មន្ត្រីជាន់ខ្ពស់ការពារជាតិកម្ពុជាលើកឡើងថា សមយុទ្ធយោធាតាមផ្លូវសមុទ្ររវាងកម្ពុជានិងចិន មិនគំរាមកំហែងដល់ប្រទេសណាឡើយ និងបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពកងទ័ពតែប៉ុណ្ណោះ។
អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់និងសមយុទ្ធកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ បានថ្លែង ក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិនថា៖ «សមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹង សមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ នេះ មិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា សមយុទ្ធនាគមាសនេះនឹងបន្តរីកចម្រើន ពង្រីកដល់កម្រិតកងទ័ពជើងអាកាស និងបណ្ដាកងទ័ពជំនាញផ្សេងៗទៀត នៅពេលអនាគត។
ក្រសួងការពារជាតិបញ្ជាក់បន្ថែមថា សមយុទ្ធកងទ័ពជើងទឹកនាគមាសកម្ពុជា-ចិន ២០២៤ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយ រវាងគ្នាទៅវិញទៅមក បម្រើឲ្យការកសាងសហគមន៍វាសនារួមតែមួយកម្ពុជា-ចិន នៅក្នុងយុគ្គសម័យថ្មី។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក កៅ ស៊ីវឈឹង នាយរងសេនាធិការ តំបន់ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា សមយុទ្ធកងទ័ពជើងទឹកនាគមាសឆ្នាំ ២០២៤ នេះ នឹងជួយជំរុញឲ្យទំនាក់ទំនងរវាងចិន-កម្ពុជាកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ជាពិសេសនោះវិស័យការពារជាតិនៃប្រទេសទាំងពីរ តាមរយៈនៃការផ្លាស់ប្ដូរបទពិសោធន៍ បង្កើនការយល់ដឹង និងវិធីសាស្ត្រផ្សេងៗ។
សមយុទ្ធយោធាជើងទឹកនេះ កើតឡើង ស្របពេលកងទ័ពចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់។
សមយុទ្ធកងទ័ពជើងទឹកក្នុងដែនសមុទ្រនាខេត្តព្រះសីហនុនិងសមយុទ្ធដីគោក នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំងដែលគម្រោងនឹងបញ្ចប់ នាថ្ងៃទី ៣០ ខែឧសភាខាងមុខនេះ មានកម្លាំងទ័ពចូលរួមសរុបជាង ២.០០០ នាក់ ក្នុងនោះកងទ័ពកម្ពុជាចំនួន ១.៣១៥ នាក់ និងកងទ័ពរំដោះប្រជាជនចិនមានចំនួន ៧៦០ នាក់ បំពាក់ទៅដោយគ្រឿងយុទ្ធោបករណ៍ មានរថក្រោះ រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទ នាវា ឧទ្ធម្ភាគចក្រ ដ្រូន បរិក្ខារស៊ើបការ បរិក្ខារពេទ្យសង្គ្រោះ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបន្សាបជាតិពុល គីមី និងបរិក្ខារបញ្ជូនសារជាច្រើនមុខទៀត។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះ ថា៖ «សមយុទ្ធនេះបានផ្ដល់សារៈសំខាន់ដល់ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីជាការបង្ហាញសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីបញ្ហាចម្រុះនិងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ» ។
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា សមយុទ្ធយោធារវាងកម្ពុជានិងចិនគឺជារឿងល្អដែលលោកថាសមយុទ្ធនេះអាចជួយដល់ការពង្រឹងសមត្ថភាពកងទ័ព លើកមុខមាត់របស់កម្ពុជា និងពង្រឹងសន្តិសុខក្នុងតំបន់។ ទោះជាយ៉ាងណា លោកសោកស្តាយដែលកម្ពុជាមិនបានធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានគេមើលឃើញថា ងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថាកាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា៕