ខណៈកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (កីឡាអាស៊ីអាគ្នេយ៍) និងប៉ារ៉ាហ្គេមនាខែឧសភាខាងមុខនេះ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកកីឡាឱ្យដឹងថា កម្ពុជាសង្ឃឹមថានឹងទទួលបានមេដាយច្រើនជាងមុន។
គិតត្រឹមថ្ងៃអង្គារទី៧ ខែកុម្ភៈនេះ នៅសល់រយៈពេល៨៧ថ្ងៃទៀតកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) លើកទី៣២ និងប៉ារ៉ាហ្គេម (Para Games)លើកទី១២ ដែលមានកីឡាកររាប់ពាន់នាក់មកពីប្រទេសចំនួន១១ចូលរួម ក្នុងនោះមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៥ ខែឧសភាដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រាប់វីអូអេថា កីឡាករកម្ពុជានឹងចូលប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលនៅក្នុងបញ្ជីប្រមាណ៤០កីឡា។ លោករំពឹងថាកីឡាករកម្ពុជានឹងឈ្នះមេដាយសម្រាប់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
លោកថ្លែងថា៖ «មានកីឡាខ្លះ យើងធ្លាប់ឈ្នះនូវមេដាយនៅស៊ីហ្គេមលើកមុនដែលគេហៅថា កីឡាសក្តានុពល។ អ៊ីចឹងដែលកីឡាសក្តានុពលនេះគឺយើងសង្ឃឹមថាអាចនឹងស្វែងរកមេដាយបាន ទាំងកីឡាប៉េតុង កីឡាចំបាប់ កីឡាការ៉ាតេ កីឡាប្រដាល់គុនខ្មែរ កីឡាឃីកបុកស៊ីង ដែលជាប់មេដាយអីមុនៗហ្នឹង គឺយើងអាចសង្ឃឹមថាអាចយកមេដាយហើយបាទ»។
លោកបន្ថែមថា៖ «[ការប្រកួត] វាមានឈ្នះ មានចាញ់ ប៉ុន្តែសំខាន់បំផុតគឺយើងធ្វើម្ចាស់ផ្ទះ យើងត្រូវខិតខំរកមេដាយអីឱ្យបានច្រើន អាហ្នឹងសំខាន់»។
រូបឯកសារ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន VOA កាលពីឆ្នាំ២០១៧។
បើតាមលោក វ៉ាត់ ចំរើន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមក៏បានត្រៀមរួចជាស្រេចសម្រាប់ផ្ដល់ភាពកក់ក្តៅជូនភ្ញៀវដែលមកចូលរួម ដូចជាការរៀបចំ ផ្លូវអាកាស សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងកន្លែងស្នាក់នៅជាដើមសម្រាប់កីឡាករ។
ក្នុងការប្រកួតកីឡាស៊ីហ្គេមកាលពីលើកមុន ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួន៦៣ រួមមានមាស៩ ប្រាក់១៣ និងសំរឹទ្ធចំនួន៤១។ កម្ពុជាដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រដាល់សេរី១ ប៉េតង់២ វ៉ូវីណាម៣ តេក្វាន់ដូ១ ចំបាប់១ និងគុនខ្មែរចំនួន១។
លោក រឿង សោភ័ណ្ឌ អាយុ៣២ឆ្នាំ ជាកីឡាករគុណខ្មែរ ដែលបានកំពុងហ្វឹកហាត់ត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រភេទកីឡាឃីកបុកស៊ីង ក្នុងទម្ងន់៦៩គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានបង្ហាញក្តីរំពឹងថា លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទៅដណ្តើមយកមេដាយឱ្យបានសម្រាប់ប្រទេសកម្ពុជា។
លោកប្រាប់វីអូអេនាថ្ងៃអង្គារនេះថា៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។
កីឡាករគុណខ្មែរដែលបានប្រឡូកក្នុងវិស័យនេះ១៩ឆ្នាំមកហើយនោះបានប្រាប់វីអូអេបន្ថែមថា កន្លងមក លោកឈ្នះមេដាយប្រាក់ជើងឯកអាស៊ី នៅក្នុងប្រទេសថៃ និងធ្លាប់ប្រកួតប្រដាល់គុណខ្មែរចំនួន២០០លើក ដោយឈ្នះចំនួន១៨០លើក ចាញ់១៥លើក និងស្មើចំនួន៥លើក។
បើតាមលោក រឿង សោភ័ណ្ឌ ប្រភេទកីឡាឃីកបុកស៊ីងនឹងមានការចូលរួមពីប្រទេសដែលជាសមាជិកអាស៊ាន ប៉ុន្តែមិនទាន់ដឹងច្បាស់ថា តើប្រទេសណាខ្លះនឹងចូលរួមប្រកួតប្រភេទកីឡានេះនៅឡើយទេ។
ព័ត៌មានទាក់ទង៖ ស៊ីហ្គេមលើកទី៣២នៅកម្ពុជានឹងមានការប្រកួតកីឡាគុនខ្មែរ ដោយគ្មានវត្តមានថៃរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ និងជាមោទនភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាត្រូវរង់ចាំរយៈពេល៦០ឆ្នាំដើម្បីរៀបចំកីឡាស៊ីហ្គេមនេះ ដោយសារសភាពការណ៍ប្រទេសមិនអំណោយផល និងកង្វះហេដ្ឋារចនាសម្ព័ន្ធ។
លោក ហ៊ុន សែន ថ្លែងពេលនោះថា៖ «ឆ្នាំ២០២៣នេះ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម ដែលនឹងមានកីឡាករ កីឡាការិនីរាប់ពាន់នាក់ អញ្ជើញមកនៅទីក្រុងភ្នំពេញសម្រាប់ការប្រកួត។
រូបឯកសារ៖ ក្រុមកីឡាករកម្ពុជាពេលចូលរួមពិធីបើកកីឡាស៊ីហ្គេម (SEA Games) លើកទី២៨ នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥។
យើងមាន២ប្រកួត ប្រកួតស៊ីហ្គេម និងប្រកួតប៉ារ៉ាហ្គេមគឺជនពិការ។ យើងត្រូវខិតខំធ្វើឱ្យបាននូវកិច្ចការងារនេះ ជាមួយនឹងការទទួលខុសត្រូវរបស់យើង មិនគ្រាន់តែជាបញ្ហាសម្រាប់ការឈ្នះមេដាយនោះទេ ក៏ប៉ុន្តែធ្វើជាម្ចាស់ផ្ទះដោយមានការទទួលខុសត្រូវ ផ្តល់នូវសុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនី និងអ្នកដឹកនំាមកពីបណ្តាប្រទេសនានា ផ្តល់នូវការសប្បាយរីករាយសម្រាប់ពួកគេទាំងឡាយ ដែលមកនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានដែលមានតម្លៃជាង១៥០លានដុល្លារអាមេរិកសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះ។
កីឡាស៊ីហ្គេមធ្វើឡើងក្នុងរយៈពេលពីរឆ្នាំម្តង។ កីឡាប្រមាណ៤០ប្រភេទនឹងដាក់ប្រកួតនាពេលខាងមុខ ក្នុងនោះរួមមានអត្តពលកម្ម កីឡាលើទឹក វាយសី បោះបាល់ ប៊ីយ៉ា-ស្នូកឃ័រ ប្រដាល់សកល កាយវប្បកម្ម អុក បាល់ទាត់ វាយកូនហ្គោល កាយសម្ព័ន្ធ យូដូ ការ៉ាតេ គុនចម្រុះ ប៉េតុង សីដក់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ ប្រណាំងទូកប្រពៃណី និងបាល់ទះជាដើម។
នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស៊ីហ្គេមកម្ពុជា ឈ្មោះ Cambodia 2023៕