យក​ជនភៀស​ខ្លួនជាង​១ពាន់នាក់​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី ដែលត្រូវ​អាជ្ញាធរ​ប្រទេស​នេះដាក់​ឲ្យ​រស់​នៅក្នុង​ជំរុំ​នៅលើ​កោះដាច់​ស្រយ៉ាល​មួយ​ដែល​ហៅថា ណូរូ​ «​Nauru»។

កិច្ច​ព្រមព្រៀង​នេះ​គឺ​ត្រូវបាន​ធ្វើ​ឡើង​ជាថ្នូរ​នឹង​អ្វី​ដែល​គេ​ពណ៌នា​ថា​ ជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង៣០លាន​ដុល្លារពី​ប្រទេស​អូស្ត្រាលី​វិញ។

កិច្ចព្រមព្រៀង​ទទួល​ និង​បញ្ជូន​ជនភៀស​ខ្លួនពី​កោះណូរូ​នេះ​ ត្រូវ​បាន​ទទួលការ​រិះគន់​យ៉ាងខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ ដោយ​អះអាង​ថា​បាន​រំលោភ​អនុសញ្ញា​ជនភៀស​ខ្លួនរបស់​អង្គការ​សហប្រជាជាតិ​។ លើស​ពី​នេះ​ទៅទៀត​ពួក​គេ​និយាយ​ថា​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយនេះ​ នៅ​មាន​បញ្ហា​ប្រឈម​ ជាច្រើន​ដូចជា​ អំពើ​ពុករលួយ​ ភាព​ក្រីក្រ​ ស្ថាប័ន​តុលាការ​នៅ​មិន​ទាន់​ឯករាជ្យ អំពើ​និទ័ណ្ឌភាព និង​ទំនាស់​ដីធ្លី​ដ៏ច្រើន។

លោក បណ្ឌិត កែម ឡី អ្នក​ស្រាវជាវ​កិច្ចការ​អភិវឌ្ឍ​សង្គម​ បាន​មើល​ឃើញ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជនភៀស​ខ្លួន​ពីកោះណូរូ​នេះ​ ថា​ជា​ដំណើរ​កាទូត​កខ្វក់​ ដោយ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​ទទួល​បន្ទុកធ្ងន់ធ្ងរ​បន្ថែម​ទៀត​ក្នុង​កញ្ចប់​ថិវកា​ជាតិ​នៅពេល​ដែល​ប្រទេស​អូស្រ្តាលី​ឈប់​ផ្តល់​ជំនួយ។​

លោក​និយាយ​ថា៖ «យើង​ត្រូវ​រំលែក​ថវិកា​ជាតិ​របស់​យើង​ទៅ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រស់រាន​មាន​ជីវិត​របស់​គេ​ ដូច្នេះ​ថវិកាយើង​កាន់​តែ​ស្តើង​ទៅ​ ប្រសិន​ជាយើង​ទទួល​កាន់​តែច្រើន​នៅ​ពេល​ដែល​អូស្រ្តាលី​ឈប់​ជួយ​ក្នុងរយះពេល​មួយឆ្នាំ​ទៅពីរឆ្នាំ»៕