ក្រសួង​សុខាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​​​ចាក់​ដូស​បន្ថែម ជា​​ប្រភេទ​វ៉ាក់សាំង​ដូចគ្នា

រូប​ឯកសារ៖ យុវជនម្នាក់កំពុង​ទទួល​ការ​ចាក់វ៉ាក់សាំង Sinovac សម្រាប់​បង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុង​រាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រភេទ​ដូច​គ្នា ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​ដែលតា​ (Delta)។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចុះ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១។

កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ (Sinovac) និង​ស៊ីណូហ្វាម(Sinopharm)​ពីរ​ដូស​រួច​ហើយ អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​អាស្រ្តាហ្សេនីកា (AstraZeneca) ប៉ុន្តែ​ត្រូវ​ធានា​ថាខ្លួន​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​រួច​ហើយ​យ៉ាង​តិច​៦​ខែ។ កម្ពុជា​មិន​មាន​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ក្នុង​ស្តុក​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់និង​ស៊ីណូហ្វាម ដែល​ផលិត​នៅ​ប្រទេស​ចិន កម្ពុជា​មាន​គ្រប់គ្រាន់។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់ រួចហើយ​អាច​ចាក់វ៉ាក់សាំង​ប្រភេទ​ដូច​គ្នា ជា​ដូស​ទី៣​ក៏​បាន ឬ​អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​ផ្សេង​ដូច​ជាអាស្រ្តាហ្សេនីកា ឬ​វ៉ាក់សាំង​ប្រើ​បច្ចេកវិទ្យា​ mRNA គឺ​វ៉ាក់សាំង​ Pfizer ឬ Moderna ។

សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា ឬ​ចនសុន &ចនសុន​ (Johnson &Johnson) រួច​រាល់ហើយ​ពួកគេ​អាច​ចាក់​អាស្រ្តា​ហ្សេនីកា​ឬ​ចន​សុន​&ចន​សុន ឬ​អាច​ចាក់Pfizer ឬModernaជា​ដូស​បន្ថែមក៏​បាន​។

ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​នៃ​ក្រសួង​សុខាភិបាល​នឹង​សិក្សា​បន្ថែម​ទៀត​ថា តើអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​អាស្រ្តា​ហ្សេ​នីកា ឬចុន​សុន&​ចុន​សុន​រួចហើយ ​អាច​ចាក់វ៉ាក់សាំង​ស៊ីណូ​ហ្វាម ឬ​ស៊ីណូ​វ៉ាក់ ឬ​យ៉ាងណា៕