ក្រសួង​ធនធាន​ទឹក៖ កម្ពុជា​អាច​រង​ឥទ្ធិពល​កាំ​រស្មី​ព្រះ​អាទិត្យ ​UV ​ដែល​ត្រូវ​ការ​ពារ​ភ្នែក និង​ស្បែក

បុរស​ម្នាក់​ឈរ​ក្រោម​ឆត្រ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២១ ខណៈ​កម្ពុជា​អាច​រង​ឥទ្ធិពល​កាំ​រស្មី​ព្រះអាទិត្យUVកម្រិត​ខ្ពស់​ខ្លាំង ដែល​អាច​ប៉ះពាល់​ភ្នែក និង​ស្បែក។ (រូបថត​ផ្តល់​ដោយ​លោក ព្រីង សំរាំង)

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​កម្ពុជា​អាច​រង​ឥទ្ធិពល​កាំ​រស្មី​ព្រះ​អាទិត្យ​UV​កម្រិត​ខ្ពស់​ខ្លាំង ដែល​អាច​ប៉ះ​ពាល់​ភ្នែក និង​ស្បែក ប្រសិន​បើ​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ​ក្នុង​ពេល​ក្តៅ​ខ្លាំង។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឲ្យ​ដឹង​ថា​ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​ឧតុ​និយម​ពិភព​លោក(WMO)​បាន​បង្ហាញ​ថា​នៅ​តំបន់​ឥណ្ឌូចិន ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា នឹង​ទទួលរង​នូវឥទ្ធិពល​កាំ​រស្មី​ព្រះ​អាទិត្យ​UV ​ដែល​មាន​សន្ទទស្សន៍​កើនឡើង​ដល់​កម្រិត​១០ ដែល​ជា​កម្រិត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ចន្លោះ​ម៉ោង១០​ព្រឹក​ដល់​ម៉ោង​២​រសៀល​។

ក្រសួង​ធន​ធាន​ទឹក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​៖ «ការ​កើន​ឡើង​នៃ​សន្ទស្សន៍​កាំរស្មី​ព្រះអាទិត្យ​UVនេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ និ​ងប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​សត្វ និង​រុក្ខ​ជាតិ»។

ក្រសួង​បាន​អំពាវ​នាវ​ដល់​សាធារណ​ជន​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុ​ភូត​ខាង​លើ​នេះ។ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​មនុស្ស​អាច​រង​ផល​ប៉ះ​ពាល់​យ៉ាង​ដូច​ម្តេច និង​គួរ​មាន​ការ​ពារ​បែប​ណា​ទេ​ ដោយក្រសួង​គ្រាន់តែ​បញ្ជាក់ថា​ប្រសិន​បើ​នៅ​ខាង​ក្រៅ​ស្វែង​រក​ម្លប់​ជ្រក ស្លៀក​សម្លៀក​បំពាក់​វែង ពាក់​ស្រោម​ដៃ​ការ​ពារ​កម្តៅ​ថ្ងៃ ពាក់​មួក​ដែល​មាន​ហាម​ធំ និង​ពាក់វ៉ែ​ន​តា​ការពារ​កាំ​រស្មី​UV។ ប្រជា​ពលរដ្ឋ​ក៏​គួរ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​រៀង​រាល់ មួយ​ម៉ោង​កន្លះ​ម្តង សូម្បី​តែ​ពេល​មាន​ពពក និង​ក្រោយ​ពេល​ហែល​ទឹក ឬ​បែកញើស។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ឯកសារ​ដែល​ផ្តល់​ដោយ​ក្រសួង​បរិស្ថាន​ស្តី​ពី​សន្ទ​ស្សន៍​កាំ​រស្មី​ពណ៌​ស្វាយ​(UV)​ពី​ព្រះអាទិត្យ​ដែល​មាន ឬ​មិន​មាន​គ្រោះ​ថ្នាក់ បង្ហាញ​ថា​សន្ទ​ស្សន៍​កាំ​រស្មី​បែង​ចែកជា​៥​កម្រិត គឺ​កម្រិត​ទាប មធ្យម ខ្ពស់ ខ្ពស់​ខ្លាំង និង​ខ្ពស់​ខ្លាំងបផុត​។ កម្រិត​ទាប​មាន​សន្ទ​ស្សន៍​កាំ​រស្មី​UV​ពី​០​ទៅ​២ ដែល​មាន​គ្រោះ​ថ្នាក់​ទាប​សម្រាប់​មនុស្សទូ​ទៅ។ កម្រិត​ទាប​នេះ ប្រជា​ពលរដ្ឋ​គួរ​ពាក់​ពាក់​វ៉ែន​តា​ការ​ពារ​ពន្លឺ​ព្រះអាទិត្យ។ កម្រិតមធ្យម សន្ទស្សន៍​កាំ​រស្មី​UV​ពី​៣​ទៅ​៥​ដែល​មាន​ហានិ​ភ័យកម្រិត​មធ្យម។

ចំណែក​កម្រិត​ខ្ពស់​ខ្លាំង​មាន​សន្ទស្សន៍​កាំ​រស្មី​UV​ពី​៨​ទៅ​១០ ដែល​មាន​ហានិភ័យ​ខ្ពស់​ពេល​ដែល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​យូរ។ ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ការ​ពារ​បន្ថែម​ចំពោះ​ស្បែក​និង​ភ្នែក។ ប្រជា​ពលរដ្ឋ​ក៏​ត្រូវ​កាត់​បន្ថយ​ពេល​វេលា​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​៤រសៀល។

ប្រសិន​បើ​នៅ​ខាង​ក្រៅ​ស្វែង​រក​ម្លប់​ជ្រក ស្លៀក​សម្លៀក​បំពាក់​វែង ពាក់​ស្រោម​ដៃ​ការ​ពារ​កម្តៅ​ថ្ងៃ ពាក់​មួក​ដែល​មាន​ហាម​ធំ និង​ពាក់វ៉ែ​ន​តា​ការពារ​កាំ​រស្មី​UV។ ប្រជា​ពលរដ្ឋ​ក៏​គួរ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​រៀង​រាល់ មួយ​ម៉ោង​កន្លះ​ម្តង សូម្បី​តែ​ពេល​មាន​ពពក និង​ក្រោយ​ពេល​ហែល​ទឹក ឬ​បែកញើស។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ផ្តល់​ដោយ​ក្រសួង​បរិស្ថាន៕