កម្ពុជា​បញ្ជូន​ចិន​៣៨​នាក់​ត្រឡប់​ទៅ​វិញ

  • នៅ វណ្ណារិន

រូបឯកស​ារ៖ មន្ត្រី​ប៉ូលិស​ម្នាក់​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​(smart phone)នៅ​ក្បែរ​ជណ្តើរ​សម្រាប់​យន្តហោះ​ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៦។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ជន​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ចិន​មក​ទទួល​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​​ ​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។​​​​

អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិនចំនួន​៣៨​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​ ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​កម្ពុជា។

លោក​ឧត្តមសេនីយ៍ អ៊ុក ហៃសិលា​ ​ប្រធាន​នាយកដ្ឋាន​ ស៊ើប​អង្កេត​និង​អនុវត្ដ​នីតិវិធី​ ​នៃ​អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍​ ​បាន​ប្រាប់​ VOA ​ថា ជន​ជាតិ​ចិន​ ​ចំនួន​ ​៣៨នាក់​ ​ក្នុង​នោះ​មាន​ស្រី​៣នាក់​ផង​ដែរ​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​នាយកដ្ឋាន​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផៃ្ទ​ ​ក្នុងការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​ កាល​ពីដើម​ខែ​មីនា ​នៅ​កាស៊ីណូ​មួយ​កន្លែង​ នា​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ។​ ​ជន​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ចិន​មក​ទទួល​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។

ជន​ល្មើស​ដែល​មាន​ដើម​កំណើត​ចិន​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ ​នឹង​បទ​ល្មើស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្ត​បន្ទាប់​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕