ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោកនិងវិទ្យាស្ថានបាស្ទ័រកម្ពុជាបញ្ជាក់ម្តងទៀតថា នៅកម្ពុជាពុំមានការឆ្លងជំងឺកូវីដ១៩ (COVID-19) ផ្សេងទៀតទេ ក្រៅតែពីមួយករណីដែលបានរកឃើញកាលពីខែមករាកន្លងទៅ ខណៈពលរដ្ឋខ្មែរមួយចំនួននៅមានមន្ទិលសង្ស័យលើវត្តមាននៃជំងឺនេះនៅកម្ពុជា។
នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃច័ន្ទនេះ តំណាងស្ថាប័នទទួលបន្ទុកផ្នែកសុខាភិបាល និងវេជ្ជសាស្ត្រទាំងបី ដែលមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា អ្នកស្រី Li Ailan និងនាយកវិទ្យាស្ថានបាស្ទ័រកម្ពុជា អ្នកស្រី Laurence Baril បានបញ្ជាក់ថា ពួកគេអនុម័តទៅតាមស្តង់ដាវេជ្ជសាស្ត្រដែលមានគុណភាពទទួលស្គាល់ជាអន្តរជាតិ ហើយបញ្ជាក់ថាគ្មានករណីវិជ្ជមាននៃកូវីដ១៩(COVID-19)ទេ។
នៅក្នុងសន្នីសីទកាសែតនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ឆ្លើយសំណួរភាគច្រើនពីអ្នកកាសែត។ អ្នកស្រីបានបំភ្លឺថា ករណីដួលសន្លំនិងដួលស្លាប់នានា ដែលត្រូវបានគេបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមកន្លងទៅ មិនមែនជាករណីជំងឺកូវីដ១៩ទេ។
អ្នកស្រីបន្តថា អាជ្ញាធរបានធ្វើតាម «នីតិវិធីវេជ្ជសាស្ត្រ» ជួយសង្គ្រោះអ្នកជំងឺដួលសន្លំ និងដួលស្លាប់ ក៏ប៉ុន្តែ អាជ្ញាធរនឹងពុំធ្វើកោសល្យវិច្ឆ័យតេស្តរកវីរុសកូរ៉ូណាថ្មីទេ ប្រសិនបើ អ្នកជំងឺដែលដួលសន្លំ ឬដួលស្លាប់នោះមិនមានប្រវត្តិជំងឺនិងរោគសញ្ញាពាក់ព័ន្ធនឹងជំងឺ COVID-19។
អ្នកស្រីនិយាយថា៖ «អញ្ចឹងការដែលវិនិច្ឆ័យ ទៅលើស្ថានភាពបុគ្គលមួយដែលគាត់មានបញ្ហាសុខភាពនោះ គឺគេគោរពតាមនីតិវិធីវេជ្ជសាស្រ្ត ហើយគួបផ្សំជាមួយនឹងលក្ខណៈនៃស្ថានភាពជំងឺ។
អ្នកស្រីបន្ថែមថា៖«រាល់ករណីទាំងអស់ មិនមែនថាត្រូវតែធ្វើតេស្តទេប្អូន កាលណាធ្វើតេស្ត ខ្ញុំបានបញ្ជាក់ពីខាងដើមហើយ នៅពេលដែលគេធ្វើតេស្ត ល្គឹកណាដែលមានការសង្ស័យច្បាស់ណាស់ ចូលទៅក្នុងនិយមន័យនៃករណីសង្ស័យជំងឺកូវីដ១៩»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថា ក្រសួងបានត្រៀមខ្លួនដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជាយថាហេតុណាមួយដែលអាចកើតមាននៅពេលអនាគត។
លោកនិយាយថា ក្រសួងនឹងសិក្សាបន្ថែមពីបទពិសោធន៍ព្យាបាលរបស់សុខាភិបាលចិន។
លោកបានថ្លែងក្នុងសម្ដីដើមថា៖ «យើងកំពុងខិតខំធ្វើស្រាវជ្រាវ អំពីលក្ខណសម្បត្តិដែលយើងអាច ប្រសិនមាន ជាយថាហេតុយើងអាចប្រើប្រាស់ឱសថ យើងកំពុងសហការជាមួយភាគីចិន ដើម្បីខាងនោះគេមានបទពិសោធន៍ច្រើន ដើម្បីរករូបមន្តព្យាបាល អ្វីដែលមានប្រសិទ្ធិភាពបំផុតដើម្បី យើងធ្វើការងារនេះ»។
លោក ម៉ម ប៊ុនហេង ថានឹងបន្ថែមមន្ទីរពិសោធន៍មួយទៀតនៅក្នុងវិទ្យាស្ថានជាតិសុខភាពសារធារណៈ (NIPH) បន្ថែមលើវិទ្យាស្ថានប៉ាស្ទ័រ។ ក្រសួងត្រៀមមន្ទីរពេទ្យចំនួន១០ តាមតំបន់ជាក់ស្តែង បន្ថែមលើមន្ទីរមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យនៅតាមបណ្តាខេត្តទាំង២៥។ លោកថា អ្នកជំនាញសុខាភិបាលនឹងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលបន្ថែមតាមខេត្តនានា និងបណ្តុះបណ្តាលមន្ត្រីក្រសួងការពារជាតិ និងមហាផ្ទៃអំពីការរាយការណ៍ជំងឺ COVID-19។
លោកបន្ថែមថា៖«យើងមិនមានធនធានសម្បូរដូចគេទេ ប៉ុន្តែយើងមានរបស់របរដែលអាចធ្វើការងារនេះសមស្របបាន ហើយជាពិសេសមន្ត្រីបុគ្គលិកសុខាភិបាលរបស់យើង លោកបានខិតខំណាស់ អស់ពីកម្លាំងកាយចិត្ត ទាំងប្រាជ្ញា ស្មារតី រួមទាំងអ្នកធ្វើការនៅតាមអង្គភាពផ្សេងៗ»។
មកដល់ពេលនេះ វីរុសកូរ៉ូណាថ្មីបានសម្លាប់មនុស្សជាង៣០០០នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន ហើយក្នុងនោះជិត ១៥០នាក់ នៅក្រៅប្រទេសចិន។ មេរោគនេះបានឆ្លងរាលដាលដល់ជាង ៧០ប្រទេស។ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់មានករណីឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេសចិន។
ឯប្រទេសឥណ្ឌូណេស៊ី បានប្រកាសរកឃើញករណីឆ្លងជំងឺ COVID-19 លើកដំបូង នៅថ្ងៃច័ន្ទនេះ ចំនួន២ករណី។ ករណីពីរនេះកើតមានលើជនជាតិឥណ្ឌូណេស៊ី ដែលមានអាយុ ៦៤ឆ្នាំ និង៣២ឆ្នាំ ជាម្តាយនិងកូនមានទំនាក់ទំនងជាមួយជនជាតិជប៉ុនម្នាក់ ដែលគេរកឃើញថា មានជំងឺកូវីដ១៩ (COVID-19) ពេលពួកគេមានការប្រាស្រ័យទាក់ទងគ្នានៅប្រទេសម៉ាឡេស៊ី។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាអ្នកស្រី លី អៃឡាន (Li Ailan) បញ្ជាក់បន្ថែមថា បច្ចុប្បន្នមានប្រទេសជាច្រើនបានរាយការណ៍ជាបន្តបន្ទាប់អំពីការឆ្លងជំងឺកូវីដ១៩ ដែលជាករណីឆ្លងក្នុងស្រុក និងគ្មានប្រវត្តិធ្វើដំណើរផ្ទាល់ពីទីតាំងផ្ទុះវីរុសកូរ៉ូណាថ្មីនោះទេ។ ដូច្នេះអ្នកស្រីថា សារធារណជនត្រូវបង្កើនការយល់ដឹងអំពីជំងឺថ្មីនេះ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគិតថារហូតមកដល់ពេលនេះ យើងមិនបានឃើញមានការផ្ទុះឡើង ធំបំផុត [នៃជំងឺកូវីដ១៩] នោះទេ។ យើងមិនបានឃើញ ការរីករាលដាលតាមសហគមន៍នាពេលបច្ចុប្បន្ននេះទេ។ ប៉ុន្តែទៅថ្ងៃមុខយើង មិនអាចធានាបាន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបណ្តាប្រទេសទាំងអស់ដែលចាំបាច់ត្រូវតែរៀបចំជាមុន នូវលទ្ធភាពនៃការផ្ទុះឡើងនាពេលអនាគត។ ឥឡូវនេះយើងមិនបានមើលឃើញទេ ប៉ុន្តែយើងត្រូវការ ដើម្បីត្រៀមសម្រាប់អនាគត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទបានហៅអ្នកបង្ហោះព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩ ថាជា«ភេវរករ»។ លោក ហ៊ុន សែន និយាយថា៖ «ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត ដែលឥឡូវខ្ញុំ [ព្រះ]ករុណាខ្ញុំ បានដើរនិយាយ ដើរដល់ចំណុចថា អ្នកឯង អ្នកទុច្ចរិត នៅខាងមុខខ្ញុំនឹងចាត់ទុកថាអ្នកឯងជាពួកភេរវករ»។
ស្របពេលប្រជាជនមានមន្ទិលសង្ស័យនិងចោទសួរលើគុណភាពប្រព័ន្ធសុខាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំទៅសារធារណជន និងអ្នកសារព័ត៌មានថាគូររួមគ្នាប្រយុទ្ធជាមួយនឹងជំងឺ កូវីដ១៩ COVID-19 ជាជាងប្រយុទ្ធជាមួយនឹងរូបលោក ឬនឹងក្រសួងសុខាភិបាល៕