ជនជាតិ​បារាំង​ ប៉ាទ្រិក ដឺវិល័រ​មក​ស្នាក់​នៅ​កម្ពុជា​ក្រោយ​ពី​ផ្តល់​សក្ខីកម្ម​នៅ​ចិន

ទិដ្ឋភាព​ពី​ខាងក្រៅ​គេហដ្ឋាន​របស់​ស្ថាបត្យករបារាំង Patrick Henri Devillers ក្នុង​ក្រុង​ភ្នំពេញ កម្ពុជា ថ្ងៃទី២១ ឧសភា ២០១២។

ដោយ៖ វីអូអេ
ជន​ជាតិ​បារាំង​ម្នាក់​ដែលអាជ្ញា​ធរកម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​រឿងក្តី​សម្លាប់​អ្នក​ជំនួញ​ជាតិ​អង់គ្លេស​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​ប្រពន្ធ​កូន​នៅ​ប្រទេស​កម្ពុជា​វិញ​ហើយ។​
លោក​Patrick Devillers ស្ថាបត្យករ​បារាំង​ត្រូវ​បាន​លោក​ខៀវ​ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​នានា​ថា​បាន​វិល​មកកម្ពុជាវិញ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​បន្ទាប់​ពី​បាន​ផ្តល់​សក្ខីកម្ម​ទាក់​ទងនឹង​រឿង​អាស្រូវ​របស់​លោក​ស្រី​ Gu Kailai។
លោកស្រី Gu​ ដែល​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​លោក​ Devillers ​គឺ​ជា​ភរិយា​អ្នក​នយោបាយ​បាក់​មុខ​ក្នុង​ប្រទេសចិន​ឈ្មោះ​ Bo Xilai ហើយ​តុលាការ​ចិន​បាន​កាត់​ទោស​ប្រហារជីវិតលោក​ស្រីប៉ុន្តែ​ត្រូវ​ព្យួរទោស។
អាជ្ញាធរ​ប៉ូលិស​បញ្ជាក់​ថាលោក​ Devillers ​មិន​មាន​ប្រព្រឹត្ត​កំហុស​ឆ្គង​អ្វី​នៅ​ប្រទេស​កម្ពុជា​ទេ​ហើយ​លោក​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ដោយ​មាន​ភរិយា​ខ្មែរ​ផង​ដូច្នេះ​លោក​មាន​សិទ្ធិ​រស់​នៅ​ធម្មតា​ក្នុង​ប្រទេស​នេះ។​