ដី​បឹង​តាមោក​១​៧​ហិកតា​ទៀត​ត្រូវ​កាត់​ចេញ​សម្រាប់​ស្ថាប័ន​រដ្ឋ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម

រូបឯកសារ៖ ទិដ្ឋភាពការចាក់ដីបំពេញបឹងតាមោកខាងជើងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ផ្ទៃ​បឹង​តាមោក​ទំហំ​ ១៧ ​ហិកតា​បន្ថែម​ទៀត ​ត្រូវ​បាន​កាត់​ឲ្យស្ថាប័ន​រដ្ឋ​ចំនួន​ ៣ ដែល​ក្រុម​ឃ្លាំ​មើល​បារម្ភ​ថា​ នឹង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ប្រព័ន្ធ​រំដោះ​ទឹក​ភ្លៀង​ពី​ធម្មជាតិ​ដ៏​សំខាន់​មួយ​នេះ​របស់​រាជ​ធានី​ភ្នំពេញ។

ក្នុង​អនុក្រឹត្យ​ ៣ ​ដាច់​ដោយ​ឡែក ​ដែលចុះ​ហត្ថ​លេខា​នៅ​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ​ដូចៗ​គ្នា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹង​តាមោក ​១០ ​ហិកតា ​ឲ្យ​ទៅក្រសួង​សុខា​ភិបាល ​៤ ហិកតា​ដល់​ក្រសួង​មុខងារ​សាធារណៈ និង ​៣​ ហិកតាទៀត​ដល់​ស្នង​ការ​ដ្ឋាននគរបាលរាជ​ធានីភ្នំពេញ។

អនុក្រឹត្យទាំង ៣ ​ខាង​លើ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​សៀវភៅ​រាជ​កិច្ច ដែល​ចេញ​ផ្សាយកាលពី​សប្ដាហ៍​មុន​។

ការ​កាត់​ច្រៀក​បឹងធម្មជាតិ​របស់​រដ្ឋ​ដែល​មាន​ទំហំ​សរុបជាង ៣.២៣៩ ​ហិកតា នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ការ​បាត់​បង់​បឹង​ធម្មជាតិ​មួយ​នេះ។

មន្ត្រី​នៅ​ស្ថាប័នរដ្ឋ​មួយ​ក្នុង​ចំណោម​ ៣ ​ខាង​លើ​ដែល​ទទួល​បាន​ដី បាន​អះអាង​ពី​ភាព​ចាំបាច់​ក្នុង​ការ​ស្ថាបនាទីតាំង​ថ្មី​របស់​ខ្លួន​នៅ​ផ្ទៃបឹង​នោះ។

លោក​ឧត្ដមសេនីយ៍​ឯក ស ថេត​ ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​វីអូអេ​ថា ​ស្ថាប័ននគរ​បាល​របស់​លោក​ពិតជា​បាន​ទទួល​ទីតាំង​ដី​ ៣ ​ហិកតា​នៅបឹង​តាមោក​មែន តែ​លោក​ថា ទីតាំង​ស្នង​ការដ្ឋាន​សព្វថ្ងៃ​ក្នុង​ខណ្ឌឫស្សី​កែវ​ នឹង​មិន​មាន​ការ​រុះរើ​ទេ។

លោក​បញ្ជាក់​ថា៖ «អត់​រើ​ទេ កន្លែង​នោះ​[នៅ​បឹង​តាមោក]​កន្លែង​គេ​ហាត់ ហ្វឹក​ហាត់ កន្លែង​ជំនាញ​ដាក់​សម្ភារៈ ដាក់​ឡាន​ដាក់​អី្វៗ»។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​ស្នងការដ្ឋាន​បាន​ស្នើ​សុំ​ដី​នោះ​ឬ​យ៉ាង​ណា លោក ស ថេត ឆ្លើយ​ថា៖ «ចុះ​បើ​ចេញ​អាហ្នឹង​ហើយ​នៅ​សួរ​តាម​ណា​ទៀត គេ​ចេញ​បាន​អ៊ីចឹង​ហើយ​ នៅ​ឆ្ងល់​អី​ទៀត ខ្ញុំ​យក​មក​ប្រយោជន៍​រួម​ទេ​តើ ខ្ញុំ​មាន​ទៅ​ធ្វើ​ស្អីខ្លួន​ឯង​!?»។

ត្រឹម​រសៀលថ្ងៃ​សុក្រ​នេះ វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​និង​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ។

គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ ២០២១ ផ្ទៃ​ដី​បឹង​តាមោកប្រមាណ ​៨៥០​ ហិកតា​ហើយ​ត្រូវបាន​ច្រៀក​ចេញ​ឱ្យ​ស្ថាប័នរដ្ឋ​និង​បុគ្គល​ឯកជន។ នេះ​បើ​តាម​ការ​គណនា​បូក​សរុបរបស់​វីអូអេ ដោយ​យោង​តាម​អនុក្រឹត្យ​នានា​ដែល​ចែង​ពី​ការ​កាត់​ផ្ទៃ​បឹង​កន្លង​មក​។

ស្ថាប័ន​រដ្ឋាភិបាល​ដែល​ទទួល​បាន​ចំណែក​ធំ​ជាង​គេ​នៅ​បឹង​តាមោក ​គឺ​ក្រសួងការពារជាតិ ដែល​ទទួល​បាន​ដី​បឹង​ ២៩៨,៥ ​ហិកតា ដើម្បី​សាងសង់​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ។

ចំណែក​បុគ្គល​ឯកជនដែល​ទទួល​បាន​ដីធំ​ជាងគេ​រួម​មាន​ឈ្មោះ អ៊ុយ បូវី និង​ឈ្មោះ គង់ សុធី ដែល​ទទួល​បាន​ដី ​១៩៦,៥ ហិកតា កាត់​ចេញ​ពី​ផ្ទៃ​បឹង​។ បន្ទាប់​ពីនោះ​គេ​ឃើញ​មាន​ក្រុមហ៊ុន Shin Jin Mou​ និង​លោក​ស្រី ស៊ុយ សុផាន ម្ចាស់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច (Phan Imex)​ ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ជម្លោះ​ដី​ធ្លី និងទើប​ទទួល​មរណ​ភាព ទទួល​បាន​ម្នាក់ៗ​ប្រមាណ ​៤៥ ​ហិកតា។​

លោកស្រី ជា សុផាម៉ាដែន​ កូនស្រី​បង្កើត​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ក៏​ទទួល​បាន​ចំណែក​ដី​បឹង ​១០,៥​ ហិកតា​ផង​ដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​នឹង​មិន​លុប​បឹង​តាមោក​ទាំង​ស្រុង​នោះ​ទេ ​គឺ​ទុក​ខ្លះ ​ដើម្បី​រំដោះ​ទឹក​ជំនន់​និង​សំណល់​ទឹក​ស្អុយ​នៅ​រាជធានី។

លោក​បន្ថែម​ថា ​ការណ៍​ដែល​ស្ថាប័ន​រដ្ឋ​ទទួល​នូវ​ចំណែក​ដី​លើ​បឹង​តាមោក​នោះ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​។ ចំពោះបុគ្គល​និង​ក្រុមហ៊ុនឯកជន​ទទួល​បាន​ចំណែក​ដី​លើ​ផ្ទៃ​បឹង​ដែរ​នោះ លោក ផៃ ស៊ីផាន បក​ស្រាយ​ថា៖

«ការណ៍​នេះគេ​ហៅ​ថាការដោះ​ដូរទេ មិន​មែនឱ្យទទេទៅឱ្យនោះ​ទេ។ ការដោះ​ដូរ​ហ្នឹង ​គឺដូរ​នឹង​អ្វី​មួយ ដូរ​នឹង​ថ្លៃ ដូរ​នឹង​អគារ ដូរ​នឹងដី​នៅ​ក្នុង​ទីក្រុង គឺមិន​មែន​កាត់​អាហ្នឹង​ទៅ​ឱ្យ​ឯកជនដោយ​គ្មានការ​ដោះ​ដូរ​ទេ តែ​ប្រហែល​ជា​ការ​ដោះ​ដូរ​មួយ​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​រដ្ឋ»។

ក្នុង​របាយការណ៍​ «បឹង​តាមោក​ឬ​បឹងកប់ស្រូវ៖​ការ​ពិត​និង​តួលេខ» ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ សមាគម​ធាង​ត្នោត​ (STT)​ បាន​រិះគន់​ការ​ពុះច្រៀក​បឹង​ធម្មជាតិ​ក្នុង​រាជធានី​មួយ​នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ផ្ទៃ​បឹង​នេះ។

នៅ​ក្នុង​របាយ​ការណ៍​ដែល​មាន​កម្រាស់ ​៣៩ ​ទំព័រ សមាគម​នេះ​បាន​ស្នើឱ្យ​បញ្ឈប់​គម្រោង​អភិវឌ្ឍ​ទាំងឡាយ​លើ​បឹង​មួយ​នេះ រហូត​ទាល់​តែ​មាន​ការ​សិក្សា​ច្បាស់​លាស់​ទៅ​លើផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​និង​សង្គម។

សមាគម​ធាង​ត្នោត​បន្ថែម​ថា៖ «បឹង​តាមោក​គួរ​ត្រូវបាន​អភិរក្ស​ក្រោម​ច្បាប់និង​បញ្ញត្តិ​ពិសេស​ដែល​ផ្ដល់​នូវការ​ការពារ​យ៉ាង​តឹង​រ៉ឹងពី​ការអភិវឌ្ឍ​និង​ការ​បំផ្លិច​បំផ្លាញ ព្រោះ​ការ​ការពារ​បច្ចុប្បន្ន​ក្រោម​ច្បាប់ ភូមិបាល​នៅ​មិ​ន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​នោះ​ទេ ហើយ​អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ជាតិ»៕