លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ចេញប្រតិកម្មតបនឹងអត្ថបទរបស់អ្នកកាសែតនិងជាអ្នកវិភាគថៃមួយរូបថាលោកគ្មានបំណងនឹងរៀបចំកូនប្រុសច្បងរបស់គាត់ឱ្យស្នងតំណែងទេ។
ក្នុងទឹកមុខស្មើនិងសម្តីមួយៗច្បាស់ៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ចេញប្រតិកម្មតបតជាសាធារណៈផ្សាយនៅតាមទូរទស្សន៍ជាតិនៅថ្ងៃពុធថា លោកគ្មានបំណងរៀបចំឱ្យកូនប្រុសច្បងរបស់គាត់គឺលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានឡើងស្នងតំណែងដូចការលើកឡើងឡើយ។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានកាសែត The Nation និងជាអ្នកវិភាគនយោបាយថៃដ៏ល្បីឈ្មោះម្នាក់គឺលោក លោកកាវី ជុងគិតតាវ៉ាន់ (Kavi Chongkittavorn) បានផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារថាដំណើរទស្សនកិច្ចរបស់ប្រតិភូយោធាកម្ពុជាកាលពីសប្តាហ៍មុនទៅប្រទេសថៃគឺជាការណែនាំអនាគតមេដឹកនាំថ្មីរបស់កម្ពុជាឱ្យមេដឹកនាំយោធាថៃបានស្គាល់ផងនិងដើម្បីកសាងទំនាក់ទំនងថ្មីមួយរវាងប្រទេសទាំងពីរបន្ទាប់ពីលោកហ៊ុន សែនបានលូកដៃចូលយ៉ាងជ្រៅគាំទ្រក្រុមលោកថាក់ស៊ីន ស៊ីណាវ៉ាត់ដែលពេលនេះត្រូវបានក្រុមយោធាព្យាយាមផាត់ចេញពីនយោបាយថៃ។
លោកកាវី បានសរសេរបន្ថែមថា៖
«លោកហ៊ុន សែន ដឹងថាអ្នកណាជាអ្នកឈ្នះនៅក្នុងនយោបាយថៃច្បាស់ណាស់។ លោកបានមើលឃើញការឡើងកាន់អំណាចនិងធ្លាក់ចុះនៃនាយករដ្ឋមន្ត្រីថៃចំនួន១៣នាក់ចាប់តាំងពីឆ្នាំ១៩៧៩មក។ វិធីដ៏ល្អបំផុតគឺទាក់ទងនឹងក្រុមរដ្ឋាភិបាលយោធាហើយចាប់ផ្តើមទំនាក់ទំនងជាមួយនឹងប្រទេសថៃបច្ចុប្បន្នដោយទៅជួបពួកគេនិងណែនាំមេដឹកនាំថ្មីដែលកំពុងរង់ចាំឡើងកាន់តំណែងនោះគឺលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ឱ្យមេដឹកនាំជាន់ខ្ពស់ថៃបានស្គាល់»។
លោកហ៊ុន សែនបានឆ្លើយតបវិញថា៖
«ជាការជូនសារទៅវិញឱ្យកាសែតThe Nationនៅ ប្រទេសថៃបានឮផងហើយឱ្យយល់ពីដំណើរការប្រជាធិបតេយ្យមិនអាចផ្ទេរពីឱពុកទៅកូនតាមចិត្តចង់នោះទេ ម្ចាស់ឆ្នោតគេត្រូវការ។ នេះគឺសូមបញ្ជាក់។ គ្រាន់តែឥឡូវនេះវាពិបាក។ ខ្ញុំអាចរៀបចំកូនអ្នកដទៃដែលមានសមត្ថភាពឱ្យកាន់តំណែងនេះតំណែងនោះក៏ប៉ុន្តែមិនអាចរៀបចំកូនខ្លួនឯងទេ»។
លោកហ៊ុន សែនដែលពេលនេះទើបតែមានអាយុ៦២ឆ្នាំនិងមានសុខភាពល្អធ្លាប់បានប្តេជ្ញាថាលោកនឹងបន្តកាន់តំណែងរហូតដល់អាយុ៧៤ឆ្នាំ ប៉ុន្តែការបាត់សំឡេងឆ្នោតយ៉ាងគំហុកបន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ធ្វើឱ្យគណបក្សកាន់អំណាចនេះផ្លាស់ប្តូរយុទ្ធសាស្រ្តខ្លះ។
លោកកាវី ជុងគិតតាវ៉ាន់ បានសរសេរទៀតថា៖
«លោកហ៊ុន សែន បានផ្លាស់ប្តូរឥរិយាបទតឹងរ៉ឹងរបស់លោកដើម្បីបង្ហាញជ្រុងវិជ្ជមាននិងទន់ភ្លន់របស់លោកដើម្បីទាក់ទាញយុវជនកម្ពុជាដែលពេលនេះបានងាកមកប្រឆាំងនឹងលោក។ លោកសង្ឃឹមថាកូនៗរបស់គាត់នឹងនាំមុខក្នុងការធ្វើការជាមួយនឹងក្រុមយុវជនកម្ពុជា។ ជាយថាហេតុដោយមានសភាជាតិដែលដំណើរការជាប្រក្រតី សង្គមមួយដែលគោរពច្បាប់និងការទទួលយកមេដឹកនាំដែលគាត់ជ្រើសរើស ពេលនោះ លោកហ៊ុន សែននឹងរកវិធីដកខ្លួនចេញ»។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកហ៊ុន សែន ពេលនេះកាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ពហើយបានរក្សាភាពរមទម្យនិងបន្ទាបខ្លួនដោយពេលខ្លះបង្ហាញមុខក្នុងកម្មវិធីមនុស្សធម៌នៅទីជនបទ។
លោកត្រូវបានគេដឹងថាបានដឹកនាំកងទ័ពវាយបកទៅវិញនៅពេលមានទំនាស់រវាងប្រទេសកម្ពុជានិងថៃតាមបណ្តោយព្រំដែននិងចរចាឱ្យមានបទឈប់បាញ់គ្នាបណ្តោះអាសន្នរវាងភាគីទាំងពីរក្នុងឆ្នាំ២០១០៕