មេធាវី​ការពារ​សំណុំរឿង​០០៣​គ្រោង​ជួប​ជាមួយ​កូនក្តី​នៅ​ខែ​ក្រោយ

កាលពី​ខែ​មេសា​ឆ្នាំ​២០១១ ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ប្រកាស​ថា​ខ្លួន​បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​រួចហើយ។

ភ្នំពេញ៖ សហ​មេធាវី​កម្ពុជា​គ្រោង​នឹង​ជួប​កូនក្តី​របស់​ខ្លួន​ក្នុង​សំណុំរឿង​០០៣​នៅ​ខែ​ក្រោយ​នេះ​ដើម្បី​ចាប់ផ្តើម​រៀបចំ​ការពារ​សម្រាប់​សវនាការ​ជាយថាហេតុ​ក្នុង​ពេល​ខាងមុខ។ ស្របពេល​នេះ​ដែរ​ជនរងគ្រោះ​បាន​បន្ត​ដាក់​ពាក្យបណ្តឹង​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​និង​០០៤។

លោក​អាង ឧត្តម ​ដែល​ទើបនឹង​ត្រូវបាន​តែងតាំង​ជា​សហ​មេធាវី​ការពារក្តី​ឲ្យ​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ជាមួយ​ដៃគូ​របស់​លោក​គឺ​លោក​ម៉ា​យ​ឃើ​ល ខា​ណា​វ៉ា​ស​បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ជួប​កូនក្តី​របស់​ខ្លួនក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មី​នេះ​ហើយ​កូនក្តី​ថ្មី​របស់​លោក​ស្ម័គ្រចិត្ត​ស្វែងរក​មេធាវី​ការពា​រ​ខ្លួន​បន្ទាប់ពី​គាត់​បាន​យល់​ពី​អត្ថប្រយោជន៍​តាម​ផ្លូវច្បាប់។​

លោក​អាង​ ឧត្តម​បាន​បន្ថែម​ថា៖

«ជួប​នៅ​ភ្នំពេញ។ គាត់​មក​ដោយ​ខ្លួនឯង។ ពុំ​មាន​អ្នក​នាំ​មក​ទេ​ដោយសារ​តុលាការ​មិន​ទាន់​ចាត់ការ​អ្វី​ផង»។​

សំណុំរឿង​០០៣​ជា​សំណុំរឿង​បន្ថែម​ដ៏​ចម្រូង​ចម្រាស់​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រឆាំង​ជំទាស់​នឹង​ការ​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំរឿង​បន្ថែម​០០៣​និង​០០៤​ដែលមាន​ជនជាប់​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ក្នុងនោះ​សំណុំរឿង​០០៣​មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​គឺ​មាស មុត ​និង​ស៊ូ ម៉េ​តដែល​សុទ្ធសឹង​ជា​អតីត​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​ខ្មែរក្រហម។​

ទាំង​លោក​សហ​មេធាវី​អាង ឧត្តម ​និង​លោកស្រី​យូ​កូ ម៉េ​ដា​(Yuko Maeda) មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​មិន​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣​ដែល​ស្នើ​សុំ​មេធាវី​ការពារ​ខ្លួន​នោះ​ទេ​ប៉ុន្តែ​បាន​បញ្ជាក់ថា​មាន​តែ​ជនជាប់ចោទ​ម្នាក់​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​ពីរ​ក្នុង​សំណុំរឿង​០០៣​បាន​ស្នើសុំ​មេធាវី​ការពារ​ខ្លួន​។

យ៉ាងណា​ក៏​ដោយ​ប្រភព​ដែល​ស្និទ្ធ​នឹង​តុលាការ​បាន​បង្ហើប​ឲ្យដឹងថា​លោក​អាង ឧត្តម​និង​លោក​សហ​មេធាវី​អន្តរជាតិ​ម៉ា​យ​ឃើ​ល ខា​ណា​វ៉ា​ស ​នឹង​ការពារ​ក្តី​ឲ្យ​ជនជាប់​សង្ស័យ​មាស មុត ​អតីត​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ។​

ជនជាប់​សង្ស័យ​នេះ​ត្រូវ​គេ​ដឹង​ថា​សហ​ព្រះរាជ​អា​ជ្ញា​បាន​ចោទប្រកាន់​ពី​ការ​ទទួល​ខុសត្រូវ​លើ​ការសម្លាប់ ​និង​ការស្លាប់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ក្នុងនោះ​រួម​មាន​ការ​បោសសម្អាត​ផ្ទៃក្នុង ការ​ធ្វើការ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​វាយ​ថ្ម​នៅ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះសីហនុ ​និង​ការចាប់​ខ្លួន​អ្នកទោស​បញ្ជូន​ទៅ​កាន់​គុក​ទួល​ស្លែង​ជាដើម។​

មាស មុត ​ឆ្នាំ​នេះ​អាយុ​៧២​ឆ្នាំ​និង​កំពុង​រស់នៅ​ក្នុង​ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង។​
​ជនជាប់​សង្ស័យ​ធ្លាប់បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​លើ​រូប​ខ្លួន​ក្នុង​បទ​សម្ភាស​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១១។​

លោក​អាង ឧត្តម​បញ្ជាក់​ថា​កូនក្តី​របស់​លោក​មិន​មាន​ភាព​តក់ស្លុត​ទេ​នៅពេល​នេះ។​

«បន្ទាប់ពី​យើង​ពន្យល់​ទៅ ​គាត់​ធម្មតា​ដូចជា​មិន​ភ្ញាក់ផ្អើល​ជា​ដុំកំភួន​ទេ»។​

សហ​មេធាវី​ដដែល​ មិន​អាច​ដឹង​បាន​នៅ​ឡើយ​ថា​សំណុំរឿង​០០៣​ដែល​លោក​ទើប​នឹង​ទទួល​ការពារ​នេះ​អាច​នឹង​ចាប់ផ្តើម​បើក​ទ្វារ​សវនាការ​នៅពេល​ណា​នោះ​ទេ​ដោយសារ​តែ​ជំហរ​ខ្វែងគ្នា​រវាង​ភាគី​កម្ពុជា​និង​ភាគី​អង្គការ​សហ​ប្រជាជាតិ។​

«ភាគី​អង្គការ​សហ​ប្រជាជាតិ​និង​ភាគី​ខ្មែរ​មិន​ទាន់​ត្រូវ​គ្នា​គ្រប់​ដំណាក់កាល។ តាំង​ពី​ព្រះរាជ​អាជ្ញា ​មក​ដល់​សហ​ចៅក្រម​ស៊ើបអង្កេត​មិន​ដឹង​ត្រូវ​គ្នា​ហើយ​ឬ​នៅ។ រដ្ឋាភិបាល​និង​UN អត់​ទាន់​ត្រូវ​គ្នា។ ដូច្នេះ​មិន​ដឹង​ជា​ដំណើរការ​យ៉ាងណា»។​

លោក​ម៉ាក ហា​ម៉ុន ​សហ​ចៅក្រម​ស៊ើបអង្កេត​អាមេរិកាំង​ដែល​ទើប​ត្រូវបាន​តែងតាំង​បដិសេធ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​លើ​សំណុំរឿង​បន្ថែម​នៅ​ពេល​ដែល​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ជួប​លោក​ដោយ​ផ្ទាល់​កាលពីដើម​ខែ​ធ្នូ​នេះ។ លោក​បញ្ជាក់​ថា​លោក​ត្រូវការ​ធ្វើ​ការ​សិក្សា​បន្ថែម​លើ​សំណុំរឿង​ទាំងពីរ។​

ទោះជា​យ៉ាងណា​ក្តី​គេ​ទំនងជា​អាច​កត់សម្គាល់​បាន​ដំណើរការ​ទៅមុខ​មួយ​ចំនួន​នៃ​សំណុំរឿង​ដ៏​ប្រទាញ​ប្រទង់​នេះ។​

លោកស្រី​យូ​កូ ម៉េ​ដា ​ឲ្យ​ដឹងថា​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​ប្រាំ​នាក់​មាន​ពីរ​នាក់​បាន​ស្វែងរក​មេធាវី​ការពារ​ខ្លួន​ទុកជា​មុន​ហើយ​សាលាក្តី​ខ្មែរក្រហម​បាន​រៀបចំ​ជូន​ពួកគេ​រួច​ហើយ។ ជនសង្ស័យ​បីនាក់​ផ្សេង​ទៀត​មិន​បាន​បង្ហាញ​ពី​ចេតនា​ស្វែងរក​មេធាវី​នៅ​ឡើយ​ទេ។​

«នៅក្នុង​ពេលនេះ​យើង​មានតែ​ជនជាប់​សង្ស័យ​ចំនួន​ពីរ​នាក់​ក្នុង​សំណុំរឿង​០០៣​និង​០០៤​តែ​ប៉ុណ្ណោះ​ដែល​មាន​មេធាវី​ការពារ​ខ្លួន»។​

ជាមួយ​គ្នា​នេះ​ដែរ​លោក អ៊ឹម សុភា ​អ្នកសម្រប​សម្រួល​កម្ម​វិធី​ផ្សព្វផ្សាយ​នៃ​ផ្នែក​គាំពារ​ជន​រង​គ្រោះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​មាន​ជន​រងគ្រោះ​ជាង​មួយ​ពាន់​នាក់​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ជនជាប់​សង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​ទាំង​ពីរ​ចុងក្រោយ។​

«អ្នក​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​មាន​ចំនួន​៣២១​នាក់​ហើយ​សំណុំរឿង​០០៤​មាន​៨៤៧​ពាក្យសុំ។ ខ្ញុំ​កំពុង​រៀបចំ​នូវ​ឯកសារ​អស់ទាំង​នេះ​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត»។​
កាលពី​ខែ​មេសា​ឆ្នាំ​២០១១ ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ប្រកាស​ថា​ខ្លួន​បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​រួចហើយ។ ប៉ុន្តែ​ចាប់​ពីពេលនោះ​មក​ជនជាប់​សង្ស័យ​ក្នុង​សំណុំរឿង​នេះ​មិន​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ៕