រដ្ឋាភិបាល​ឆ្លើយ​តប​ជា​អវិជ្ជមាន​ចំពោះ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិកអំពីឃាតកម្មលោកកែម ឡី

រូបឯកសារ៖ សាកសពលោកកែម ឡី ត្រូវបាននាំទៅវត្តអារាមមួយ នៅទីក្រុងភ្នំពេញ បន្ទាប់ពីលោកត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

មួយ​ថ្ងៃ​បន្ទាប់​ពី​ស្ថាន​ទូត​អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​សម្លាប់​លោក​កែម ឡី ដែលជាអ្នក​វិភាគ​ដ៏​ល្បីល្បាញម្នាក់​របស់​ប្រទេស​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា​ សារ​របស់​សហរដ្ឋ​អាមេរិក​មាន​ចរឹត​នយោបាយ​និង​មិន​មាន​អ្វី​ត្រូវ​ធ្វើ​តាម​នោះ​ទេ។

អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ចាត់​ទុក​ថា​សារ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក ​គឺ​ជា​សារ​ដែល​«មិន​មាន​ឥទ្ធិពល»។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ ​បាន​អំពាវនាវ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជាថ្មីម្តង​ទៀត​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ធ្វើការ​ស៊ើប​អង្កេត​ពេញ​លេញ​ ប្រកប​ដោយ​តម្លាភាព​ និង​គួរ​ឲ្យ​ទុកចិត្ត​បា​ន» ទៅ​លើ​ការ​ធ្វើ​ឃាត​លើ​លោក ​កែម ឡី។

ស្ថាន​ទូត​ចាត់​ទុក​ថា ការ​ធ្វើ​ឃាត​អ្នក​វិភាគ​នយោបាយ​និង​កិច្ច​អភិវឌ្ឍន៍​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ​គឺ​«ការ​សម្លាប់​ដ៏​កំសាក​ និង​ដោយ​មិន​សម​ហេតុផល»។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជានៅ​ថ្ងៃ​សុក្រនេះ​ បាន​ហៅ​សេចក្តី​អំពាវនាវ​របស់​ស្ថាន​ទូត​អាមេរិក​ថា ​«គឺ​ជា​ការ​បំផុស​បំផុល»។

«គាត់​គ្រាន់​តែ​បង្កើត​សារ​នយោបាយ​មួយ​ទេ​ ដើម្បី​បំផុស​បំផុល​តែ​ប៉ុណ្ណឹង​ ហើយ​មិន​មាន​ន័យ​សម្រាប់​យើង​ឆ្លើយ​ឆ្លង​ជាមួយ​ទូត​ហ្នឹង​ទេ។ ទូត​ហ្នឹង​គាត់​មិនមែន​មាន​ភារកិច្ច​ មក​ធ្វើ​ចៅហ្វាយ​លើ​ស្ថាប័ន​តុលាការ​ ស្ថាប័ន​នីតិ​ប្រតិបតិ្ត​ ឬ​ក៏​រាជ​រដ្ឋាភិបាល»។

ចំណែក​លោក​ជីន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​លើកឡើង​ថា សហរដ្ឋ​អាមេរិក​គួរ​សហការ​ជាមួយ​មន្ត្រី​យុត្តិធម៌​កម្ពុជា។

«បើ​សហរដ្ឋ​អាមេរិក​យល់​ឃើញ​ថា​ ​មិន​ទាន់​សព្វគ្រប់​ទេ​ ដែល​ខ្លួន​ច្បាស់​ជាង​តុលាការ​ទៀត​ ច្បាស់​ជាង​សមត្ថកិច្ច​កម្ពុជា​ទៀត​ សុំ​សហការ។ បើ​មាន​ភស្តុតាង​មូលដ្ឋាន​ សក្ខីកម្ម​ថ្មី​ច្បាស់​លាស់​ដែល​រឹង​មំា​ សុំ​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​បំបែក​សំណុំ​រឿង​នេះ​ ជាជាង​ការ​ ការ​ធ្វើ​ការ​រិះគន់​សន្និដ្ឋាន​អំពាវនាវ​ដោយ​មិន​មាន​មូលដ្ឋាន​អី​ទាំង​អស់​បាទ»។

លោក ជិន ម៉ាលីន បញ្ជាក់​ថា​ តុលាការ​នៅ​បន្ត​ស៊ើប​អង្កេត​អ្នកនៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី នៅ​ឡើយ។

លោក​ឧត្តមសេនីយ៍​ខៀវ សុភគ៌ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏ធ្លាប់​បាន​អះអាង​ដូចគ្នា​នេះ​ដែរ។

លោក​បណ្ឌិត​កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​ដើរ​ចូល​បាញ់​ក្នុង​ម៉ាត​មួយ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ស្តុប​បូកគោ ក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦។​ ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ​និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​ឯករាជ្យចំពោះ​ករណី​ឃាតកម្ម​នេះ។

សេចក្តី​អំពាវនាវ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ នៅ​ចំ​ពេល​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​បុរស​ពីរនាក់​គឺ​លោក ​គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​ដោយ​សារ​ពួក​គេ​បាន​ចូលរួម​រំឭក​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់លោក​កែម ឡី។ បទ​ចោទ​ដែលអាច​ឲ្យ​បុរស​ទាំងពីរនាក់​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦​ខែ​ដល់​២​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួកលោក​មាន​ពិរុទ្ធ​ភាព។​

លោកសួង នាគព័ន្ធ អ្នកគាំទ្រលោកកែម ឡី និយាយពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នៅក្បែរម៉ាតនៃស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

គង់ រ៉ៃយ៉ា​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ ត្រូវបាន​នរគល​បាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (រូបថតផ្តល់ឲ្យដោយលីកាដូ)

បុរស​ជាប់​ចោទ​ទាំងពីរ​រូប​បច្ចុ​ប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស។

អតីត​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​ចាប់​ខ្លួន​ និង​បន្ត​ឃុំ​ខ្លួនបុរសទាំង​ពីរ​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ឲ្យ​ដោះលែង​លោក គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ​ ដោយសារ​អតីត​គណបក្ស​នេះ​យល់​ថា​ បុរស​ទាំង​ពីរ«មិន​បាន​ប្រព្រឹត្ត​បទល្មើស»។

លោក​ ផៃ ស៊ីផាន​ ឆ្លើយ​តប​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​បាត់​ទៅ​ហើយ។​ ដូច្នេះគណបក្ស​នេះ​ក៏មិន​មាន​សិទ្ធិ​ទាមទារ​ដូច្នេះ​ដែរ។​

លោក គង់ រ៉ៃយ៉ា ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពីលោក​ប្រកាស​លក់​អាវ​យឺត​ដែល​មាន​រូប​ថត​លោក​កែម ឡី សម្រាប់​ឧទ្ទិស​ដល់​ខួប​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​រូប​នេះ។ដោយ​ឡែក​លោក​ សួង នាគ​ព័ន្ធ ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​លោក​បាន​ចែក​ខិត​ប័ណ្ណ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់៕