គ.ជ.ប​ឱ្យ​ពលរដ្ឋ​ដែល​មិន​មាន​អត្តសញ្ញាណបណ្ណ​សុំ​លិខិត​បញ្ជាក់​ដើម្បី​អាច​បោះឆ្នោត​បាន​

រូបឯកសារ៖ បុរសម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ប៉ុន្តែ​មិន​មាន​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ​ប្រញាប់​សុំ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ ​ដើម្បី​អាច​បោះ​ឆ្នោត​បាន​នា​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ខាង​មុខ។ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​គ.ជ.ប ​ចុះ​ថ្ងៃ​ទី២៤​ ខែ​មិថុនា ឆ្នាំ​២០២៣។​

សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា៖ ​«ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ២០២២​ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ហើយ​មិនទាន់​មាន​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ (អ.ខ) ​ឬ​មិន​ទាន់​ទទួល​បាន​ ឬ​បាត់​ ឬខូច​ ឬ​កែ​តម្រូវ​ សូម​ប្រញាប់​រួស​រាន់​ទៅ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ (ឯ.អ) ​ពី​គណៈ​កម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ត្រូវ​សុំ​បញ្ជាក់​សុពល​ភាព​ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់​នៃ​ឃុំ​សង្កាត់​ដែល​ខ្លួន​ត្រូវ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ទាន់​ពេល​វេលា»។

រយៈពេល​ស្នើ​សុំលិខិត​បញ្ជាក់​នេះ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២២ ​ខែ​មិថុនា​ ដល់​ថ្ងៃ​ទី​២១ ​ខែកក្កដា ​ឆ្នាំ​២០២៣។ ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៩​លាន​៧សែន​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​របស់​គ.ជ.ប។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ ​ដោយ​អនុញ្ញាត​អ្នក​ដែល​មាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព​ អាច​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​បាន៕​