ខណៈដែលឆ្នាំ២០១៥ បានកន្លងផុតទៅ អ្នកជំនាញមើលឃើញថា សន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានស្ថានភាពល្អដូចឆ្នាំមុនៗ ដែលស្ថិតនៅក្នុងអត្រា៧ភាគរយ។ របាយការណ៍របស់ធានាគារពិភពលោក (World Bank) បានបង្ហាញឲ្យដឹងថា អត្រាអតិផរណាទាប ស្ថិរភាពហិរញ្ញវត្ថុ កំណើនឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងថ្លែប្រេងធ្លាក់ចុះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាដើររលូនទៅមុខ។
ក្នុងឆ្នាំ២០១៥ អត្រាអតិផរណារបស់កម្ពុជាបន្តធ្លាក់ចុះមកត្រឹម០,៨ភាគរយ បើធៀបនឹង១,២ភាគរយកាលពីឆ្នាំ២០១៤។ លើសពីនេះ ការបណ្តាក់ទុនបរទេសដោយផ្ទាល់ក៏បានកើនដល់៥ពាន់២រយលានដុល្លារផងដែរ។
ក៏ប៉ុន្តែ វិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យកាត់ដេរ វិស័យកសិកម្ម និងវិស័យទេសចរណ៍មានសន្ទុះថយចុះជាងឆ្នាំមុនបន្តិច។ លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានពន្យល់ថា ការថយចុះនៃវិស័យចម្បងទាំងបីនេះគឺបណ្តាលមកពីកត្តាក្នុងស្រុក និងកត្តាក្រៅស្រុក។
«វិស័យវាយនភ័ណ្ឌនៅតែបន្តកើនការនាំចេញ ទោះបីជាមានការយឺតជាងមុនបន្តិច អាចទី១ដោយសារការកើនឡើងនៃប្រាក់ដុល្លារសហរដ្ឋអាមេរិក។ យើងដឹងហើយថាប្រទេសកម្ពុជាគឺពឹងផ្អែក និងប្រើប្រាស់ប្រាក់ដុល្លារខ្លាំង។ ទី២ យើងឃើញថា កំណើនសេដ្ឋកិច្ចខាងទ្វីបអ៊ឺរ៉ុបមានភាពយឺតយ៉ាវ។ ហើយយើងដឹងហើយថា ទ្វីបអ៊ឺរ៉ុបជាទីផ្សារមួយធំសម្រាប់វិស័យវាយនភ័ណ្ឌ។ អញ្ចឹងការយឺតយ៉ាវនៃកំណើននេះវាអាចប៉ះពាល់ដល់ការនាំចេញ។ ទី៣ យើងឃើញថា មានការប្រកួតប្រជែងច្រើនជាងមុនជាមួយនឹងវិស័យវាយនភ័ណ្ឌយើង ដោយមានការប្រឡូកពីប្រទេសមួយចំនួន ដូចជាប្រទេសភូមា ដែលគេទើបបើកចំហរ ហើយយើងឃើញថា កម្លាំងពលកម្ម និងប្រាក់ឈ្នួលរបស់គេនៅថោក»។
លោកបានបន្ថែមថា វិស័យទេសចរណ៍កម្ពុជាមានកំណើនថយចុះបន្តិច មួយផ្នែកធំគឺដោយសារតែភាពរង្គោះរង្គើរខាងសេដ្ឋកិច្ចនៅអ៊ឺរ៉ុប និងកំណើនសេដ្ឋកិច្ចយឺតរបស់ចិន ដែលអាចប៉ះពាល់ដល់ចំនួនអ្នកទេសចរ។ គិតមកត្រឹមឆ្នាំ២០១៥នេះ អ្នកទេសចរមកកាន់ប្រទេសកម្ពុជាមានចំនួនត្រឹមតែ២លាន៣សែននាក់ប៉ុណ្ណោះ ដែលស្មើនឹង៤,៦ភាគរយ បើធៀបនឹង៦,៩ភាគរយនៃចំនួនអ្នកទេសចរសរុបមកកម្ពុជាកាលពីឆ្នាំ២០១៤។
វិស័យដ៏ចម្បងបំផុតរបស់កម្ពុជាគឺវិស័យកសិកម្ម ដែលប្រជាពលរដ្ឋកសិករកម្ពុជាប្រមាណជាង៨០ភាគរយពឹងផ្អែកលើការធ្វើដំណាំស្រូវ និងចំការ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោក ឌីណា បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនៃសក្តានុពលភាពនៃវិស័យកសិកម្មកម្ពុជាគឺបណ្តាលមកពីបញ្ហាច្រើន រួមទាំងការខ្វះឥណទានសម្រាប់វិស័យនេះផងដែរ។
«កំណើនយឺតនេះ វាអាចមកពីទី១ ការផលិតផលិតផលកសិកម្មធ្លាក់ចុះដោយសារអាកាសធាតុ គឺកម្ពស់ទឹកភ្លៀងបានធ្លាក់ទាបជាងមុន។ កសិកម្មយើងមួយផ្នែកធំគឺដំណាំស្រូវហ្នឹងនៅតែពឹងផ្អែកទៅលើអាកាសធាតុនៅឡើយ ទោះបីជាយើងបានខិតខំប្រឹងប្រែងបង្កើនហេដ្ឋារចនាសម្ព័ន្ធដូចជា ធារាសាស្ត្រក៏ដោយ។ ទី២វិស័យកសិកម្មយើងនៅខ្វះឥណទាន ដើម្បីធ្វើការវិនិយោគទៅលើបច្ចេកទេសដាំដុះជាដើម។ មួយវិញទៀត បើយើងមើលពីខាងក្រៅវិញ យើងឃើញថា តម្លៃផលិតផលកសិកម្មគឺមានការធ្លាក់ចុះ។ ដោយសារមានភាពរង្គោះរង្គើរសេដ្ឋកិច្ចនៅចិន និងការកើនឡើងនៃប្រាក់ដុល្លារ វាធ្វើឲ្យតម្លៃផលិតផលកសិកម្ម។ អញ្ចឹងកាលណាតម្លៃកសិកម្មថយចុះ នោះវាធ្វើឲ្យការនាំចេញរបស់យើងក៏ធ្លាក់ចុះដែរ»។
យ៉ាងណាមិញ កម្ពុជាមានកត្តាប្រឈមមួយចំនួនធំៗ ដែលអាចប៉ះពាល់ដល់អត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគត បើសិនជាមិនមានការយកចិត្តទុកដាក់ឲ្យបានដិតដល់នោះ។ បញ្ហាទាំងនោះរួមមាន ការខ្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរឹងមាំ ការខ្វះធនធានមនុស្សមានជំនាញ និងបច្ចេកវិទ្យាទំនើប។
«ទី១គឺវិស័យហេដ្ឋារចនាសម្ព័ន្ធគឺយើងនៅមានកង្វះខាតច្រើន។ ហើយហេដ្ឋារចនាសម្ព័ន្ធនេះវាពឹងផ្អែកទៅលើផ្លូវថ្នល់ ក៏ដូចជាខាងអគ្គិសនីដែរ។ កាលណាហេដ្ឋារចនាសម្ព័ន្ធយើងមិនទាន់មានភាពប្រកួតប្រជែងខ្លាំង ការដឹកជញ្ជូនវាអាចមានភាពយឺតយ៉ាវ ហើយថ្លៃនៃការដឹកជញ្ជូនក៏ខ្ពស់។ ទី២គឺខាងធនធានមនុស្ស។ យើងចង់ធ្វើពិពិធកម្មទៅខាងវិស័យវាយនភ័ណ្ឌ ឬក៏កម្មន្តសាលធន់ស្រាល យើងត្រូវការកម្លាំងពលកម្មមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមផលិតរបរឲ្យមានគុណភាពល្អ ហើយនិងដើម្បីឲ្យប្រទេសយើងចូលជាផ្នែកមួយនៃខ្សែសង្វាក់ផលិតកម្ម»។
ប៉ុន្តែ លោកបានបន្ថែមថា កត្តាទាំងបីនេះចាំបាច់ត្រូវការស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោក ឌីណា បានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពអប់រំ វិស័យសុខាភិបាល និងវិស័យកសិកម្ម គឺជាគន្លឹះមួយដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចដើរទៅមុខប្រកបដោយចីរភាពបាន។
លោកថា កាលណាគុណភាពអប់រំល្អ ធនធានមនុស្សរបស់កម្ពុជានឹងទទួលបានជំនាញ ដោយជួយពង្រឹងផលិតភាពខ្ពស់ដល់កម្ពុជា។ បន្ថែមលើនេះ កាលណាវិស័យសុខាភិបាលមានលទ្ធភាពផ្តល់សេវាសុខភាពក្នុងតម្លៃថោក និងមានគុណភាពល្អ នោះវាជួយសម្រួលដល់ថ្លៃចាយវាយ និងដល់ផលិតភាពល្អរបស់កម្លាំងពលកម្មកម្ពុជា ដែលមានសុខភាពល្អ។ សំខាន់ជាងនេះគឺថា ការពង្រឹងផលិតកម្ម និងគុណភាពវិស័យកសិកម្មបានល្អដោយធ្វើឲ្យផលិតផលកសិកម្មក្នុងស្រុកមានតម្លៃទាប នោះមានន័យថា ប្រជាពលរដ្ឋខ្មែរភាគច្រើនអាចនឹងមានជីវភាពល្អប្រសើរ ដោយសារការចំណាយលើថ្លៃម្ហូបថយចុះ។
គិតមកត្រឹមឆ្នាំ២០១៥ កំណើនផលិតផលក្នុងស្រុកមានតម្លៃ១.០៣៦ដុល្លារ។ កម្ពុជាមានគោលបំណងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមថ្នាក់ខ្ពស់នៅឆ្នាំ២០៣០៕