កម្ពុជា​មិន​ទាន់​ប៉ះពាល់​សន្តិសុខ​ស្បៀង តែ​អ្នកជំនាញ​ស្នើ​ឲ្យ​បន្ថយ​ពឹង​ផលិតផល​កសិកម្ម​ប្រទេស​ជិតខាង

រូបឯកសារ៖ អាជីវករ កំពុងលក់បន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ២០១៩។ (កាន់ វិច្ឆិកា/VOA)

តម្លៃ​អង្ករ​កើន​ឡើង​ខ្លះ​ ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ទិញ​អាហារស្តុក​ទុក​ និង​​ដោយ​​បរិមាណ​នៃ​ការបញ្ជា​ទិញ​សម្រាប់​លក់​ទៅ​បរទេស​នៅ​មាន​ដដែល​ ហើយ​សឹង​តែ​កើន​ឡើង​ច្រើន​ជាង​មុន​ផង​ដែរ។

ជំងឺ​កូវីដ​១៩​ មិនទាន់​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នៅឡើយ​ទេ​ ប៉ុន្តែ​វា​បាន​ក្លាយ​ជាជួង​ដាស់តឿនដល់ប្រទេស​នេះ ឲ្យគិតគូ​ដល់​ការកែច្នៃ​អាហារ​ និង​ពង្រឹង​ការដាំដុះ​ដំណាំ​កសិកម្ម​មួយ​ចំនួន​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក ​ដោយ​មិនត្រូវ​ពឹងផ្អែក​ខ្លាំង ​លើ​ប្រទេស​ជិត​ខាង​ដូច​មុន​ទៀត​ឡើយ។ នេះ​បើ​តាម​ការលើកឡើង​របស់​អ្នកជំនាញ។

ដោយសារតែ​វិបត្តិ​សុខភាពដែល​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណា ​ប្រទេស​ជិតខាង​កម្ពុជា​ បាន​បិទ​ច្រក​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ​ដោយសារនៅ​ប្រទេស​ថៃ​ និង​វៀតណាម​ បាន​ឈាន​ដល់​ការចម្លង​កម្រិត​សហគមន៍។ ការណ៍​នោះ​ បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ខ្លះៗ ​ក្នុង​ចំណោម​មហាជន​ខ្មែរ ​ដែល​ទទួលទាន​ផលិតផល​កសិកម្ម​នាំចូល​ដែល​មាន​ដូចជា​បន្លែ​និង​ផ្លែឈើ​ជាដើម។ ប៉ុន្តែ​ការព្រួយ​បារម្ភ​នោះ​ ត្រូវ​បាន​រលាយ​បាត់វិញ​ដោយសារ​តែ​ការព្រមព្រៀង​ដោះដូរ​ទំនិញ​នៅ​តាម​ច្រក​ព្រំដែន​នៅ​បើក​ដំណើរការ​ដដែល។

លោក​ កាន់ បុញ្ញរិទ្ធ ​អ្នកតំណាង​អង្គការ​អ្នកស្ម័គ្រចិត្ត​នៅ​បរទេស​ប្រចាំ​នៅ​កម្ពុជា​ឬ​វីអេសអូ​កម្ពុជា​និង​ជាទីប្រឹក្សា​គម្រោង​ការលើក​កម្ពស់​ជីវភាព​ជនបទ​បាន​ពន្យល់​ប្រាប់​វីអូអេ​ថា៖

«បន្លែ​បើ​និយាយ​ពី​ស្ថានភាព​ផលិត​វិញ​គឺ​នៅ​មាន​ស្ថានភាព​ដដែល​ប៉ុន្តែ​ទាក់ទង​មួយ​គ្រា​មាន​កូវីដ​គឺ​វា​មាន​ការបិទផ្លូវ​បិទ​អី​ទៅ​វា​ប៉ះពាល់​ដល់​ថ្លៃ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ការជ្រួល​ច្របល់​ដោយ​ការលក់​អនឡាញ​កាន់តែ​ច្រើន​ប៉ុន្តែ​ទាក់ទង​នឹង​គុណភាព​វា​អត់មានអ្នក​ធានា​បាន​នូវ​គុណភាព»។

លោកកាន់ ​បុញ្ញរិទ្ធបានបន្ត​ថា​ផលិតផល​ស្រូវ​អង្ករ​មិន​ប៉ះពាល់​ទេ​៖​«ពីព្រោះ​កូវីដ​កើត​ឡើង​ចំ​ពេល​ដែល​កសិករ​ប្រមូលផល​រួច​ហើយ ​អីចឹង​គាត់​មាន​អាហារ​របស់​គាត់​បម្រុង​ទុក​មួយ​ល្មម​ដល់​ពេល​អីចឹង​ទៅ​វា​អត់​ប៉ះពាល់​អី​ច្រើន​ទេ»។​

តម្លៃ​អង្ករ​កើន​ឡើង​ខ្លះ​ ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ទិញ​អាហារស្តុក​ទុក​ និងដោយបរិមាណ​នៃ​ការបញ្ជា​ទិញ​សម្រាប់​លក់​ទៅ​បរទេស​នៅ​មាន​ដដែល​ ហើយ​សឹង​តែ​កើន​ឡើង​ច្រើន​ជាង​មុន​ផង​ដែរ។

រូបឯកសារ៖ កសិករ​ម្នាក់ ​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP)

ផលិតផល​ស្រូវ ​គឺ​មាន​ទំហំ​ពាក់​កណ្តាល​នៃ​ផលិតផល​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​ដែល​អាច​បំពេញ​តម្រូវការ​ក្នុង​ស្រុក​និង​សល់​នាំ​ចេញ។ ក្នុង​ឆ្នាំ២០១៩​កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន​ ៦២០.០០០​តោន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណោមប្រទេស​ធំៗ​១០​ដែល​នាំ​អង្ករ​ចេញ​ច្រើន​លើ​ពិភពលោក។ ប៉ុន្តែ​ដំណាំ​ផ្លែ​ឈើ​និង​បន្លែ​ក្នុង​ប្រទេស​អាច​បំពេញ​តម្រូវការ​បាន​តែ​៧០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនោះ​ត្រូវ​នាំចូល​ពី​ក្រៅ​ប្រទេស​ជាពិសេស​ពីប្រទេស​ថៃនិងវៀតណាម។ នេះ​បើ​តាម​តួលេខ​ចង​ក្រង​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជា។

ក្រុមអ្នកជំនាញឲ្យដឹង​ថា​ កម្ពុជា​នាំ​បន្លែ​ចូល​ចំនួន​ចន្លោះ​ពី​២០០​ ទៅ៤០០​តោន​ក្នុង​មួយ​ថ្ងៃៗ។

លោកបណ្ឌិត​ យ៉ង សាំងកុមារ​ អ្នកជំនាញ​ខាង​កសិកម្ម​និង​ជា​ប្រធាន​គណៈកម្មា​ធិការនាយកនៃគណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​មើលឃើញថា​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ១៩​បាន​ផ្តល់​ជាឱកាស​ល្អ​សម្រាប់​កសិករ​ទៅវិញ​ដោយសារតែ​តម្រូវការ​ស្បៀង​អាហារ​កើនឡើង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដូច្នេះ​ការនាំចេញ​កើន​ឡើង​រីឯ​តម្លៃ​ក៏កើន​ឡើង​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​វា​ក៏ជា​ឱកាស​សម្រាប់​កម្ពុជា​ងាកមក​មើល​ការបំពេញ​តម្រូវការ​ផលិតផល​កសិកម្ម​ក្នុង​ស្រុកនិង​ពង្រឹង​ឧស្សាហកម្មកែច្នៃ​ផលិតផល​មួយចំនួន​ដែលប៉ះពាល់ក្នុងនោះមាន​ដូចជា​ស្វាយចន្ទី​និង​ដំឡូងមី​ជាដើម។

លោក​ យ៉ង សាំងកុមារ ​បាន​បន្ថែម​ថា៖

«វា​ជា​មេរៀន​មួយ​សំខាន់​សម្រាប់​កម្ពុជា​យើង​គឺ​គិតគូរ​ការពង្រឹង​ការផលិត​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវការ​ប្រជាជន​ក្នុង​ស្រុក​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក៏​វា​ទាក់ទង​សេដ្ឋកិច្ច​និង​ការងារ​ដែរ​។ អីចឹង​វាជា​ឱកាស​វិញ​ទេ»។

ផលិតផល​កសិកម្ម​មាន​ទំហំ​២២ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ កសិករ​កម្ពុជា​មាន​ជាង៣​លាន​គ្រួសារ​ដោយ​ក្នុង​នោះ​មាន​ជាង​២លាន​គ្រួសារ​មិនពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំងស្រុង​ទេ។ ពួកគេ​អាស្រ័យ​លើ​ចំណូល​ដែល​បាន​មក​ពី​សមាជិក​ក្រុមគ្រួសារ​ដែល​ធ្វើការ​តាម​រោងចក្រ​នានា​ក្នុង​ប្រទេស​និង​អ្នកខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ជិត​ខាង​ជាពិសេស​ប្រទេស​ថៃ។​

ការណ៍​នេះ​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ចំណូល​របស់​ក្រុមគ្រួសារ​ដែល​ធ្លាប់តែ​បាន​មក​ពី​កូន​ដែល​ធ្វើការ​នៅ​រោងចក្រ​និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ពួកគេ​ខ្លះ​បាត់បង់​ចំណូល​ដោយសារ​តែ​រោងចក្រ​មួយ​ចំនួន​បាន​ព្យួរ​សកម្មភាព​និង​ប៉ះពាល់​ដល់​កម្មករ​ជិត​២០​ម៉ឺននាក់។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ​មាន​ពលករ​យ៉ាង​ហោចណាស់​១០​ម៉ឺន​នាក់​បាន​វិលត្រឡប់​មក​ប្រទេស​វិញ​ដោយសារតែ​ភ័យខ្លាច​ជំងឺ​កូវីដ១៩​និង​សកម្មភាព​ការងារ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​ត្រូវ​ផ្អាក​ដោយសារ​តែ​វិបត្តិ​សុខភាព​នេះ​ផង​ដែរ។

លោក យ៉ង សាំងកុមារ​ បាន​បញ្ជាក់​បន្ថែមថា ​កសិករ​ទាំងនេះ​ប្រឈម​នឹងភាពមិនច្បាស់លាស់​លើ​ផ្នែកសង្វាក់​ផលិតកម្ម​ក្នុង​ពេល​ខាងមុខ៖

«ទាំងនេះ​ក៏ជា​បញ្ហា​ប្រឈម​ដែរ​ពីព្រោះ​គាត់​ត្រូវការ​ទុន​ដើម្បី​ដាំដុះ​ទៅមុខ​ទៀត​ប៉ុន្តែ​យើង​កំពុងតែ​តាមដាន​មើល​ថា​ស្ថានភាព​យ៉ាងម៉េច​ពីព្រោះ​វាទាមទារ​ឲ្យមានការតាមដាន​សិក្សា​មើល​ការប្រឈម​របស់​គាត់​ប៉ុណ្ណា។ ជារួម​គឺ​បញ្ហា​នេះ​វាធ្ងន់ធ្ងរ​សម្រាប់​ពួកគាត់​ជាពិសេស​អ្នក​ដែល​ប្រាក់ចំណូល​របស់​គាត់​អាស្រ័យ​លើ​ក្រៅពី​ការងារ​កសិកម្ម»។​

រូបឯកសារ៖ ដំណាំបន្លែរបស់កសិករនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

លោក​ យ៉ង សាំង​កុមារ​ បញ្ជាក់​ថា​កសិករទាំងនេះត្រូវប្រឈមនឹង​ការបង់រំលោះប្រាក់កម្ចីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផងដែរ​ដែល​ចាំបាច់​ត្រូវតែ​មាន​ការគាំទ្រ​បន្ថែម៖

«អីចឹង​បានជា​យើង​ទាមទារ​ឲ្យ​មាន​វិធានការ​គាំទ្រ​ដល់​ពួកគាត់​គឺ​ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​មាន​ឱកាស​រក​ប្រាក់​ចំណូល​ឡើងវិញ។ ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​មានភាព​ធូរស្រាល​ក្នុងការបង់​រំលោះ​ធនាគារ​ជាដើម»។​

កត្តា​ទាំងនេះ​ អាច​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ពេល​អនាគត​ផង​ដែរ។

លោក ថេង សាវឿន ​ប្រធាន​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​បញ្ជាក់​ថា៖

«កសិករ​នឹង​ប្រថុយ​ដាក់​លក់​ឬ​បញ្ចាំ​ទ្រព្យ​សម្បតិ្ត​គាត់​ផ្សេងៗ​ដើម្បី​ធ្វើការ​សង​ត្រឡប់​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឬ​ធនាគារ​ឯកជន​ហ្នឹង​។ នេះ​ជា​ចំណុច​មួយ​ព្រួយ​បារម្ភ​ហើយ​ខ្ញុំ​គិត​ថា​ការលើក​កម្ពស់​ឬ​កាត់បន្ថយ​ភាពក្រីក្រ​អាច​ប្រឈម​ខ្លាំង​ហើយ​ជាពិសេស​គឺ​កត្តា​សេដ្ឋកិច្ច​និង​ជីវភាព​ពួកគាត់​ប្រចាំថ្ងៃ​ប្រឈម​ខ្លាំង​មែនទែន។ នេះ​ជា​ហេតុ​សំខាន់។​ យើង​អាច​និយាយ​បាន​ដែរ​ថា​អ្នក​ដែល​ប្រឈម​នឹង​កង្វះខាត​ស្បៀង​កាន់តែ​ប្រឈមមុខ​ជាង​គេ​ជាង​ឯង​ដែល​គាត់​ពិបាក​ក្នុង​ការរកចំណូល​ហើយ​ផលិតកម្ម​ទីផ្សារ​របស់​ពួកគាត់​ មួយ​ចំនួន​មាន​ដី​មាន​ស្រែ​អាច​ផលិត​បាន​សម្រាប់​ហូប​ជា​លក្ខណៈ​គ្រួសារ​បាន​ខ្លះៗ​ដែរ»។

តាម​ការសិក្សា​របស់​អង្គការ​វីអេសអូ​កម្ពុជា​ ដែល​បាន​ស្ទាបស្ទង់​មតិ​ខ្នាត​តូច​លើ​ក្រុម​កសិករ​ចំនួន​៣៨២​នាក់​បានឲ្យ​ដឹង​ថា​ កសិករ​ចំនួន​២៩៦​នាក់​មិន​ប៉ះពាល់​លើ​ការងារ​កសិកម្ម​ទេ ហើយ​ពួកគេ​អាច​ដំណើរការ​ពេញលេញ​ឡើង​វិញ​បាន​ក្នុង​រយៈពេល​៣ខែ​ខាងមុខ។ ដោយឡែក​កសិករ​៤០​នាក់​បាន​បញ្ជាក់​ថា​ពួកគេ​បើកបានខ្លះ​ដោយ​ជំនួយ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​មាន​កសិករ​៥​នាក់​បាន​ក្ស័យទុន។

លោក ​កាន់ បុញ្ញរិទ្ធ​ នៃអង្គការ​វីអេសអូ​កម្ពុជា​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា៖

«រឿងកូវីដ​១៩​នេះ​យើង​កំពុងសិក្សា​មើល​ថា​ផលប៉ះពាល់​វា​មាន​អីគេ។ រឿង​លក់​ផលិតផល​មិនមែន​ជា​បញ្ហា​ទេ​ប៉ុន្តែ​រឿងសំខាន់គឺ​ការផ្សារភ្ជាប់​ធាតុ​ចូល​កសិកម្ម​មួយចំនួន​ដែលធាតុ​ចូល​កសិកម្ម​មួយ​ចំនួន​ហ្នឹង​វាធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ។ ឧទាហរណ៍​ធាតុចូលកសិកម្ម​មួយ​ចំនួន​ដូចជាជី​ដែល​ផលិត​នៅ​ក្រៅប្រទេស​វាធ្វើ​ឲ្យ​ថ្លៃជាងមុន​ទៅ​វាអាច​ប៉ះពាល់​ដល់​ផលិតផល​របស់​កសិករ​ផងដែរ។ បើសិនជា​យើង​មាន​ផលិតផល​ក្នុងស្រុក​គឺវា​អាច​ជួយ​បាន​ច្រើន»។

អង្គការ​វីអេសអូ​កម្ពុជា​ ធ្វើការ​នៅ​ខេត្ត​បាត់ដំបង ​កំពង់ឆ្នាំង​និង​កំពង់ធំ​ជាមួយ​នឹង​កសិករ​ប្រហែល​៩.០០០​នាក់​ តាំងពី​ឆ្នាំ​២០១៤​ ហើយ​យល់ថា​ក្រៅពី​ការពង្រឹង​ផលិតផល​ក្នុង​ស្រុក​ការពង្រឹង​ការភ្ជាប់​ទំនាក់​ទំនង​រវាង​កសិករ​ជាមួយ​នឹង​ម្ចាស់​រោងម៉ាស៊ីនកិន​ស្រូវ​នានា​និង​ឈ្មួញ​កណ្តាល​ក៏​អាច​ជួយ​ពង្រឹង​ស្មារតី​កសិករ​ផងដែរ​ជាពិសេស​នៅពេល​ដែល​មាន​វិបត្តិ​សុខភាព​ដូចនេះ​ដែល​ធ្វើឲ្យ​លំហូរ​ព័ត៌មាន​ត្រូ​វកកស្ទះ​នៅ​កន្លែង​ខ្លះ។​ អង្គការ​អ្នកស្ម័គ្រចិត្ត​នេះ​មើល​ឃើញ​ថា​ ការខ្វះចន្លោះ​ព័ត៌មាន​រវាង​កសិករ​និង​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ បាន​ធ្វើ​ឲ្យកសិករ​បែរ​ជា​មាន​អារម្មណ៍​មិនច្បាស់លាស់​ពី​ទីផ្សារ​ផលិត​ផល​របស់​ពួកគេ ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​ងាយរងគ្រោះ​នឹង​ការទម្លាក់​តម្លៃ។

លោក កាន់ បុញ្ញរិទ្ធិ​បាន​បន្ថែម​ថា​៖

«បើនិយាយ​ជារួម​ទៅ​ឥឡូវនេះ​យើង​កំពុង​ជួយ​ផ្នែកស្រូវ​ដែល​យើង​កំពុងផ្សារ​ភ្ជាប់​ទីផ្សារ​ហើយ​នឹង​កំពុង​ពង្រឹង​ក្រុម​របស់​គាត់​ដោយ​ធ្វើម៉េច​ឲ្យ​គាត់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ថា​ស្រូវ​របស់​គាត់​ផលិត​គឺ​អត់​បញ្ហា​អ្វីទេ​គឺ​រោងម៉ាស៊ីន​កិនស្រូវ​គេចាំ​ទទួលយក​ព្រោះ​ដោយសារ​មាន​ការកុម្មង់​ទិញ​ច្រើន»។​

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​រូបភាព​ដ៏ល្អ​ពីស្នាដៃ​និង​សមិទ្ធិផល​ដែល​កើតមាន​ឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន។

លោក អ៊ុក សំណាង​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ក្តី​កង្វល់​នានា​ដែល​ក្រុមអ្នកជំនាញ​ឬ​បណ្តាញ​សារព័ត៌មាន​បាន​លើកឡើង​គឺ​ខុសពី​ស្ថានភាព​ជាក់ស្តែង។

លោក អ៊ុកសំណាង​បានបន្ថែម​ថា៖«កន្លងមកនេះ​យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​ខ្វះកម្លាំង​ពលកម្ម​ កសិកម្ម​នឹង​ធ្លាក់ចុះ​ប៉ុន្តែ​ជាក់ស្តែង​អត់ទេ។ ជាក់ស្តែង​ទោះបី​កម្លាំង​ពលកម្ម​ពេញ​វ័យ​ត្រូវ​បាន​មក​បម្រើការ​នៅរោងចក្រ​ហើយ​នៅសល់​ឪពុកម្តាយ​ជាអ្នកដំណើរការ​ផលិតកម្ម​ប៉ុន្តែ​វាត្រូវ​បាន​យន្តូបនីយកម្ម​ដើរ​ជំនួស​ ទាំង​ការភ្ជួររាស់​ទាំង​ការដឹកជញ្ជូន​។ អីចឹង​នៅ​សល់​ភារកិច្ច​គាត់តែ​មួយ​ទេ​គឺកត់​ភ្នែក​ជញ្ជីង​ថ្លឹង​ស្រូវ​ហើយ​នឹង​គិតលុយ»។

រីឯ​លោករស់ ផារិទ្ធ ​អភិបាលរង​ខេត្តស្វាយរៀង​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ទៀត​ដែល​បាន​រៀបចំ​ឡើង​នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅថ្ងៃទី៦​ខែកក្កដា​ថា​វិធី​បង្កបង្កើន​ផល​កសិកម្ម​បច្ចុប្បន្ន​ខុសពី​ក្នុងពេល​អតីតកាល​ដោយសារតែ​ការប្រើប្រាស់​គ្រឿងយន្ត៖

«យើង​ពិនិត្យ​មើល​នៅ​តាម​ផ្ទះមិនមាន​មនុស្ស​នៅច្រើន​ទេ​ប្រចាំថ្ងៃ ​មានតែ​យាយតា​ឬក៏​ឪពុក​ម្តាយ​ពីរនាក់​និង​ក្មេងៗ​តែប៉ុណ្ណោះ​ទេ​។ សួរថា​កម្លាំង​ពលកម្ម​ទៅណា? កម្លាំង​ពលកម្ម​គេទៅ​ធ្វើការ​តាម​រោងចក្រ​តំបន់​សហគ្រាស​នានា​ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​បងប្អូន។ នេះ​បញ្ជាក់ថា​មានការរីកចម្រើន​គួរ​ឲ្យកត់សម្គាល់។ ហើយ​សួរថា​បើអត់​កម្លាំង​ពលកម្ម ​មានតែ​ចាស់ៗ​ហេតុអ្វី​ក៏​អាច​ធ្វើ​ស្រែបាន? ស្រែផ្ទៃដី​ប៉ុណ្ណា​គឺធ្វើបាន​ប៉ុណ្ណឹង​ហើយលើស​ផែនការ​ទៅទៀត។ ហេតុអ្វី? គឺ​ដោយ​យើង​ប្រើ​គ្រឿង​យន្ត»។

ប៉ុន្តែ​លោក អ៊ុក សំណាង​ ទទួលស្គាល់​ដែរ​ថា​តម្លៃ​ស្រូវ​ បាន​ធ្លាក់​ចុះ​ខ្លះ​ជាពិសេស​អ្នក​នៅសល់​ចុងរដូវ​ដែល​មាន​បរិមាណ​តិចតួច​ហើយ​ពិបាក​ដឹកជញ្ជូន៖

«អីចឹង​ទៅធ្លាក់​តម្លៃ​អីចឹងដែរ​ដោយសារតែ​អ្នកស្រុកឈ្មួញ​កណ្តាល​អ្នកភូមិ​អ្នកអី​ហ្នឹង​គាត់ទិញ​សម្រាប់​ត្រៀម​លក់​បន្ត​ទៅមុខ​អីចឹង​ទៅ​ឬ​មួយ​ក៏គាត់​ទិញ​សម្រាប់​ផ្គត់ផ្គង់​ចំណី​សត្វ​អីចឹង​។ អីចឹង​វា​មាន​តម្លៃ​ទាប ​ខ្ញុំ​ទទួល​ស្គាល់​ថា​វាពិតជា​មាន​អីចឹង​មែន​កន្លង​មក»។

មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​ក៏​បាន​ទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​កើតឡើង​ពី​ការបាត់​បង់​ការងារ​រោងចក្រ​និង​ពលករ​ចំណាក​ស្រុក​ត្រូវ​វិល​មក​វិញ។

លោកជា សុមេធី ​អភិបាល​ខេត្តព្រៃវែង​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ដែរ​ថា​ក្នុង​អំឡុងពេល​មាន​វិបត្តិ​សុខភាព​នេះ​ពលករ​ចំណាក​ស្រុក​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ​ហើយ​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ខេត្ត៖

«ឥឡូវនេះ​បញ្ហា​ប្រឈម​ដែល​សព្វថ្ងៃ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​នេះ ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ថៃ​នេះ​ច្រើន​។ មកដល់​ម៉ោង​នេះ​គឺ​គាត់មក​ពីថៃ​នេះ​គឺ​មក​ដល់​ជិត៨.០០០នាក់»។

ខេត្តព្រៃវែង​មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ច្រើន​រហូត​ដល់​ចំនួន​២២​ម៉ឺន​នាក់​ក្នុង​នោះ​ជាង​៥ម៉ឺន​នាក់​ទៅ​ធ្វើការ​ក្រៅ​ប្រទេស។ នេះបើតាម​ការបញ្ចាក់​របស់​លោកអភិបាល​ខេត្ត។

ខេត្តស្វាយរៀង​ក៏​មាន​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ជាង១ម៉ឺន​នាក់​បាន​បាត់បង់​ការងារ​ក្រោយពី​រោងចក្រ​ចំនួន​១៨​បាន​បិទ។​ តាមការបញ្ជាក់​របស់​អាជ្ញាធរខេត្ត​គឺ​ពលរដ្ឋ​ក្រីក្រ​ជាង២ម៉ឺន​គ្រួសារ​ទទួល​បាន​ការឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ក្នុង​អំឡុង​កូវីដ១៩​នេះ។

អង្គការ​ Oxam ​បានព្រមាន​ថា​ភាពអត់ឃ្លាន​ដែល​បង្កឡើង​ដោយ​វីរុសកូរ៉ូណា​អាច​សម្លាប់​មនុស្ស​ច្រើន​ជា​វីរុស​នេះ​ទៅ​ទៀត។ នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៩​ខែកក្កដា​អង្គការ​នេះ​ព្រមាន​ថា​ផលប៉ះពាល់​គឺមាន​ទាំង​លើ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​និង​ប្រទេស​អ្នកមាន​ហើយ​មាន​មនុស្ស​រហូត​ដល់​១២.០០០​នាក់​នឹង​ស្លាប់​ជារៀងរាល់​ថ្ងៃ​ដោយសារ​ការអត់ឃ្លាន។

លោក សុខ​ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ថ្ងៃច័ន្ទ​ថា​ប្រទេស​កម្ពុជា​មិនព្រួយ​បារម្ភ​នឹង​កង្វះ​អាហារូបត្ថម្ភ​ទេ៖

«ខ្ញុំ​យល់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ណាស់​អីចឹង​ហើយ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ប្រទេស​កម្ពុជា​មិន​មាន​អ្នកស្លាប់​ដោយ​ជំងឺកូវីដ​ទេ​អីចឹង​បន្ទុករដ្ឋាភិបាល​ទទួល​បាន​ក្នុង​ការផ្គត់ផ្គង់​ស្បៀង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន»។​

កាលពី​ខែមិថុនា ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ងាយរងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន​ជាង​៥៦​ម៉ឺន​គ្រួសារ​ហើយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​សរុប​២៥ ​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ។ ក្នុង​នោះ​ក្រុមគ្រួសារ​ខ្លះ​អាច​ទទួល​បាន​ប្រាក់​រហូត​ដល់​១២​ម៉ឺន​រៀល។​ លោកនាយក​រដ្ឋមន្រ្តី​បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​បញ្ចេញ​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​១២៥​លាន​ដុល្លារ​ដើម្បី​ត្រៀម​បើកដល់​ពួកគេ​ក្នុង​រយៈពេល​៥ខែ​ខាង​មុខ។

ក្នុងពេល​ដែល​អ្នកជំនាញ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ​តើ​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩​ក្នុង​ពេល​ខាង​មុខ​នឹង​មាន​ទំហំ​ប៉ុណ្ណា​ឲ្យ​ពិត​ប្រាកដ​នៅឡើយ។ គណបក្ស​កាន់​អំណាច​យល់​ថា​ជំនួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នឹង​នៅបន្ត។

លោក សុខ ឥសាន្ត ​បាន​បញ្ជាក់ថា៖​

«ភាពអត់​ការងារ​ធ្វើ​និង​ភាព​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មាន​លំបាក​តទៅ​ទៀត។ អីចឹង​ពេល​វេលា​នេះ​វា​អាច​បន្ត​ទៅមុខ​ទៀត»។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​មូលនិធិ​ជាច្រើន​សម្រាប់​ផ្តល់​កម្ចីទុន​ក្នុង​នោះ​មាន​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម​ជាដើម​ដើម្បី​ជួយ​ដល់​កសិករ​ប៉ុន្តែ​នីតិវិធី​ស្មុគ្រស្មាញ​ខ្លះ​បាន​បង្ក​ការលំបាក​ដល់​ប្រជា​ពលរដ្ឋ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកជំនាញ​កសិកម្ម។

​ទន្ទឹម​នឹង​នេះ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ក៏​បាន​ជួយ​ដល់​កម្ពុជា​ដែរ។ សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ដើមខែ​មិថុនា​ថា ផ្តល់​ជំនួយនិង​កម្ចី​ជិត​៥០០​ លាន​ដុល្លារ ​ដើម្បី​គាំទ្រ​លើ​ផ្នែកសេដ្ឋកិច្ច​ និង​សង្គមកិច្ច ដែល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩​នេះ៕