កម្ពុជា​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល ដើម្បី​បង្កើន​ការ​នាំ​ទំនិញ​មក​អាមេរិក​និង​ទាក់ទាញ​វិនិយោគិន

រូប​ឯកសារ៖ ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​លោក កែវ ឈា ទទួល​ជួប​លោក John Goyer នាយកផ្នែក​អាស៊ីអាគ្នេយ៍​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។ (Facebook/Cambodian Embassy DC)

​កម្ពុជា​បាន​នាំ​ទំនិញ​ដែល​មាន​ទឹកប្រាក់​ជាង​៨,៧​ពាន់​លាន​ដុល្លារ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២១ បើ​ទោះបី​ជា​មាន​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។ នេះ​បើតាម​តួលេខ​ចងក្រង​ដោយ​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក។

ចំនួន​នេះ​ជា​ការ​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​របស់​កម្ពុជា។

លោក Chad Roedemeier ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអ៊ីមែល​កាលពី​ថ្ងៃ​អង្គារ​ថា៖ «ប្រទេស​កម្ពុជា​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងសម្បើម​ពី​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក។ សព្វថ្ងៃនេះ​ សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​ដ៏​ធំបំផុត​តែមួយ​គត់​របស់​កម្ពុជា​ គឺ​ធំ​ជាង​គេ​ឆ្ងាយណាស់»។

ទំនិញ​ដែល​កម្ពុជា​នាំចូល​អាមេរិក​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ ​កាបូប​ឬ​វ៉ាលិសផលិតផល​កសិកម្ម​និង​កង់។

ប៉ុន្តែ​កំណើន​ពាណិជ្ជកម្ម​នេះ​អាច​ប្រឈម​នឹង​ហានិភ័យ​ផងដែរ​ដោយសារ​តែ​សភា​សហរដ្ឋ​អាមេរិក​កំពុងផ្តោត​យ៉ាងខ្លាំង​លើ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លំហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​តាំង​ពី​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​និង​ក្នុង​ពេល​ដែល​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ជិត​ឈាន​ចូល​មកដល់។

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ពីរ​ដោយ​ចំណាយ​ថវិកា​ចំនួន​ជាង​១,៥​លាន​ដុល្លារសម្រាប់​រយៈពេល​យ៉ាងហោច​ណាស់​១ឆ្នាំ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​វិជ្ជមាន​ពី​ប្រទេស​កម្ពុជា​និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ទាំងពីរ​នោះ​គឺក្រុមហ៊ុន ​Akin Gump ដែល​ជា​ក្រុមហ៊ុន​ច្បាប់​ដ៏ធំ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្រុមហ៊ុន​មួយ​ទៀត​គឺ​ក្រុមហ៊ុន​ Qorvis Communications​ ដែល​មាន​ជំនាញ​ខាង​ទំនាក់ទំនង​និង​ផ្សព្វផ្សាយ។

ក្រុមហ៊ុន ​Qorvis Communications​ បាន​ចាប់ផ្តើម​ការងារ​តាំង​ពី​ថ្ងៃទី១ ​ខែកញ្ញា​ ឆ្នាំ​២០២១​ដោយ​មិន​កំណត់​ពេល​បញ្ចប់​រហូតដល់​ភាគី​ណាមួយ​សម្រេច​បញ្ចប់។ នេះ​បើតាម​ឯកសារ​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ Qorvis ​កំពុង​ជួយរដ្ឋាភិបាល​កម្ពុជា​រៀបចំ​សម្រួល​ដល់​ការធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​មិន​ជួយ​លើ​ផ្នែក​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិកាំង​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន។

តំណាង​មួយ​រូប​របស់​ក្រុមហ៊ុន​ Qorvis ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «ដូច​លោក​ដឹង​ហើយ​ថា​មាន​ក្រុមហ៊ុន​អាមេរិកាំង​ជាច្រើន​វិនិយោគទុន​នៅទីនោះ​(កម្ពុជា)។ យើង​ក៏​ជួយ​ជំរុញ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ»។

​រីឯ​ក្រុមហ៊ុន​ Akin Gump ​បាន​ផ្តល់​សេវាកម្ម​តាំង​ពីថ្ងៃទី​៥​ ខែមករា ​ឆ្នាំ​២០២២ ​រហូតដល់​ថ្ងៃទី១​ខែមករា​ឆ្នាំ​២០២៣ ក្នុង​តម្លៃ​៧២០.០០០ដុល្លារ​សម្រាប់​រយៈពេល​១ឆ្នាំ​នេះ។ ​

ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដែលមាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​បាន​សន្យា ​«ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ទៅ​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​បង្កើត​នូវ​ការយល់គ្នា​ឲ្យ​បាន​កាន់តែ​ប្រសើរ​និង​គូសបង្ហាញ​នូវ​ផលប្រយោជន៍​រួម​ដើម្បី​កសាង​ទំនាក់​ទំនង​ថ្មី​ដែល​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ឆ្ពោះ​ទៅមុខ»។ នេះ​បើតាម​កិច្ចសន្យា​ដែល​ចុះបញ្ជី​ក្នុង​ក្រសួង​យុត្តិធម៌។

អ្នកការទូតកម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​រវាង​ក្រុងភ្នំពេញ​និង​ក្រុង​វ៉ាស៊ីនតោន​ដោយ​ផ្តោត​សំខាន់​លើ​ផ្នែក​ពាណិជ្ជកម្ម​និង​វប្បធម៌។

លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក (រូប​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក)

លោក កែវ ឈា​ ឯកអគ្គរាជទូត​កម្ពុជា​បាន​ប្រាប់​វីអូអេ​ខេមភាសា​តាមទូរស័ព្ទ​កាលពី​ដើម​ខែ​មីនា​នៅ​ពេល​ចាប់ផ្តើម​អាណត្តិ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​ថា៖ «គោលបំណង​គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ហើយ​បើសិន​ជា​យក​ល្អ​ដើម្បី​សម្រួល​ទំនាក់​ទំនង​នយោបាយ​ឲ្យ​កាន់តែ​ល្អ​យើង​ខ្ញុំ​ជំរុញ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​ហើយ​នឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាងមុន​ គឺ​យើង​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​ទៅ​ថ្ងៃមុខ»។

កម្ពុជា​ក៏​បាន​ចំណាយ​ថវិកា​ចំនួន​១,២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ ដល់​២០២០​ដល់​ក្រុមហ៊ុន​បញ្ចុះ​បញ្ចូល​ចំនួន​ពីរ​ផងដែរ​ដើម្បី​ខិតខំ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​អ្នកតាក់តែង​ច្បាប់​អាមេរិកាំង​ចំពោះ​កម្ពុជា។ ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឈ្មោះ​ Brownstein Hyatt Farber Schreck ​បាន​យក​កម្រៃ​ចំនួន​៧២០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្រុមហ៊ុន​ទីពីរ​ឈ្មោះ​ថា PacRim ​Bridges ​បាន​យក​កម្រៃ​ចំនួន​៥០០.០០០​ដុល្លារ​ក្នុងមួយឆ្នាំ។

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ការណ៍​ដែល​ធ្វើ​ឡប់ប៊ី​(បញ្ចុះបញ្ចូល)​នេះ​ខ្ញុំ​យល់​ថា​គឺ​ជា​ទាក់ទាញ​សមានចិត្ត​ខាង​បរទេស​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​លម្អៀង​ខាង​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ប្រាសចាក​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន​ផ្សព្វផ្សាយ​រឿង​មិនពិត​ច្រើន​ដល់​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញ​ពី​ឆន្ទុៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា»។

លោក សុខ ឥសាន ​បាន​វាយតម្លៃ​ពី​លទ្ធផល​នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងនេះ​ក្នុង​ពេល​កន្លង​មក​តាម​រយៈដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា​របស់​លោក Doug Ericksen ​អតីត​សមាជិក​ព្រឹទ្ធសភា​នៃព្រឹទ្ធសភា​រដ្ឋ​ Washington ​ថា ​ជា​ការបង្ហាញ​ការពិត​ពី​កម្ពុជា​សម្រាប់​អ្នកតាក់តែង​ច្បាប់​អាមេរិកាំង។ លោកDoug Ericksen បាន​ទៅ​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ក្នុង​ខែមីនា​ឆ្នាំ​២០១៩ ​ដោយ​បាន​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ផងដែរ។

បើទោះបីជា​នៅពេលនោះ​មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ ​ប៉ុន្តែលោក​ Doug Ericksen​ គឺ​ជា​ម្ចាស់ក្រុមហ៊ុន​ PacRim Bridges​ ជាមួយ​នឹង​ដៃគូ​ឈ្មោះ​លោក Jay Rodne គឺជា​អតីត​តំណាងរាស្ត្រ​នៃ​រដ្ឋសភា​រដ្ឋ​ Washington (វ៉ាស៊ីនតោន) ​ផងដែរ។ ​ចំណាត់ការ​របស់​លោក ​Doug Ericksen នៅ​ពេល​នោះ​បាន​នាំ​ឲ្យ​មាន​ការថ្កោលទោស​ពី​ពលរដ្ឋ​អ្នកបោះឆ្នោត។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ The Seattle Times។ សារព័ត៌មាន​នេះ​ថែម​ទាំង​ចេញ​ខ្ទង់​អត្ថាធិប្បាយ​ដែល​ស្នើ​ឲ្យ​លោក​ Ericksen ​ចុះ​ចេញ​ពី​តំណែង​ផងដែរ។

លោក Doug Ericksen ​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ពីគណបក្ស​សាធារណរដ្ឋបាន​ទទួល​មរណភាព​នៅ​ខែធ្នូ​ឆ្នាំ​២០២១​ដោយ​ជំងឺ​កូវីដ។ នេះ​បើតាមការផ្សាយ​របស់​សារព័ត៌មាន​ Washington Post។
សកម្មជន​សិទ្ធិមនុស្ស​នៅ​សហរដ្ឋ​អាមេរិក​យល់​ថា​ ​ស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​មិន​បានប្រសើរ​ឡើង​ទេ​នៅ​កម្ពុជា​តាំងពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ពួកគេ​បានខិតខំ​ជំរុញ​អង្គការ​អន្តរជាតិ​ក៏​ដូច​ជា​សភា​សហរដ្ឋ​អាមេរិក​ជួយ​អន្តរាគមន៍។

លោក Morton Sklar ​ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថា៖​ «ការជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិក​និង​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​មិនមែន​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិត្តិនាម​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​នៅ​សហរដ្ឋ​អាមេរិក​ទេ។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ប្រកាន់​យក​ជំហាន​ជាក់លាក់​បញ្ចប់​យុទ្ធការ​ថ្មីៗ​ក្នុង​ការ​គាប​សង្កត់​ បញ្ឈប់​ការ​កាត់ទោស​ព្រហ្មទណ្ឌ​នូវ​អ្នករិះគន់​រដ្ឋាភិបាល​ និង​ត្រឡប់​ទៅ​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​និង​បើក​ចំហរ​ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​អាច​ដំណើរការ​បាន​ដោយ​យុត្តិធម៌​និង​មាន​ប្រសិទ្ធភាព»។

លោក Morton Sklar ​យល់ថា ​ប្រសិនបើ​មិន​អាច​ធ្វើបាន​ដូចនេះ​ទេ​គឺ​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការបដិសេធ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​ជាតិ​ដែល​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០២៣​និង​បដិសេធ​មិន​ទទួលស្គាល់​និរន្តរភាព​នៃ​ការកាន់​អំណាច​របស់​លោក ​ហ៊ុន សែន។

សភា​សហរដ្ឋ​អាមេរិក​បាន​តាក់តែង​សេចក្តីព្រាងច្បាប់​ចំនួន​២​ដើម្បី​ជួយ​លើក​តម្កើង​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ​២០២១ (S-3052)​ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ស្នើឡើង​កាលពី​ខែតុលា​ឆ្នាំ​២០២១។ ច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​(HR-4686) ​ដែល​បាន​ស្នើ​ឡើង​ដោយ​សមាជិក​រដ្ឋសភា​ទាំងពីរ​គណបក្ស​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​នៅ​ខែកញ្ញា​ឆ្នាំ​២០២១។ សេចក្តី​ស្នើច្បាប់​ទាំងពីរ​នេះ​កំពុង​ស្ថិតនៅ​ក្នុង​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

រូប​ឯកសារ៖ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយក្នុងប្រទេសអាមេរិក ដឹកនាំការធ្វើការបាតុកម្ម​ខ្មែរអាមេរិកាំង​នៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/វីអូអេ)

ច្បាប់​ទាំងពីរ​នេះ​មាន​គោលបំណងជំរុញ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិសេរីភាព​នយោបាយ​ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជនទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ។

គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ដាក់​សេចក្តី​ស្នើ​ច្បាប់​នេះ​មក​ពិភាក្សា​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​វីអូអេ​ខេមរភាសា​ទាក់ទង។ យ៉ាងណា​ក៏ដោយ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា​ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​គណបក្ស​យល់ព្រម​ធ្វើ​ជា​សហស្ថាបនិកឡើង​ដល់​១៣​នាក់​ហើយ។

លោក សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​បាន​បដិសេធ​ចោល​សេចក្តី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក៖ «ខ្ញុំ​យល់​ថា​ទោះបី​ជា​តំណាងរាស្ត្រ​អាមេរិក​និង​ព្រឹទ្ធសភា​ធ្វើ​ច្បាប់​ហ្នឹង​ក៏ដោយ​ក៏​ប៉ុន្តែ​ច្បាប់​នេះ​មិនបាន​ផ្សារភ្ជាប់​នឹង​សភាពការណ៍​ពិត​នៅ​កម្ពុជា​ទេ។ យើង​យល់​ហើយ​វា​ជា​ក្រិតក្រម​ធម្មជាតិ​ប្រទេស​ណា​ដែល​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ប្រទេស​ណា​ដែល​មាន​ការរំលោភ​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរថយក្រោយ​ ប្រទេស​នោះ​មិន​មាន​សុខសន្តិភាព​ពេញ​លេញ​ទេ​ ប្រាកដ​ជាមាន​ការរំជើប​រំជួល​ ប្រាកដ​ជា​មាន​អស្ថិភាព​ក្នុង​សង្គម​ហើយ»។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

យ៉ាង​ណាក៏ដោយឋានៈ​អនុគ្រោះពន្ធ​ទូទៅ​ (GSP) ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នៅ​មិន​ទាន់​មាន​ពន្លឺ​ច្បាស់​នៅ​ឡើយ​តាំងពី​បាន​ផុត​កាលពី​ចុងឆ្នាំ​២០២០​ដោយសារតែ​សភា​អាមេរិកាំង​មិន​ទាន់​អនុញ្ញាត​ព្រោះតែ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ប្រសើរ​ឡើង។ នេះបើតាម​ការបញ្ជាក់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា។

លោក Chad Roedemeier ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា​ទំនាក់ទំនង​ពាណិជ្ជកម្មជាមួយ​សហរដ្ឋ​អាមេរិក​ឈរ​លើ​«ផលប្រយោជន៍​ទៅវិញ​ទៅមក​ តម្លាភាព​ មាន​តុល្យភាព​ និង​ប្រកាន់​ខ្ជាប់​ស្តង់ដា​ខ្ពស់​បំផុត​ក្នុងនោះ​មាន​សិទ្ធិ​ការងារ»។

លោក Chad Roedemeier ​បាន​បន្ថែមថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញា​ចំពោះ​ពលរដ្ឋ​កម្ពុជា​និង​ស្មារតី​របស់​ពួកគេ​ចង់បាន​ប្រទេស​មួយ​ដែល​រុងរឿង​ ប្រជាធិបតេយ្យ​និង​ឯករាជ្យ​ ដែល​សំឡេង​ទាំងអស់​ត្រូវ​បាន​គេស្តាប់​ឮនិង​គោរព ហើយ​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​ត្រូវបាន​ការពារ»។
បើទោះបី​ជា​សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​ដ៏ធំ​របស់​កម្ពុជា​ ប៉ុន្តែ​ចិន​នៅ​តែ​ជា​ប្រភព​វិនិយោគ​ទុន​លេខ​មួយ​របស់​កម្ពុជា​ហើយ​កម្រិត​នៃ​ការវិនិយោគទុន​ពី​ចិន​បាន​កើន​ឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ។ ទុនវិនិយោគ​របស់​ចិន​មាន​រហូតដល់​១៩,៥​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​២០២០។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

​ទិន្នន័យ​ចងក្រង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន​ដែល​ចេញផ្សាយ​នៅដើម​ខែមីនា​នេះ​បាន​បង្ហាញ​ថា​ចិន​គ្រប់គ្រងទឹកប្រាក់​ចំនួន​៥៣,៤%​ នៃ​ទុនវិនិយោគ​ថ្មី​ចំនួន​៤.៣៥០​លានដុល្លារ​ដែល​កម្ពុជា​ទាក់ទាញ​បាន​ក្នុង​ឆ្នាំ​២០២១។ រីឯ ​សហរដ្ឋ​អាមេរិកជាប់​លេខ​២​ដោយ​មាន​ទុនវិនិយោគ​ចំនួន​១៦៣​លាន​ដុល្លារ៕