កម្ពុជា​រំពឹង​ចំណូល​៤០​លាន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវកម្ម​រ៉ែ​មាស​វិនិយោគ​ដោយ​ក្រុមហ៊ុន​អូស្រ្តាលី

សំណាក​ថ្ម​រ៉ែ​ដែល​មាន​អត្រា​មាស ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ការ​ចម្រាញ់​មាស​លើក​ដំបូង​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី ​កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០២១។ (ពី​ទំព័រ Facebook/Samdech Hun Sen)

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស​លើក​ដំបូង​របស់​ខ្លួនក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​វិនិ​យោគ​ដោយ​ក្រុមហ៊ុន​អូស្រ្តាលី ហើយ​រំពឹង​ថា​នឹង​ទទួលបាន​ចំណូល​ពី​អាជីវកម្ម​នេះ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អាជីវកម្ម​រ៉ែ​មាស​ក្នុង​តំបន់​អូរ​ខ្វាវ​នៃ​ខេត្ត​មណ្ឌលគិរី​លើ​ទំហំ​ផ្ទៃដី​ជាង​១៨.០០០​ហិកតា និង​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល ខេម​បូឌា​(Renaissance Minerals Cambodia Limited)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Emerald Resources ដែល​មាន​មូលដ្ឋាននៅ​ក្នុង​ទីក្រុង​ Perth​ប្រទេស​អូស្រ្តាលី។

គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា​ថា​វា​ជា​ «សមិទ្ធផល​យ៉ាង​ធំធេង​ដើម្បី​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ជួប​បញ្ហា​ដោយ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩»។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​មាស​សុទ្ធ​ជា​មធ្យម​ចំនួន​៣​តោន នឹង​ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល​៨ឆ្នាំ​លើក​ដំបូង​របស់​ខ្លួន។ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ថាគម្រោង​អាជីវកម្ម​រ៉ែ​មាស​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការពារ​បរិស្ថាន​និង​សង្គម។

ការចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ ត្រូវ​បានបង្ហាញ​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ការ​ចម្រាញ់​មាស​លើក​ដំបូង​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី ​កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០២១។ (ពី​ទំព័រ Facebook/Samdech Hun Sen)

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ​ក្រសួង​រ៉ែ​និង​ថាមពលបាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​អូស្រ្តាលី​មួយ​នេះ​បាន​សិក្សា​និង​វាយ​តម្លៃ​«គ្រប់​ជ្រុងជ្រោយ»​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​នៃ​អាជីវកម្ម​ធនធាន​រ៉ែ​នេះ អស់​រយៈ​ពេល​ជិត​១៤​ឆ្នាំ​ដែល​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​រ៉ែ​មាស​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​ដោយ​ប្រើ​ដើម​ទុន​អស់​ប្រមាណ​១២០​លាន​ដុល្លា​អាមេរិក។

ក្រសួង​បន្ថែម​ថាការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​%​បាន​ប្រមាណ​៣​តោន​ក្នុង​មួយឆ្នាំ។ សម្រាប់​រយៈ​ពេល​ប៉ាន់ស្មាន៨​ឆ្នាំ​ដំបូង វា​នឹង​អាច​ទាញ​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​សួយ​សារ និង​សារ​ពើ​ពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ក្រសួង​បញ្ជាក់​ថា៖ «ការ​វិនិយោគ​ក្នុង​វិស័យ​ធន​ធាន​រ៉ែ ជា​ការ​និយោគ​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​ណាស់ មាន​បញ្ហា​ប្រឈម​ច្រើន និង​ត្រូវ​ប្រើ​ពេល​វេលា​ដ៏​យូរ។ កម្ពុជា​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ក្នុង​ការ​បង្កើត​ឲ្យ​បាន​នូវ​សមត្ថភាព​ឧស្សាហកម្ម​ក្នុង​ស្រុក​មួយ​ដែល​អាច​ទាញ​យក​ធនធាន​រ៉ែ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង​មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​ផល​ប្រយោជន៍​គ្រប់​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដើម្បី​បម្រើ​ឲ្យ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន»។

កន្លង​ទៅ ក្រសួង​រ៉ែ​និង​ថាម​ពល​បាន​ប្រកាស​ថា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​ពង្រឹង​ប្រសិទ្ធភាព ដើម្បី​បង្កើន​ចំណូល​ចូល​ថវិកា​ជាតិ​ការពារ​សហគមន៍​មូលដ្ឋាន និង​សង្គម និង​ការពារ​បរិស្ថាន។

លោក យស មុនីរ៉ាត់ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែនិង​ថាម​ពល​ប្រាប់​ VOA តាម​ប្រព័ន្ធ​ Telegram នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រ៉ែ​មាស​ដែល​ក្រុម​ហ៊ុន​អូស្រ្តាលី​ទទួល​បាន នឹងនាំ​យក​ទៅ​បន្សុទ្ធ​នៅ​ប្រទេស​អូស្រ្តាលី ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ប្រទេស​ណា​នោះ​ទេ។ លោក​បន្ថែមថា​មិន​មែន​មាន​តែ​ក្រុមហ៊ុន​អូស្រ្តាលីមួយ​ទេ​ដែល​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​នេះ គឺ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត មក​ពី​ប្រទេស​កាណាដា ឥណ្ឌា ចិន និង​ក្រុមហ៊ុន​ចម្រុះទុន​ខ្មែរ-​ចិន ដែល​កំពុង​សិក្សា​និង​ឈាន​ទៅ​ដល់​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​នេះ ដែល​មាន​នៅ​ខេត្ត​ក្រចេះ ខេត្ត​ព្រះវិហារ ខេត្ត​បាត់ដំបង និង​ខេត្ត​រតនគិរី​ជា​ដើម។

សំណាក​ថ្ម​រ៉ែ​ដែល​មាន​អត្រា​មាស ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ការ​ចម្រាញ់​មាស​លើក​ដំបូង​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី ​កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០២១។ (ពី​ទំព័រ Facebook/Samdech Hun Sen)

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយចុះ​ថ្ងៃ​ទី​២១ ខែ​មិថុនា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថាអាជីកម្ម​រ៉ែ​មាស​នេះ​នឹង​អាច​ឲ្យ​កម្ពុជាបង្កើត​ចំណូល​ពន្ធ​និង​សួយសារ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៧​ឆ្នាំ ដែល​ស្ថានទូត​បញ្ជាក់​ថា​ជា​ថវិកា​ចំាបាច់​សម្រាប់​សេវាកម្ម​សាធារណៈ​និង​ជួយ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយ​សារ​ជំងឺ​កូវីដ១៩។

លោក Luke Arnold ភារធារី​ស្ថាន​ទូតអូស្រ្តាលី​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នៃ​គម្រោង​នេះ ជា​របាយ​ការណ៍​ដំបូង​ដែល​ត្រូវ​បាន​ធ្វើ​សវនកម្ម​សម​ស្រប​ទៅ​នឹង​បទដ្ឋាន​បរិស្ថាន និង​សង្គម​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​រំពឹង​ថា​នឹង​កំណត់​គោល​ដៅថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​រុក​រក​រ៉ែ​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​លើ​បរិស្ថាន និង​សង្គម»។

លោក​បន្ថែម​ថា៖ «គុណ​ប្រយោជន៍​មួយ​ទៀត​នៃ​ការ​វិនិយោគ​ពី​អូស្រ្តាលី​ដូច​ជា​គម្រោង​នេះ​គឺ​ថា​វា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ដែល​កាន់​តែ​មាន​ភាព​ធន់​ព្រម​ទាំង​ទស្សនវិស័យ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​តុល្យភាព​នៅ​ក្នុង​តំបន់​របស់​យើង​ជា​ពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​ស្តារ​ឡើង​វិញ​ក្រោយ​ពី​ផល​ប៉ះពាល់ ដោយ​សារ​ជំងឺ​កូវីដ​១៩​នេះ»។

កាល​ពី​ថ្ងៃ​ទី​១០​ខែ​មិថុនា លោក ហ៊ុន​ សែន បាន​ចេញ​លិខិត​ប្រកាស​អំពី​«ការ​ដាក់​ឲ្យ​ដំណើរ​ដ្ឋាន​អាជីវ​កម្ម​និង​រោង​ចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សា​ហកម្ម​»នៅ​តំបន់​អូរខ្វាវ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដោយ​លោក​បានអំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​លះ​បង់​នូវ​បំណង​ចង់​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​ខ្នាត​តូច​បន្ត​ទៀត ដែល​លោក​ថា​អាជីវកម្ម​ប្រភេទ​នេះ​បង្ក​នូវ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត​និង​មិន​អាច​ផ្តល់​ផល​ចំណេញ​ដល់​ប្រជា​ពលរដ្ឋ​បាន​ដែរ។

ទោះ​ជា​យ៉ាងណា ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ក្រុមហ៊ុន​អូស្រ្តាលី​នៅ​តែ​ព្រួយ​បារម្ភ​ការ​ពង្រីក​ដែន​រុក​រក​រ៉ែ​មាស​បន្ត​ទៀត ដែល​នាំ​ឲ្យ​ពួកគេ​ព្រួយ​បារម្ភ​ការ​បាត់​បង់​រុក្ខជាតិ​មាន​តម្លៃ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ទីនោះ។

ទិដ្ឋភាព​ទូទៅ​នៃ​ការដ្ឋាន​អាជីវកម្ម​ និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើក​ដំបូង​របស់​កម្ពុជា​នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី​ វិនិយោគ​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់​ប្រទេសអូស្ត្រាលី នៅ​ក្នុង​រូបថត​ចែក​ផ្សាយ​ដោយ​ក្រសួង​ រ៉ែ និង​ថាមពល​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១។ (ពី​ទំព័រ Facebook/Ministry of Mines and Energy Cambodia)

លោក សាន់ សារី ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ពូទង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីម៉ា ខេត្ត​មណ្ឌលគិរី ដែល​ជា​ភូមិជាប់នឹង​ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​នេះ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្នក​ភូមិមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខ្លាច​បាត់​បង់​ដើម​ច្បោះ និង​ដីធ្លី​របស់​ខ្លួន ដោយ​ខ្លាច​ក្រុម​ហ៊ុន​ចុះ​មក​សិក្សា និងយក​តំបន់​របស់​ពួក​គាត់​រស់​នៅ ធ្វើ​ជា​កន្លែង​រុក​រក​រ៉ែ​មាស​បន្ត​ទៀ​ត។​លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​ចង់​រស់​នៅ​លើ​ដី​របស់​ខ្លួន និងអាស្រ័យ​ផលដើម​ច្បោះ និង​ចង់​បន្សល់​ទុក​ដល់កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច។

លោក​បញ្ជាក់​ថា៖ «គាត់[ប្រជាជន]និយាយ​តែ​លើ​បញ្ហា​ភ័យ​ខ្លាច ខ្លាច​តែ​ក្រុមហ៊ុន​ចេះ​តែ​មក​ចេះ​តែ​ខិត​ម្តង​បន្តិច​ម្តង​បន្តិច​មក​អស់​ដើម​ច្បោះ អស់​ដើម​ជ័រ​អស់​ដី អស់​ធ្លី​ធ្វើ​អញ្ចឹង​ទៅ​ណា​តែ​ទោះ​បី​ថា​គេ​[ក្រុមហ៊ុន]​ផ្តល់​លុយ​កាក់​តម្លៃ​ដើម​ច្បោះ​ឲ្យ​យើង​ក៏​ដោយ​វា​មិន​មែន​បាន​មួយ​ជីវិត​ទេ ពិសេស​ដើម​ច្បោះ​យើង​នៅ​បាន​មួយ​ជីវិ​ត​ត​កូន​ត​ចៅ​យើង បើ​អស់​[ដើម​ច្បោះ]​អាហ្នឹង​ហើយ​បាន​អីទៀត»។

លោក​ឲ្យ​ដឹង​ទៀត​ថា រាល់​ថ្ងៃ​នេះ​អ្នក​ស្រាវ​ជ្រាវ​រុក​រក​រ៉ែរបស់​ក្រុម​ហ៊ុន​រ៉ឺនេ​សង់ មីនើ​រ៉ល​បន្ត​ចុះ​សិក្សា​ស្រាវ​ជ្រាវ​និង​បាន​ចង​ខ្សែ​រុំ​ព័ទ្ធ​ដើម​ច្បោះ​របស់​លោ​ក​ថែម​ទៀត​ផង។

លោក​បន្ថែម​ថា៖ «សព្វថ្ងៃ​នេះ ខាង​ក្រុម​ហ៊ុន​គាត់ ខាង​អ្នក​ស្រាវ​ជ្រា​វ​ហ្នឹង​ដើរ​ស្រាវ​ជ្រាវ​ពេញ​ទឹក​ពេញ​ដី​អស់​ហើយ។ កន្លែង​ដើម​ច្បោះ​របស់​ខ្ញុំ​គឺ គេ​ចង​ខ្សែ​ក្រណាត់​ក្រហម​អី​អស់​ហើយ​ឥឡូវ​ហ្នឹង»។

លោក ប៉ោ សុខណាក់ អ្នក​សម្រប​សម្រួល​កម្មវិធី​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​នៃ​អង្គការ​អុក​ស្វាម​(Oxfam Cambodia) ប្រាប់​ VOA ​ថា ​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ ជា​ពិសេស​រ៉ែ​ដែល​មាន​តម្លៃ​ដូច​ជា​មាស​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​បង្កើត​ការងារ​ដល់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​បង្កើន​ចំណូល​ថវិកា​ជាតិ តាម​រយៈ​ពន្ធ​អាករ និង​សួយ​សារ​អាករ»។

លោក​បញ្ជាក់​ថា៖ «ចំណូល​បន្ថែម​នេះ ប្រសិន​បើ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព នឹង​រួម​ចំណែក​បាន​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច។អង្គការ​អុក​ស្វាម​ជឿជាក់​ថា​ថវិកា​នេះ​គួរ​តែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ​សុខា​ភិបាល និង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ធនធាន ហើយ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​រាជ​រដ្ឋាភិបាល យក​ប្រាក់​ចំណូល​ពី​វិស័យ​នេះ​ទៅ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ចីរភាព»។

លោក ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​របស់​សមាគម​អាដហុក មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​នីមួយៗ មុន​នឹងវិនិ​យោគ​កន្លែង​ណាមួយត្រូវ​សិក្សា​ទៅ​លើ​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ជីវភាព និង​សិទ្ធិ​មនុស្ស ឲ្យ​មាន​ភាពត្រឹម​ត្រូវ​និង​ទៅ​តាមច្បាប់​ដែល​មាន​ពី​ព្រោះ​កន្លង​មក​មាន​ក្រុម​ហ៊ុនរុក​រករ៉ែជា​ច្រើន មិន​បាន​បង្ហាញ​របាយ​ការណ៍​ឬ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​អ្វី​នោះ​ទេ។ លោក​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទាំង​អស់នោះ​បង្ហាញ​ព័ត៌មាន ឬ​របាយ​ការណ៍​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ។

លោក​ថ្លែង​ថា៖ «យើ​ងឃើញ​ហើយ​ថា​ក្រុម​ហ៊ុន​ខ្លះ​គឺ បានធ្វើ​ការ​រុក​រក​យក​រ៉ែ​ហ្នឹង​យូរ​មក​ហើយ​ហើយ​មិន​ដែល​ផ្តល់​ព័ត៌មាន​អី​ឲ្យ​ជាក់​លាក់​ផង ដោយ​ឡែក​ក្រុម​ហ៊ុន​នេះ មាន​ការ​ប្រកាស​តាម​លក្ខណៈ​ត្រឹម​ត្រូវ​ហើយ​យើង​សង្ឃឹម​ថា​មាន​ការ​បង្ហាញ​តម្លាភាព​នៃ​ចំណូល​ចំណាយ​ពី​ការ​រុករក​រ៉ែ​ហ្នឹង​មាន​ភាព​ច្បាស់លាស់ និង​តម្លាភាព​ត្រឹម​ត្រូវ ដើម្បី​ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​ជួយ​កសាង និង​អភិវឌ្ឍ​ដល់​សង្គម​ជាតិ។

បើ​តាម​ក្រសួង​រ៉ែ​និង​ថាមពល ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស​ដោយ​ក្រុមហ៊ុន​អូស្រ្តាលី​នេះ​នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​៤៦២​នាក់ ដែលក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៤២៧​នាក់ និង​បរទេស​ចំនួន​៣៥​នាក់៕