រដ្ឋាភិបាលកម្ពុជាបានដាក់ពង្រាយទាហាន និងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីត្រៀមទប់ទល់នឹងការវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំង ដែលជាគូប្រជែងដ៏សំខាន់របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន។
លោក សម រង្ស៊ី ដែលបានរស់នៅនិរទេសខ្លួននៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មក បាននិយាយថាលោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា គឺនៅចំថ្ងៃទិវាឯករាជ្យកម្ពុជា។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានព្រមានចាប់ខ្លួនលោក សម រង្ស៊ី ហើយប៉ូលិសបានចាប់ខ្លួនសកម្មជនប្រឆាំងរាប់សិបនាក់រួចទៅហើយ។ រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃចន្ទថា ទាហានត្រូវបានដាក់ពង្រាយរួចជាស្រេចហើយនៅឯព្រំដែនរវាងកម្ពុជានិងថៃ។ លោក ទៀ បាញ់បានថ្លែងថា «យើងចាត់ទុកការណ៍នេះថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារនេះថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះត្រូវបានរៀបចំឡើងនៅតាមខេត្តជាប់ព្រំដែន។ តាមរយៈសារជាវីដេអូមួយរបស់លោក សម រង្ស៊ី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ នេះ លោកបានអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងអស់ឲ្យប្រមូលកម្លាំងគ្នាដើម្បីទម្លាក់លោក ហ៊ុន សែនដែលលោកហៅថាជាជនក្បត់ជាតិ»។
ក្រុមអ្នកសង្កេតការណ៍នានាមិនជឿថា លោក សម រង្ស៊ីនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយគ្មានការយល់ព្រមពីលោក ហ៊ុន សែន ដូចដែលធ្លាប់ធ្វើកាលពីមុននោះទេ៕