ភ្នំពេញ៖ តុលាការក្រុងភ្នំពេញនៅថ្ងៃចន្ទនេះបានចេញដិកាកោះហៅលោកសួង សុភណ្ឌ ប្រធានក្រុមចលនាយុវជនគណបក្សសម រង្ស៊ីឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ឋនឹងបណ្តឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទឃាតកម្មគិតទុកជាមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសា្លប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់នៅលើស្ពានកោះពេជ្រ។
ការកោះហៅរបស់តុលាការបានធ្វើឡើងរយៈពេលតែបីថ្ងៃប៉ុណ្ណោះក្រោយពីប្រធានក្រុមចលនាយុវជនរបស់គណបក្សប្រឆាំងបានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានកើតឡើងក្រោយពេលតែមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានព្រមានថា នឹងប្តឹងបកលោកសួង សុភណ្ឌវិញ។
លោក សួង សុភណ្ឌ បាននិយាយថា លោកទើបតែបានទទួលដិកាកោះរបស់តុលាការនៅថ្ងៃចន្ទនេះឲ្យចូលបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី៧ខាងមុខនេះពាក់ព័ន្ឋនឹងបណ្តឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកមានប្រសាសន៍ថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការដោយមានភស្តុតាងមួយចំនួនផង។
«រដ្ឋាភិបាលត្រូវទទួលស្គាល់ការពិត កុំយកអំណាចមកគាបសង្កត់តុលាការដើម្បីឲ្យខ្លួនឈ្នះ ពីព្រោះរឿងកន្លងមកជាក់ស្តែងអ្នកដែលមិនមែន (នៅក្នុង) ជួររដ្ឋាភិបាលតែងតែចាញ់ដូចជារឿងក្តីមួយចំនួន»។
លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញដែលបានចេញដីកាកោះហៅលោក សួង សុភណ្ឌ ឲ្យចូលបំភ្លឺក្នុងតុលាការមិនបានពន្យល់បន្ថែមទៀតទេដោយលោកបាននិយាយថា កំពុងរវល់ប្រជុំ។
កាលពីថ្ងៃទី២២ ឆ្នាំ២០១០ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកមានព្រឹត្តិការណ៍រត់ជាន់គ្នាមួយនៅលើស្ពានពេជ្រនៃមជ្ឃមណ្ឌលកំសាន្តកោះពេជ្រដែលទើបអភិវឌ្ឃន៍ថ្មី។
ព្រឹត្តិការណ៍នោះបានបណ្តាលឲ្យមានមនុស្សយ៉ាងតិច៣៥៣បានស្លាប់បាត់បង់ជីវិត និងជាង៤០០នាក់ផ្សេងទៀតបានរងរបួស។
លោកសួង សុភណ្ឌ បានបន្ទោសមនុស្សបួននាក់ដែលទទួលខុសត្រូវខ្ពស់បំផុតក្រោយពីមានមនុស្សស្លាប់យ៉ាងច្រើន។ មនុស្សទី១គឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ទី២ លោកគង់ សំអុល រដ្ឋមន្ត្រីព្រះបរុមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ ទី៣ លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ និងទី៤ លោកទូច ណារុថ អតីតស្នងការប៉ូលីសក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យកន្លងមកនេះបានថ្លែងជាសារធារណៈពីខេត្តព្រះសីហនុថា ប្រសិនណាបើតុលាការរកមិនឃើញមានភស្តុតាងណាមួយថា លោកជាប់ពាក់ព័ន្ឋនឹងឃាតកម្មគិតទុកជាមុនទេ លោកនឹងប្តឹងបកទៅលោកសួង សុភណ្ឌ វិញ។
លោកបាននិយាយថា លោកសុំសិទ្ឋិប្តឹងបក ពីព្រោះនេះជាសិទ្ឋិស្របច្បាប់ ហើយកុំថានេះជាការគំរាមកំហែងផ្នែកនយោបាយ។ លោកមិនបានធ្វើអត្ថាធិប្បាយច្រើនទេចំពោះពាក្យបណ្តឹងនេះដោយលោកបានបញ្ជាក់ថា ទុកឲ្យតុលាការជាអ្នកស៊ើបអង្កេត។
លោក សួង សុភណ្ឌ បាននិយាយថា នៅចុងខែនេះលោកនឹងដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងប្រទេសហូ ឡង់ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទឃាតកម្មគិតទុកជាមុន និងដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោកគង់ សំអុល លោកកែប ជុតិមា និងលោកទូច ណារុថ។
លោកបានសង្ឃឹមថា តុលាការនឹងអនុវត្តតាមខ្លឹមសារច្បាប់ តែបើតុលាការអនុវត្តផ្ទុយពីខ្លឹមសារច្បាប់ តុលាការនឹងប្រឈមមុខនឹងការប្តឹងនៅពេលក្រោយទៀត៕