អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិចិនម្នាក់ចេញពីប្រទេស ក្រោយជនជាតិចិននោះត្រូវបានបញ្ជូនមកពីប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងរឿងលាងលុយកខ្វក់ ឬសម្អាតប្រាក់។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃពុធ។
ជនជាតិចិននោះ ឈ្មោះ Zhang Ruijin ដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរ ដូច្នេះហើយទើបអាជ្ញាធរសិង្ហបុរីបញ្ជូនមកកម្ពុជា ក្រោយត្រូវបានកាត់ទោស។
បើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិនឈ្មោះ Zhang Ruijin កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយជនជាតិចិននោះត្រូវបានតុលាការប្រទេសសិង្ហបុរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។ អាជ្ញាធរកម្ពុជាបញ្ជាក់ថាជនជាតិចិននោះកាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nevis ដែលជាដែនកោះតូចមួយនៅសមុទ្រការ៉ាប៊ីន។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិចិននោះបានចូលមកកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ ហើយត្រូវបានស្វែងរកឃាត់ខ្លួនបាន រួចបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក សុខ សុមនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិចិនឈ្មោះ Zhang ត្រូវបានបញ្ជូនចេញទៅប្រទេសចិនវិញ។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់ថា តើជនជាតិចិននោះកាន់អត្តសញ្ញាណបណ្ណខ្មែរ ឬលិខិតឆ្លងដែនខ្មែរឡើយ។
អ្នកនាំពាក្យរូបនោះឆ្លើយនឹងសំណួររបស់វីអូអេត្រង់ចំណុចជនជាតិចិននោះមានសញ្ជាតិខ្មែរ ឬយ៉ាងណាថា៖ «សំណួរនេះ ខ្ញុំមិនទាន់ហ៊ានឆ្លើយទេ ដោយសារវាមានពាក់ព័ន្ធនឹងករណីច្រើន ហើយយើងក៏មិនអាចទាន់សន្និដ្ឋានបានច្បាស់លាស់ដែរ ប៉ុន្តែអ្នកណាធ្វើខុសច្បាប់ អ្នកហ្នឹងទទួល។ យើងត្រូវបញ្ជូនចេញហើយ តាមច្បាប់របស់យើងបាទ»។
កាលពីខែមិថុនា អាជ្ញាធរសិង្ហបុរីបានបណ្តេញជនជាតិចិន ៣ នាក់ មកកម្ពុជា ក្នុងនោះមានជនជាតិចិនខាងលើផងដែរ។ ប៉ុន្តែមិនមានព័ត៌មានថាតើជនជាតិចិនទាំងនោះត្រូវបានបញ្ជូនឱ្យអាជ្ញាធរកម្ពុជាដោយផ្ទាល់ដៃ ហើយត្រូវបានឃាត់ខ្លួន ឬពួកគេអាចធ្វើដំណើរបានក្នុងប្រទេសកម្ពុជាដោយសេរី។
បើតាមសារព័ត៌មានសិង្ហបុរី The Straits Times ចេញផ្សាយកាលពីខែមិថុនា ជនជាតិចិនទាំងនោះ ម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ កាលពីអំឡុងចន្លោះខែមេសា និងឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីបានសារភាពកំហុសចំពោះការលាងលុយកខ្វក់ និងបទចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំ។
បើតាមសារព័ត៌មានដដែល លោក Zhang អាយុ ៤៥ ឆ្នាំ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃអង្គារ ត្រូវបានរឹបអូសទ្រព្យសម្បត្តិប្រមាណ ៨៧ លានដុល្លារអាមេរិកទៅរដ្ឋ។
កាលពីខែឧសភា បុរសជាជនជាតិចិន ២ នាក់ ដែលកាន់លិខិតឆ្លងដែនខ្មែរក៏ធ្លាប់ត្រូវបានបញ្ជូនចេញពីប្រទេសសិង្ហបុរីមកកម្ពុជាដែរ ក្រោយពួកគេទាំង ២ នាក់ត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ដូចគ្នា។
លោក សុខ សុមនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអាចបញ្ជាក់ព័ត៌មានអំពីជនជាតិចិនផ្សេងទៀត ដែលត្រូវបានបញ្ជូនមកពីប្រទេសសិង្ហបុរី ចូលប្រទេសកម្ពុជា ក្នុងករណីសម្អាតប្រាក់ដូចគ្នាឡើយ។
លោកនិយាយថា៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មាន អ៊ីចឹងខ្ញុំអត់ទាន់ហ៊ានឆ្លើយបាទ»។
ជារឿយៗ អាជ្ញាធរកម្ពុជាតែងតែបញ្ជូនជនជាតិចិនដែលរស់នៅ និងប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសកម្ពុជាទៅប្រទេសចិនវិញ។
មន្រ្តីសិទ្ធិមនុស្សបានរិះគន់យន្តការនៃការផ្តល់សញ្ជាតិដល់ជនបរទេសក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិចិនដែលតែងតែទទួលបានសញ្ជាតិខ្មែរ តាមរយៈការប្រកាសក្នុងព្រះរាជក្រឹត្យ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជនបរទេសខាងលើបានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា។ លោកថា អាជ្ញាធរគួរតែពិនិត្យឱ្យបានច្បាស់លាស់លើគោលការណ៍ច្បាប់ មុនផ្តល់សញ្ជាតិដល់ជនបរទេស។
លោកថ្លែងថា៖ «មុននឹងការផ្តល់សញ្ជាតិទៅដល់ជនបរទេសណាមួយ ឬក៏ Passport [លិខិតឆ្លងដែន] សម្រាប់ជនបរទេសដែលកាន់សញ្ជាតិខ្មែរហ្នឹង គួរតែពិនិត្យឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណ ប្រវត្តិរូបរបស់ជនទាំងអស់ហ្នឹង មុនផ្តល់សញ្ជាតូបនីយកម្មឱ្យកាន់ Passport ខ្មែរបាន។ បើមិនអ៊ីចឹងទេ វាធ្វើឱ្យប៉ះពាល់សម្រាប់កេរ្តិ៍ឈ្មោះកម្ពុជា»។
បើតាមលោក អំ សំអាត ការផ្តល់សញ្ជាតិត្រូវធ្វើឡើងដោយមានការវាយតម្លៃច្បាស់លាស់ តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ៕