ADB ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​២០១៦និង​២០១៧​សម្រាប់​កម្ពុជា​

ស្រី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​របស់​ជនជាតិ​ជប៉ុន​មួយ​កន្លែង​នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ Phnom Penh Special Economic Zone នៅ​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​សំណង់ ​និង​សេវាកម្ម​ជា​កាតាលីករ​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥។​ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ដែល​ថ្លែង​ក្នុងសន្និសីទ​កាសែត​ឈ្មោះ​«ទស្សន​វិស័យ​ការ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៦‍»​នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​ Jan Hansen​ អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រាប់​សន្និសីទ​នេះ​ថា​ វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង ​សំណង់​និង​សេវាកម្ម​ ដូចជា​ទេសចរណ៍​នឹង​នៅ​តែ​បន្ត​នាំមុខ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ហើយ​អតិផរណា​នឹង​នៅ​តែ​មាន​កម្រិត​ទាប។​

«យើង​រំពឹង​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​បន្ត​មាន​កម្លាំង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦ ​និង​ឆ្នាំ២០១៧។​ វិស័យ​ឧស្សាហកម្ម​នៅតែ​រីក​ចម្រើន​ខ្លាំង​ ហើយ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំក្រោយ ​នៅ​ពេល​ដែល​យើង​រំពឹង​ថា ​សេដ្ឋកិច្ច​ពិភព​លោក​ ជាពិសេស​ប្រទេស​ឧស្សាហ​កម្ម​ធំៗដែល​ទិញទំនិញ​ពី​កម្ពុជា​មាន​សន្ទុះ​សេដ្ឋកិច្ច​បន្តិច»។

Your browser doesn’t support HTML5

ADB ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​២០១៦និង​២០១៧​សម្រាប់​កម្ពុជា

ការ​ស្រាវជ្រាវ​របស់​ធនាគារ​បង្ហាញ​កំណើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​ឥណទាន​ ​និង​ការ​រីកចម្រើន​ខាង​អចលនទ្រព្យ​អាច​នាំហានិភ័យ​ខាង​ហិរញ្ញវត្ថុ​មាន​ការកើន​ឡើង។​ ក្រៅ​ពី​នេះ​ គុណភាព​មុខរបរ​ ​ការងារ​ជំនាញ​ ហើយ​នឹង​ការ​ចាយ​ប្រាក់​ដុល្លារ​ជាទូទៅនៅ​កម្ពុជា​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ដែរ។​

កម្លាំង​ពលកម្ម​មាន​ជំនាញ​ទាប​ និង​ថ្លៃ​ពលកម្ម​ទាប​នៅ​កម្ពុជាបាន​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស។ ​ក្នុង​ឆ្នាំ​២០១៥​ កំណើន​ផលិត​កម្ម​នេះ​បាន​កើន​ឡើង​ដល់​៩,៨%។ ​រីឯ​ផ្នែក​សំណង់​រក្សា​កំណើន​ថេរ​នៅ​ត្រឹម​១៩,២%។ ​គេរំពឹង​ថា​ កំណើន​ទាំង​នេះ​នឹង​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៦​នេះ។​

​លោក​ Samiuela Tukuafu ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ប្រាប់​សន្និសីទ​កាសែត​ថា គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៥​សម្រាប់ឧស្សាហកម្ម​កាត់ដេរ​ នឹង​ទាញ​អ្នក​វិនិយោគទុន​បន្ថែម​ទៀត។

«ដូច្នេះ​ក្រុមហ៊ុន​ភាគ​ច្រើន​បំផុត​ដែល​រក​ឱកាស​នេះ​នឹង​មក​រកស៊ី​នៅ​ទី​នេះ ​ហើយ​វា​នឹង​បង្កើន​ឱកាស​សម្រាប់​ការនាំចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ក្នុង​ប្រទេស​របស់​ក្រុមហ៊ុន​ទាំង​នេះ»។​

ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ថា ​កំណើន​ការ​នាំ​ចេញ​ខាង​វិស័យ​កាត់ដេរ​មិន​ជួយ​ដល់​ការ​រស់​នៅ​របស់​កម្មករ​ដែល​ជា​អ្នក​ផលិត​ទេ។

«ការ​ឡើង​ប្រាក់​ខែ​កម្មករ​ដោយ​លំបាក​នេះ គឺជា​ការ​ឡើង​ដោយ​ការ​បង្ហូរ​ឈាម។ ដល់ពេល​ឡើង​ទៅ​យក​មក​ទប់​ទល់​ទីផ្សារ​ក៏វា​អត់​គ្រប់​គ្រាន់​។ បើ​យើង​ប្រៀបធៀប​ទៅ​ស្រុក​គេ​គេ​មាន​ឧស្សាហកម្ម​ក្នុង​ស្រុក​គេ​ ដូច​ជា​មី ​កសិកម្ម​ ត្រឹមត្រូវ​របស់​គេ។ រីឯ​យើង​សុទ្ធតែ​នាំចូល​ទាំងអស់​តាំងពី​បន្លែ​ត្រី​សាច់។ល។​ និង។ល។‍»

លោក​និយាយ​ថា ​ប្រាក់​ចំណូល​បាន​ពី​វិស័យ ​ដែល​ថៅកែ​ភាគ​ច្រើន​សុទ្ធតែ​បរទេស​នេះ​ មិន​អាច​ចាត់​ទុក​ថា​ ជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។​

«មិន​មាន​អ្នក​វិនិយោគ​ដែល​ជា​អ្នក​ម្ចាស់​ស្រុក​ទេ។ អត់​មាន​ថៅកែ​ជាខ្មែរ​ទេ​។ ថៅកែ​ភាគច្រើន​ជា​ចិន​ ជា​តៃវ៉ាន់ ​ជា​ជនជាតិ​បរទេស​ទាំងអស់។ ដូច្នេះ​ការ​កើន​ឡើង​គឺ​ជា​ការ​កើន​ឡើង​សម្រាប់​អ្នក​វិនិយោគ​ហ្នឹង។ ដូច្នេះ​លុយ​ហ្នឹង​វា​អត់​នៅ​ ក្នុង​ស្រុក​ខ្មែរ​យើង​ទេ។ វា​បាន​ទៅលើ​កម្មករ​ខ្មែរ​ខ្លះ​បន្តិច​ទៅ​ ភាគច្រើន​បាន​ទៅលើ​ថៅកែ​អស់​ហ្នឹង​ទៅវិញ​ហ្នឹង។ ខ្ញុំ​មើល​ទៅ​វា​អត់​ប្រយោជន៍។ លុយ​កាក់​ហ្នឹង​វា​អត់​វិល​នៅ​ ក្នុង​ស្រុក​ខ្មែរ​ទេ​វា​វិល​ទៅ​បរទេស​ទាំង​អស់‍»។​

លោក​ ពូ សុវច្ចនា​ ​នាយក​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព ​បាន​ប្រាប់​ VOA​ ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​មធ្យម​៧%​ក្នុង​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក​និយាយ​ថា​ ការ​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ជា​ទស្សនៈ​ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ «The glass is half full‍» មាន​ន័យ​ថា ​គឺ​មើល​ឃើញ​តែ​ល្អ។​ លោក​និយាយ​ថា ​កំណើន​សេដ្ឋកិច្ចនៅ​កម្ពុជា​មិន​មាន​ការ​បែង​ចែក​ដល់​មជ្ឈដ្ឋាន​ទាំងអស់​ដោយ​សមធម៌​ទេ។

«បើ​និយាយ​ពី​សេដ្ឋកិច្ច​យើង​មិន​អាច​វាយ​តម្លៃ​លើ​ការ​រីកចម្រើន​ GDP ​៧ភាគរយ​ហ្នឹង​ទេ​ពីព្រោះ​មើល​ជាក់​ស្តែង​ប្រទេស​កម្ពុជា​មាន​ភាព​ក្រីក្រ​ហ្នឹង​ច្រើន​ហើយ​មាន​អ្នក​ខ្វះ​ការងារ​ធ្វើ​និស្សិត​បញ្ញវន្ត​មួយ​ចំនួន​ធំ​ខ្វះ​ការងារ​ធ្វើ​ហើយ​ប្រាក់​ខែ​ក៏​នៅ​ទាប‍»។​

លោក​បន្ត​ថា​ សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​មិន​គួរពឹង​ផ្អែក​ខ្លាំង​ពេក​លើកំណើន​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​នោះ​ទេ។​ ​កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម ​និង​ឧស្សាហកម្ម​ផ្សេង​ទៀត​ ដែល​មិនមែន​គ្រាន់​តែ​ការ​លក់​កម្លាំង​ពលកម្ម​ដូច​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​នេះ​ទេ។​

VOA ​បាន​ព្យាយាម​ទាក់ទង​លោក​ គាំង ម៉ូនីកា ​អគ្គ​លេខាធិការ​រង​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ដើម្បី​សុំ​អត្ថាធិប្បាយ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

បើ​យោង​តាម​សន្ទស្សន៍​នៃ​ការ​នាំ​ចេញ​ផលិតផល​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​បាន​ឲ្យ​យើងដឹង​ថា​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បាន​នាំ​ចេញ​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​២០១៥៕