កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ដើម្បី​រឹតត្បិត​សិទ្ធិ​អ្នក​ប្រើប្រាស់​

រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្នាក់​ជាតិ​ដើម្បី​រឹត​បន្តឹង​កាន់​តែ​ធ្ងន់ធ្ងរ​លើ​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន។​

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ការពារ​ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​និង​ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សិទ្ធិ​មូលដ្ឋាន​របស់​អ្នក​ប្រើប្រាស់។​

សេចក្តី​បំភ្លឺ​មួយ​ចុះ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​កត់​សម្គាល់​ជាមួយ​ការ​ខកចិត្ត​នូវ​ការ​បន្ត​បក​ស្រាយ​ខុស​ជា​ពិសេស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​អំពី​គោល​បំណង​នៃ​ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជាបើ​ទោះ​បី​ជា​មាន​ការ​ពន្យល់​និង​ការ​បំភ្លឺ​ជា​ច្រើន​ដង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ក្តី។​

ក្រសួង​ការ​បរទេស​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ដែល​ថា​ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​និង​តាម​ដាន​រាល់​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់​និង​រឹតបន្តឹង​ការ​ប្រាស្រ័យ​ទាក់ទង​នានា​តាម​ប្រព័ន្ធ​ឌីជីថល​ព្រម​ទាំង​ប្រមូល​រក្សា​ទុក​និង​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​នោះបង្កើត​ហានិភ័យ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។​

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​«ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ»​ក្នុង​គោល​បំណង​សម្រួល​និង​គ្រប់គ្រង​ការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ក៏​ដូច​ជា​លើក​កម្ពស់​ការ​កៀរគរ​ចំណូល​ថវិកាជាតិ​និង​កិច្ចការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​វប្បធម៌​និង​ប្រពៃណី​ជាតិ។​ អនុក្រឹត្យ​ស្តីពី​«ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ»​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែ​កុម្ភៈ​នេះ។​

ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ដែល​នឹង​ធ្វើ​ឲ្យ​ចរាចរណ៍​វេបសាយ​ទាំង​អស់​ឆ្លង​កាត់​ច្រក​ចូល​តែ​មួយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ការ​បិទ​គេហ​ទំព័រ​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។​

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្លាប់​បាន​ព្រមាន​ថា​ការ​បង្កើត​នេះ​នឹង​មាន​ឥទ្ធិពល​«ធ្ងន់​ធ្ងរ»​ទៅ​លើ​សិទ្ធិ​ឯកជន​និង​សេរី​ភាព​បញ្ចេញ​មតិ​បន្ថែម​លើ​ការ​បង្រ្កាប​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា បើ​ទោះ​បី​ជា​មាន​ការ​បដិសេធ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ដោយ​ អ្នក​ជំនាញ​អង្គការ​អន្តរជាតិ​និង​អង្គទូត​មួយ​ចំនួន​នៅ​តែ​បន្ត​រក្សា​ជំហរ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថាអនុក្រឹត្យ​នេះ​នឹង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​អ្នក​ប្រើប្រាស់។​លោក​បន្ថែម​ថា​នៅ​ពេល​មិន​ទាន់​មាន​អនុក្រឹត្យ​ស្តីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​ឬ​អង្គភាព​មួយ​ចំនួន​រួច​ទៅ​ហើយ​ដើម្បី​ឃ្លាំ​មើល​ប្រព័ន្ធ​បណ្តាញ​សង្គម​ឬ​អ៊ីនធឺណិត​ខណៈ​គេ​ឃើញ​មនុស្ស​មួយ​ចំនួន​ត្រូវ​រង​ការ​ព្រមាន​ឬ​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​រិះគន់​ឬ​ចែក​ចាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម។​

លោក​ថ្លែង​ថា៖​«អ៊ីចឹង​ចំណុច​ទាំងអស់​នេះនៅ​ពេល​ដែល​អនុក្រឹត្យ​នេះ​ដាក់​ឲ្យ​អនុវត្ត​គឺ​វា​បន្ថែម​ទម្ងន់​បន្ថែម​ទៀត​សម្រាប់​ការ​ត្រួត​ពិនិត្យ​និង​ការ​ឃ្លាំមើល​ទៅ​លើ​អ្នក​ប្រើប្រាស់​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ​ក៏​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្នឹង​កាន់​តែ​តឹង​រ៉ឹង​ថែម​ទៀត»។​

អ្នក​ប្រឹក្សា​ឯករាជ្យ​លើ​កិច្ចការ​សន្ដិសុខ​ប្រព័ន្ធ​ឌីជីថល​លោក​ង៉ែត ម៉ូសេ​ឲ្យ​ដឹង​ថា​បើ​ទោះ​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ត្រូវ​បាន​ដាក់​ចេញ​រួច​រាល់​ហើយ​ក៏​ដោយ​ លោក​នៅ​តែ​មាន​មន្ទិល​ពាក់ព័ន្ធ​នឹង​ធនធាន​មនុស្ស​និង​ឧបករណ៍​សម្រាប់​ក្រុម​ប្រតិបត្តិករ​ក្នុង​ផ្នែក​នេះ។​លោក​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ជ្រើស​រើស​បុគ្គល​សម្រាប់​ក្រុម​ការងារ​របស់​ប្រតិបត្តិករ​ដែល​បុគ្គល​នោះ​ត្រូវ​តែ​មិន​ទទួល​រង​ឥទ្ធិពល​ពី​ជន​មាន​អំណាច​ឬ​អ្នក​នយោបាយ។​

លោក​ថ្លែង​ថា៖​«តើ​ក្រុម​ការងារ​NIG​(ច្រក​អ៊ីនធឺណិត​ជាតិ)​ការ​Select (ជ្រើសរើស)​មនុស្ស​ដែល​ចូល​មក​ក្រុម​ហ្នឹង ក្រៅ​ពី​បទ​ពិសោធន៍​ចំណេះ​ជំនាញ​ពួក​គាត់​ដែល​មាន​ហ្នឹង​ថាតើ​មាន​ភាសា​ណា​ជ្រើស​រើស​គាត់​ដែល​ធ្វើ​ឲ្យ​ជា​ក្រុម​ដែល​ឯករាជ្យ​អត់ ដែល​មិន​មាន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​ពី​អ្នក​នយោបាយ​ពី​ក្រុម​អ្នក​មាន​អំណាច​ណា​មក​បញ្ជា​គាត់​ឲ្យ​គាត់​ធ្វើ​អី​ផ្សេង​ដែល​ខុស​ពី​តួនាទី​ដែល​គាត់​បាន​ចែង​ហ្នឹង​អ៊ីចឹង​ណា៎»។

ចាប់​តាំង​ពី​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​នេះ​មក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ អង្គការ​គាំពារ​ផ្នែក​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​អ្នក​តាម​ដាន​សង្គម​និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បង្ហាញ​មន្ទិល​និង​ក្តី​កង្វល់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​និង​វិសាលភាព​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ។​

ទោះ​ជាយ៉ាង​ណា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់​ថា​មិនមាន​បទប្បញ្ញត្តិ​ណា​មួយ​ក្នុង​អនុក្រឹត្យ​នេះ​ចែង​អំពី​ការ​ចាប់​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​និង​ការ​រឹតត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ឡើយ៕