តុលាការ​កំពុង​ពិនិត្យ​បណ្ដឹង​ប្រឆាំង​លោក​​ខឹម វាសនា​​ពី​បទ​ជេរប្រមាថ​និង​មាក់ងាយ​ពូជ​សាសន៍​ខ្មែរ​

លោក ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​​នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (អូន ឆេងប៉រ/ VOA)

ម្ចាស់​បណ្ដឹង​​ប្រាប់​ ​VOA នា​ថ្ងៃ​សុក្រ​នេះ​​ថា​ ​ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នេះ​ ​ដោយសារ​លោក​ ​ខឹម វាសនា​ ​តែងតែ​ជេរប្រមាថ​ពូជ​សាសន៍​ខ្មែរ និង​ប្រើ​ពាក្យ​អសុរោះ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ។

​លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​ប្ដឹង​ទៅ​តុលាការ​ពី​បទ​ជេរ​ប្រមាថ​ ​និង​បាន​ទាមទារ​ឲ្យ​ប្រធាន​គណបក្ស​នេះ​ ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។​ ​អគ្គលេខាធិការ​គណបក្ស​នេះ​បញ្ជាក់​ថា​ ​ប្រធាន​បក្ស​របស់​ខ្លួន​មិនបាន​ជេរ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​បណ្ដឹង​របស់​ពលរដ្ឋ​ម្នាក់​ដែល​ប្ដឹង​លោក​ ​ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​(LDP)​ ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​ ​និង​មាក់ងាយ​ជាតិ​សាសន៍​ខ្មែរ។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​លី សុផាណា​ ​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ តេឡេក្រាម​ ​នា​រសៀល​ថ្ងៃសុក្រ​នេះថា​ ​តុលាការ​បាន​ទទួល​ ​និង​កំពុង​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​ដែល​ដាក់​ដោយ​ឈ្មោះ​ សុច សឿង។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«អយ្យការ​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​នៅ​ថ្ងៃទី១២​ ​ខែ​មិថុនា​ ​ហើយ​កំពុង​ពិនិត្យ​ និង​បញ្ជី​សំណុំ​រឿង​តាម​នីតិវិធី»។

​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី១២​ ​ខែ​មិថុនា​ ​ឆ្នាំ២០១៧​ ​ដែល​ដាក់​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ប្ដឹង​ដោយ​ឈ្មោះ​ ​សុច សឿង​ ​សរសេរ​ថា​ ​សុំ​ប្ដឹង​ឈ្មោះ​ ​ខឹម វាសនា​ ​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ​និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​បើក​ចំហ។

លោក​ ​សុច សឿង​ ​បាន​សរសេរ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ក្នុង​ន័យ​ដើម​ថា៖​

«ឈ្មោះ​ ​ខឹម វាសនា​ បាន​ជេរ​ប្រមាថ​ ​មើល​ងាយ​ពូជសាសន៍​ខ្មែរ ដែល​ក្នុង​នោះ​រួម​មាន​ខ្ញុំ​បាទ​ក៏​ជាខ្មែរ​មួយ​រូប​ផង​ដែរ​ ​ដោយ​បាន​ហៅ​ថា​ ​ពូជខ្មែរ​ជា​ពូជ​ថោក​ទាប​ ​និង​ជា​ឆ្កែ។ល។​ ​រួម​ទាំង​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ជា​ច្រើន​ទៀត​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ​បាទ​ ​ក៏​ដូច​ជា​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល​ផង​ដែរ»។

លោក​ ​សុច សឿង​ ​ជា​ម្ចាស់​បណ្ដឹងប្ដឹង​លោក​ ​ខឹម វាសនា​ ​ប្រាប់​ ​VOA នា​ថ្ងៃ​សុក្រ​នេះ​ ​ថា​ ​ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នេះ​ ​ដោយសារ​លោក​ ​ខឹម វាសនា​ ​តែងតែ​ជេរប្រមាថ​ពូជ​សាសន៍​ខ្មែរ និង​ប្រើ​ពាក្យ​អសុរោះ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ។

​លោក​បន្ថែម​ថា បណ្ដឹង​នោះលោកស្នើ​សុំ​ឲ្យ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​បញ្ឈប់សកម្មភាព​ជេរ​ប្រមាថ​ទាំង​នោះ​ ​និង​សុំទោសប្រជាពលរដ្ឋខ្មែរ​ជា​សាធារណៈ។

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​ចង់​ឲ្យ​តុលាការ​គាត់​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​តាមអី​ដែល​ខ្ញុំ​ប្ដឹង​ហ្នឹង។​ ​ហើយ​ខ្ញុំ​មិន​ទាមទារ​អី​ឲ្យ​គាត់​សង​ជា​ជំងឺ​ចិត្ត​ជា​លុយ​ជា​កាក់​អី​ទេ​ ​ខ្ញុំ​សុំ​ឲ្យ​គាត់​ហ្នឹង​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរហ្នឹង​សុំ​ទោស​ខ្មែរ​យើង ក៏​ដូច​ជា​រូប​ខ្ញុំ​ជាខ្មែរ​ហ្នឹង​ជា​សាធារណៈ»។

​លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​បង្កើត​ជាង​១០​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុគ្គល​ដែល​តែងតែ​ប្រើ​សម្ដី​អសុរោះ​ ​ក្នុង​វេទិកា​ជួបជុំ​ ឬ​វេទិកា​ពិភាក្សា​ផ្សេងៗ​ ​និង​ប្រើ​ពាក្យ​រិះគន់​ធ្ងន់ៗ​ដល់​អ្នក​នយោបាយ​គណបក្ស​ជំទាស់។

មេដឹកនាំ​គណបក្ស​មួយ​នេះ​ ក៏​ធ្លាប់​បាន​រិះ​គន់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​ព្រះសង្ឃ​ផង​ដែរ។​ ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នេះ​ ​មិនបាន​ទទួល​អាសនៈ​ ​ក្នុង​ឃុំ-សង្កាត់​ណា​មួយ​នោះ​ទេ។

​លោក​ ​ចិន ថុន​ ​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ លើក​ឡើង​ថា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​មិន​បាន​ប្រមាថ​មើល​ងាយ​ជាតិ​សាសន៍​ខ្មែរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ ​ចិន ថុន​ ​មិនបាន​ឆ្លើយ​តប​នឹង​សំណួរ​ថា​ ​ប្រសិនជា​តុលាការ​កោះ​ហៅ​លោក​ ​ខឹម វាសនា​ ​ឲ្យ​ចូលបំភ្លឺ​ ​តើ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ​ នឹង​ចូល​តាម​ការ​កោះ​ហៅ ឬ​យ៉ាង​ណានោះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ ​អ្នក​ដែល​ប្ដឹង​នោះ​ អាច​ជា​អ្នក​បម្រើ​និន្នាការ​នយោបាយ។

លោក​ ​ចិន ថុន​ ​បានបន្ថែម​ថា៖

«យើង​មិន​បញ្ជាក់​ថា​១០០ភាគ​រយ​យើង​ទៅ​ទេ តែ​យើង​មើល​ស្ថាន​ភាព​នៃ​ពាក្យ​បណ្ដឹង​ហ្នឹង​តើ​គេ​ជំរុញយ៉ាង​ម៉េច​ ​ហើយ​និន្នាការ​អ្នក​ប្ដឹង​ហ្នឹង​គឺ​មកពី​ណា​ឲ្យ​ប្រាកដ? វា​មិនមែន​ឲ្យ​តែ​គេ​ប្ដឹង​យើង​ទៅ​តាម​គេ​ទាំងអស់ឯណា។​ ​វា​មាន​រឿង​ខ្លះ​គេ​ចោទ​ប្រកាន់​យើង​ដោយ​គ្មាន​ភស្តុ​តាង​ណាមួយ។ តែ​សម្រាប់​សម្ព័ន្ធ​យើង​ធ្វើ​ការ​ហ្នឹង​ជាង​១០​ឆ្នាំ​មក​ហើយ អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​ដឹង​ថា​យើងធ្វើ​អី​ហើយ​។ វា​មិនមែន​អាស្រ័យ​លើ​អ្នកណា​ម្នាក់​ចង់​ចោទ​ប្រកាន់​អី​យើង​ មួយហើយ​ វា​ទៅ​ជា​រឿងហ្នឹង​ដូចជា​រឿងគេ​ចោទ​ប្រកាន់​នោះ​ទេ»។

​ដោយឡែក​លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លើក​ឡើង​ថា អ្នក​នយោបាយ​ត្រូវ​ជៀសវាង​ពាក្យ​សម្ដី​អសុរោះ​ និង​ប្រមាថ​ផ្សេងៗ​ ជាពិសេស​ពាក្យ​សម្ដី​ប្រមាថ​ដល់​ជាតិ​សាសន៍​ណាមួយ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​លើ​លោក ខឹម វាសនា ប្រសិន​បើ​រក​ឃើញ​ថា លោក​ពិតជា​បាន​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ពិតមែន។

លោក​បញ្ជាក់​ថា៖

«កាលណា​ជេរប្រមាថ​ជាតិ​សាសន៍​មួយ​វា​ធំ​ណាស់ ព្រោះ​ប៉ះ​ទាំងអស់​ជាតិ​សាសន៍​ គ្រប់​ជាន់​ថ្នាក់ អ្នក​តូច​អ្នកធំ ឧត្ដម​អី ឲ្យតែ​អ្នកនោះ​មាន​ឈ្មោះ​ថា​ជា​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​របស់​ខ្មែរ​ហ្នឹង គឺ​ទទួល​រង​ការ​ប្រមាថ​ទាំងអស់។​ អា​នោះ​បើសិនជា​មានការ​ជេរ​ដូច្នោះ​មែន ​គឺ​វា​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ ហើយ​ចាំបាច់​ត្រូវតែ​មាន​ការ​ណែនាំ​ពី​អាជ្ញាធរ​សាធារណៈ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ហើយ ប្រសិន​បើ​មាន​ករណី​អញ្ចឹង»។

​ក្រៅពី​បណ្ដឹង​ដាក់​ទៅ​តុលាការ​ ​លោក​ ​សុច សឿង​ ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៀត​ទៅ​ស្ថាប័ន​ព្រះមហាក្សត្រ​ ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ ​និង​បញ្ឈប់​សកម្មភាព​របស់លោក​ ​ខឹម វាសនា​ ​ដែល​លោក សុច សឿង អះអាង​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​ជាតិ​សាសន៍​ខ្មែរ​ផង​ដែរ៕​