គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប កាលពីពេលថ្មីៗនេះ បានសម្រេចយល់ព្រមឱ្យសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៥ស្ថាប័ន ដែលមានអ្នកអង្កេតការណ៍សរុបជាង៧ម៉ឺននាក់ចូលរួមអង្កេតដំណើរការបោះឆ្នោត។
ស្ថាប័នគ.ជ.ប កំពុងពិនិត្យមើលសមាគមអង្គការចំនួន១៥ស្ថាប័នទៀត ដែលមានមនុស្សប្រមាណ៤៥០០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សហភាពសហព័ន្ធយុវជនកម្ពុជាដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានដាក់មនុស្សចូលរួមសង្កេតការណ៍ការបោះឆ្នោត ប្រមាណ៣៦០០០នាក់។
ចំណែកសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍ ដែលមានអ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាប្រធាន បានដាក់អ្នកសង្កេតការណ៍ប្រមាណ២៥០០០នាក់។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល ដែលជាអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោត បានដាក់អ្នកសង្កេតការណ៍ប្រមាណ៤ពាន់នាក់។ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិក ដែលជាអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលការងារបោះឆ្នោតមួយទៀត ក៏បានដាក់អ្នកសង្កេតការណ៍ ដែលមានចំនួនតែ៤០នាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាតួនាទីអ្នកសង្កេតការណ៍មានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងនូវរាល់សកម្មភាពរៀបចំ ពិសេសដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតទាំងមូល។ លោកបន្ថែមថាការចូលរួមឬមិនចូលរួមរបស់អង្កេតការណ៍ពីស្ថានទូតបរទេសមិនបានបង្កាក់ការវិវត្តនៃដំណើរការបោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ការមិនចូលរួមនៃស្ថានទូតណាមួយនោះគឺជាដំណើរប្រព្រឹត្តទៅនៃការយល់ឃើញឬក៏ភាពមមាញឹកនៃការងាររបស់ស្ថានទូតនោះឯងទេ ត្រង់ថាប៉ះពាល់ ឬក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត ខ្ញុំអាចបញ្ជាក់ខ្លីថាមិនមានអ្វីប៉ះពាល់នោះទេ ហើយក្នុងច្បាប់ក៏មិនមានចែងថាទាល់តែមានស្ថានទូតនេះ ស្ថានទូតនោះ ចូលរួមបានចាត់ទុកជាបានការដែរ។ អ៊ីចឹងដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត នឹងត្រូវឡើងទៅតាមការគ្រោងទុក»។
លោកសង្ឃឹមថាការបោះឆ្នោតខាងមុខនេះ នឹងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគណបក្សនយោបាយ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់។
ប្រទេសប្រជាធិបតេយ្យធំៗដូចជាសហភាពអឺរ៉ុប ជប៉ុន បារាំង និងអាមេរិកជាដើម បានប្រកាសមិនដាក់អ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីឃ្លាំមើលការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខឡើយ។ សហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ថាអាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឱ្យមានទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជំរុញការផ្លាស់ប្តូរគំនិតដោយបើកចំហ និងការពារសមត្ថភាពរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រតិបត្តិការដោយសេរី ដោយមិនភ័យខ្លាចអំពើហិង្សា។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច លោក សំ គន្ធាមី លើកឡើងថាបើទោះបីជាមិនមានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយ ការចូលរួមឃ្លាំមើលការបោះឆ្នោតគឺដើម្បីពិនិត្យមើលទិដ្ឋភាពទូទៅនៅតាមមណ្ឌលនីមួយៗ។
លោកថ្លែងថា៖ «ថ្វីត្បិតអត់មានវត្តមានភ្លើងទៀនក៏ដោយ កាលមុនអត់វត្តមានសង្រ្គោះជាតិ ក៏យើងចូលរួម ព្រោះអីយើងសង្កេតការណ៍ទូទៅ ដើម្បីជួយមើលឱ្យអ្នកបោះឆ្នោត ម្ចាស់ឆ្នោត មូលហេតុអ៊ីចឹងទេ»។
លោកជំរុញឱ្យមានការធានានូវសិទ្ធិសេរីភាពម្ចាស់ឆ្នោត និងរក្សាតម្លាភាពក្នុងដំណើរការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភារិទ្ធ មើលមិនឃើញតម្លៃនៃការបោះឆ្នោតមួយនេះ បន្ទាប់ពីគណបក្សរបស់លោកដែលមានអ្នកគាំទ្រជាង១លាន៦សែននាក់ ត្រូវបានបដិសេធមិនឱ្យឈរឈ្មោះប្រកួតប្រជែងយកអាសនៈក្នុងរដ្ឋសភាដែលមានចំនួន១២៥។
លោកថ្លែងថា៖ «អ៊ីចឹងការបោះឆ្នោតនិងតម្លៃនៃការបោះឆ្នោត ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យអ្វីនោះទេ ខ្ញុំនិយាយមានតែប៉ុណ្ណឹងគ្រប់យ៉ាង គឺចង់ឱ្យការបោះឆ្នោតណាក៏ដោយសុំឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដែលមានបំណងចូលរួមការបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងផ្លូវច្បាប់»។
គួរបញ្ជាក់ថាស្ថាប័នគ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣នាក់ដែលជា«ភ្ញៀវពិសេស»មកពីស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា៕
ភ្នំពេញ —