ប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះបាទនរោត្តម សីហនុ ជាបុត្រច្បងរបស់ព្រះបាទ នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ។
ភ្នំពេញ៖ ទោះបីជាអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលាកន្លងមកនេះក្តី ស្នាព្រះហស្ថរបស់ព្រះអង្គស្ថិតជាកេរដំណែលប្រវត្តិសាស្ត្រ។
ប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះបាទនរោត្តម សីហនុ ជាបុត្រច្បងរបស់ព្រះបាទ នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ។ ទ្រង់បានទទួលការអប់រំនៅសាលាបារាំង និងវិទ្យាល័យព្រះស៊ីសុវត្ថិនៅភ្នំពេញ បន្ទាប់មកនៅវិទ្យាល័យបារាំង សាសលូឡូបា នៅព្រៃនគរ។
នៅពេលនោះព្រះរាជាណាចក្រកម្ពុជាបានស្ថិតក្រោមអាណានិគមរបស់ប្រទេសបារាំង។ បារាំងបានជ្រើសរើសព្រះអង្គឱ្យគ្រងរាជ្យនៅខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មទើបតែ១៨ព្រះវស្សាប៉ុណ្ណោះ ក្រោយការសោយទិវង្គតរបស់ព្រះបាទ មុនីវង្ស។ បារាំងសម្រេចតែងតាំងព្រះអង្គឲ្យគ្រងរាជ្យក្នុងចំណោមបេក្ខជនសក្តានុពលជាច្រើនអង្គ ដោយសារតែភាពវ័យក្មេងរបស់ព្រះអង្គនិងអាចងាយបង្គាប់បញ្ជា។
ក៏ប៉ុន្តែទីបំផុតមិនមែនដូច្នោះទេ។ ព្រះបាទ សីហនុ បានសរសេរក្នុងសៀវភៅមួយរបស់ទ្រង់ថា៖
«បារាំងបានជ្រើសរើសរូបខ្ញុំដោយសារគេគិតថាខ្ញុំជាកូនចៀម ប៉ុន្តែក្រោយមកទើបពួកគេភ្ញាក់ផ្អើលដោយដឹងថាការពិតខ្ញុំជាខ្លាទៅវិញទេ»។
ក្នុងន័យនេះគេអាចមើលឃើញពីការតស៊ូរបស់ព្រះអង្គដើម្បីរំដោះប្រទេសចេញឲ្យផុតពីនឹមអាណានិគម។ ប៉ុន្តែដើម្បីរក្សាបូរណភាពទឹកដី ព្រះអង្គត្រូវបង្ខំព្រះទ័យដាក់នយោបាយម្តងជាចំណុះរបស់ជប៉ុននិងម្តងជាចំណុះជាមួយបារាំងក្នុងអំឡុងយុគសង្គ្រាមលោកលើកទី២។
នៅឆ្នាំ១៩៤៧ ទ្រង់បានបញ្ចុះបញ្ចូលបារាំងឱ្យទាមទារខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង ពីថៃមកវិញទាំងស្រុង ហើយបានទាមទារមកវិញនូវប្រាសាទព្រះវិហារ បន្ទាប់ជ័យជម្នះនៅតុលការក្រុងឡាអេឆ្នាំ១៩៦២ លើប្រទេសថៃ។
ក្នុងព្រះរាជបូជនីយកិច្ចសម្រាប់បូរណភាពទឹកដីនេះដែរព្រះបាទនរោត្តម សីហនុ បានទាមទារឯករាជ្យពីប្រទេសបារាំងបានទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពោលគឺមុនប្រទេសឯទៀតក្នុងឥណ្ឌូចិន ហើយព្រះអង្គត្រូវបានផ្តល់គោរមងារជា «ព្រះបិតាឯករាជ្យជាតិ»។
ព្រះអង្គបានរំលឹកជ័យជម្នះនេះក្នុងព្រះរាជសង្កថាជាចុងក្រោយកាលពីឆ្នាំ២០០៣គឺនៅខួបពិធីបុណ្យឯករាជ្យលើកទី៥០ឆ្នាំក្នុងទីក្រុងភ្នំពេញ។
«នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង គឺថ្នល់ហ្នឹងហ្អេ ដែលទ័ពបារាំងទាំងអស់ លោកមេបញ្ជាការបារាំង លោកសេនាធិការបារាំង លោកផ្ទេរថ្វាយជាដាច់ខាត គឺអត់យកវិញទេក្នុងឋានៈជាអាណាព្យាបាលយើងហ្នឹង ហើយលោកអញ្ជើញទៅដោយមោទនភាព ភាតរភាព គ្មានការបង្ហូរឈាម ឈាមបារាំងក្តី ឈាមខ្មែរក្តី គឺការចរចានោះវាសំខាន់ណាស់ តឹងតាន់ណាស់ ពេលខ្លះតឹងតាន់មែនទែន។»
ទោះបីជាក្រោយទទួលបានឯករាជ្យក្តី ឥទ្ធិពលសង្គ្រាមត្រជាក់រវាងមនោគមវិជ្ជាសេរីនិងកុំម្មុយនីស្ត បានបំបែកអ្នកនយោបាយកម្ពុជាជាបក្ខពួកមាននិន្នាការនយោបាយខុសគ្នា។ ហេតុដូច្នេះហើយ ទើបព្រះបាទសីហនុ ពីរឆ្នាំក្រោយមកបានសម្រេចចិត្តដាក់រាជ្យថ្វាយព្រះបិតាទ្រង់ គឺព្រះបាទនរោត្តម សុរាម្រិត ដើម្បីអាចចូលប្រឡូកក្នុងជីវភាពនយោបាយជាថ្មី ដើម្បីបញ្ចប់វិវាទផ្ទៃក្នុងនិងបង្រួបបង្រួមជាតិ។ ដោយសារប្រជាប្រិយភាពនិងភាពស្និទ្ធស្នាលជាមួយរាស្ត្រ ព្រះអង្គត្រូវបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបដែលមាន២ម៉ឺន៥ពាន់សំឡេងឬស្មើនឹង៩៩,៨០ភាគរយក្នុងប្រជាមតិនាពេលនោះ។
លទ្ធផលនេះអនុញ្ញាតឱ្យទ្រង់បង្កើតរដ្ឋាភិបាលឯកត្តោភាគីមួយបាន ហើយបន្ទាប់មកទ្រង់ក៏បានបង្កើតអង្គការនយោបាយមួយ ឈ្មោះថាអង្គការសង្គមរាស្ត្រនិយម ដែលលុបបំបាត់ចោលបក្សនយោបាយឆ្វេងនិងស្តាំនិយម និងបង្ការចលនាបដិវត្តប្រជាជនកុំឱ្យកើតមានឡើង។ ស្ថិតក្នុងបរិយាកាសអំណោយផលនេះហើយ ទើបឱ្យទ្រង់អាចដឹកនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍរហូតដល់ចុងទសវត្សរ៍ទី៦០ ដែលត្រូវបានបរទេសឱ្យឈ្មោះថាជា«គុជនៅអាស៊ី» ស្របពេលដែលប្រទេសក្បែរខាងកំពុងហែកហួរដោយភ្លើងសង្គ្រាមមនោគមន៍វិជ្ជានិងការដឹកនាំបែបយោធា។
«ពេលណាយើងរួបរួមគ្នា យើងខ្លាំងណាស់ យើងខ្លាំងណាស់កូនចៅ ដូចជាក្នុងសម័យអង្គរជាដើម។»
លោក ដាវីដ ឈែនដ៍ឡឺ (David Chandler) នាពេលថ្មីៗនេះបានថ្លែងថា ព្រះបាទសីហនុ ជាតំណភ្ជាប់យ៉ាងសំខាន់រវាងប្រពៃណីអតីតកាលនិងបច្ចុប្បន្នភាពរបស់កម្ពុជា។
យ៉ាងណាក៏ដោយក្នុងយុគសង្គ្រាមត្រជាក់ព្រះអង្គបានព្យាយាមជ្រើសផ្លូវកណ្តាលជាមួយបណ្តាប្រទេសទី៣ដទៃទៀត ដូចជា ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងអេហ្ស៊ីប ពោលគឺប្រកាសប្រទេសកម្ពុជា ជាប្រទេសមួយអព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធជាមួយប្រទេសណាទាំងអស់។ ប៉ុន្តែស្ថានភាពជាក់ស្តែងមិនអំណោយផលសម្រាប់ព្រះរាជបំណងនេះទេ។ ហើយបានធ្វើឲ្យព្រះអង្គដឹកនាំនយោបាយឃ្លីងឃ្លោងបន្តិចរវាងប្រទេសមហាអំណាចអាស៊ីនិងសហរដ្ឋអាមេរិកដែលធ្វើឱ្យទ្រង់បាត់បង់ទំនុកចិត្តពីប្រទេសមហាអំណាចទាំងពីរ។
ក្រោយពីព្រះអង្គត្រូវទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារនៅខែមិនាឆ្នាំ១៩៧០ ដែលត្រូវបានគេអះអាងថាមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងនោះព្រះអង្គត្រូវប្រទេសចិនបញ្ចុះបញ្ចូលឱ្យចូលរួមកម្លាំងជាមួយប៉ុល ពត ដែលជាក្រុមបដិវត្តន៍ប្រឆាំងដែលទ្រង់បានកំពុងធ្វើការបង្ក្រាបជាយូរណាស់មកហើយ។ ប៉ុន្តែទ្រង់ក៏យល់ព្រមទាំងស្រពិចស្រពិល ដើម្បីមានឱកាសត្រឡប់ចូលកាន់អំណាចវិញ។ ក្រោមព្រះនាមរបស់ព្រះអង្គនេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋខ្មែរជនបទកាន់តែច្រើនឡើងស្ម័គ្រចិត្តចូលព្រៃ ដើម្បីបង្កើតរណសិរ្សរួបរួមកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋបាលដ៏ពុករលួយរបស់លោក លន់ នុល រហូតដល់ពួកខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
បន្ទាប់មក ព្រះអង្គត្រូវតែងតាំងទ្រង់ជាប្រមុខរដ្ឋដែលមានតែឈ្មោះមុននឹងព្រះអង្គលាលែងពីដំណែងនៅឆ្នាំ១៩៧៦។
នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលលុកលុយប្រទេសកម្ពុជា និងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែក្រហម សម្តេចព្រះនរោត្តម សីហនុ បានយាងទៅកាន់ប្រទេសចិន ជាទីដែលព្រះអង្គធ្វើការតស៊ូប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនៅកម្ពុជា។ ទ្រង់បន្តប្រឆាំងដាច់ខាតនូវវត្តមានកងទ័ពវៀតណាមនៅកម្ពុជារហូតដល់កងទព័វៀតណាមដកចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩។ ហើយព្រះអង្គក៏ជាតួអង្គចរចាយ៉ាងសំខាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយព្រះអង្គក៏ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដោយមានការទទួលស្វាគមន៍ជាឱឡារិកក្នុងគោរមងារជា «បិតាឯករាជ្យនិងបង្រួបបង្រួមជាតិ» និងអនុញ្ញាតអង្គការសហប្រជាជាតិចូលជួយរៀបចំការបោះឆ្នោតដោយសេរីនៅឆ្នាំ១៩៩៣។ ហើយក៏វាក៏ជាឱកាសដែលព្រះអង្គបានយាងគ្រងរាជ្យជាថ្មីប៉ុន្តែរដ្ឋធម្មនុញ្ញថ្មីបានកំណត់ថា «ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច»។
ដោយសារព្រះជន្មកាន់តែច្រើន និងមានព្រះរោគប្រចាំព្រះកាយផងព្រះមហាក្សត្របានផ្ទេររាជ្យថ្វាយព្រះរាជបុត្ររបស់ព្រះអង្គគឺសម្តេចព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃទី ៧ ខែតុលាឆ្នាំ២០០៤។ ចាប់ពីពេលនោះមក ព្រះអង្គបានយាងទៅព្យាបាលព្រះរោគ ជាពិសេសព្រះរោគមហារីកនៅទីក្រុងប៉េកាំងមុននឹងសើយទីវង្គតនៅប៉េកាំង នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ព្រះអង្គនឹងស្ថិតនៅជាមួយនឹងកេរដំណែលរបស់ព្រះអង្គជាច្រើនទៀតសម្រាប់កម្ពុជា៕