កម្ពុជា​ប្រតិកម្ម​នឹង​របាយ​ការណ៍​អាមេរិក​ស្តី​ពី​សិទ្ធិ​មនុស្ស​ថា​«រើស​អើង»​និង​«លម្អៀង»

រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។

ក្រសួង​ការបរទេស​កម្ពុជាបាន​ចាត់​ទុក​របាយ​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​«លក្ខណៈ​រើស​អើង» និង​«លម្អៀង» និងលាត​ត្រដាង​អំពី​ស្តង់ដារ​ពីរ​នៅ​ក្នុង​ការ​អនុវត្ត​របស់​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា​«របាយ​ការណ៍​លាត​ត្រដាង​អំពី​ស្តង់ដារ​ពីរ នៅ​ក្នុង​ការ​អនុវត្ត​របស់​សហរដ្ឋអាមេរិក» ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ ដោយ​និយាយ​អំពី​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ ការ​សម្លាប់​ដោយ​សារ​ហេតុផល​នយោ​បាយ​ ឬដោយ​ខុសច្បាប់ ​កា​រធ្វើ​ទារុណ​កម្ម និង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត។ បញ្ហា​ផ្នែក​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​ចងក្រង​នៅ​ក្នុង​របាយការណ៍ រួម​មាន​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ដោយ​រដ្ឋាភិបាល​ អ្នក​ជាប់​ឃុំ​ឬអ្នក​ទោស​នយោ​បាយ​ ការ​គ្មាន​តុលាការ​ឯករាជ្យ​ ការ​ជ្រៀត​ជ្រែក​តាម​អំពើ​ចិត្ត​នៅ​ក្នុង​ជីវិត​ឯក​ជន​របស់​ពលរដ្ឋ​ រួមទាំង​ការ​លួច​ស្តាប់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ជា​ទូទៅ។ ការ​រឹតត្បិត​ធ្ងន់​ធ្ងរ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​សារព័ត៌​មាន​ និង​អ៊ិនធឺណិត រួម​ទាំង​ការ​ប្រើហិង្សា​ ឬ​ការ​គំរាម​ប្រើ​ហិង្សា​ ការ​ចាប់​ខ្លួន​ ឬកាត់​ទោស​អ្នក​សារ​ព័ត៌មាន​ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ ការ​ចាប់​ពិរុទ្ធ​ ការ​បិទ​គេហទំព័រ ការ​អនុវត្ត​ច្បាប់​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ការ​បរិហារ​កេរ្តិ៍ ច្បាប់​រឹត​ត្បិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​សិទ្ធិ​ធ្វើការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ជាដើម ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយ​ការណ៍​នេះ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប ក្រសួង​ការបរទេស​កម្ពុជា​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​របាយ​ការណ៍​នេះ​ថា«មាន​លក្ខណៈ​រើសអើ​ង លម្អៀង និងពុំផ្អែកលើការពិត ក្រោម​ហេតុផល​នយោបាយ»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា លាតត្រដាង​យ៉ាង​ជាក់​ស្តែង​អំពី​ស្តង់ដា​រ​ពីរ​នៅ​ក្នុង​ការ​អនុវត្ត​របស់​ខ្លួន ជាពិសេស​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​ស្តី​ពី​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង។

សហរដ្ឋអាមេរិក ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង​ពីររយ​ឆ្នាំ​មក​ហើយ នៅ​តែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ រៀង​រាល់​ថ្ងៃ ដែល​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ មាន​ដូច​ជា​ការរើស​អើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​ពូជ​សាសន៍ ការ​បាញ់​សម្លាប់​ទ្រង់​ទ្រាយធំ និង​អំពើ​ឃោរ​ឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាត​ត្បាត ការ​កាត់​ទោស​ប្រហារ​ជីវិត ការ​រឹត​ត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ល។»។

ក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​របាយការណ៍​របស់​អាមេរិក​នេះ​«គ្រាន់​តែ​ជា​ការ​ចង​ក្រង​ជ្រើស​រើស​តែ​មួយ​ជ្រុង​នៃ​ព្រឹត្តិការណ៍ ដែល​ផ្អែក​លើ​ការ​បោះ​ពុម្ព​ផ្សាយ​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ត្រឹមត្រូវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​មូលនិធិ​ពី​បរទេស»។
ក្រសួង​ការបរទេស​បន្ថែម​ថា​របាយ​ការណ៍​របស់​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញនូវ​«វោហាសាស្ត្រ​ដ៏​គ្រោះ​ថ្នាក់ និង​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន»។
បន្ថែម​ពី​នេះ ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​«នៅ​តែ​រស់​រវើក»។

អ្នក​នាំពាក្យ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កញ្ញា Stephanie Arzate ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​លើក​តម្កើង​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ជា​តម្លៃ​ស្នូល​នៃ​នយោបាយ​ការបរ​ទេស​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក។

កញ្ញា​បន្ថែម​ថា​អាមេរិក​លើក​ទឹក​ចិត្ត​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ពង្រឹង​ប្រជាធិប​តេយ្យ​ពហុបក្ស ដោយ​អនុញ្ញាត​សម្រាប់​សេរីភាព​នៃ​មតិ​នយោ​បាយ​ជំទាស់ ជំរុញ​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​អនុញ្ញាត​ឱ្យអង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដំណើរ​ការ​ដោយ​ឯករាជ្យ។

នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ​ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០២២ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​គណៈ​កម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស​មិន​បាន​ប្រតិកម្ម​ខ្លាំងៗ​នោះ​ទេ​ចំពោះ​របាយការណ៍​របស់​អាមេរិក។

នៅ​ចំពោះ​មុខ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ដែល​បាន​ចូលរួមក្នុង​ពិធី​នោះ​ដែរ​ លោក ស ខេង បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អាមេរិក ហើយ​ថា​នឹង​ខិតខំ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អ្វី​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នេះ ទៅ​នឹង​ការ​ជាក់​ស្តែង​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​យើង​ត្រូវ​រៀបចំ​ឱ្យមាន​ការ​សិក្សា​ទៅ​លើ​របាយការណ៍​នេះ ហើយ​ក៏​មិនមែន​តែ​ការ​ជួញដូរ​មនុស្ស​ទេ ផ្នែក​ដែល​មាន​ការ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្លើយ​តប​ឱ្យបាន​សម​ស្រប និង​ត្រឹម​ត្រូវ»។

របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ក៏​បានរៀប​រាប់​ថាគណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​នូវ​អាសនៈ​សភា​ទាំង​១២៥​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​២០១៨​ ដោយ​បាន​ហាម​ប្រាម​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ កាលពី​២០១៧​ ហើយ​ធ្វើ​ឱ្យ​ប្រទេស​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​គណបក្ស​តែ​មួយ ដោយ​មាន​រដ្ឋាភិបាល​មួយ​ដែល​ជា​ធម្មតា​ប្រើ​អំណាច​ផ្តាច់​ការ៕