លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ ប្រកាសថាអាជ្ញាធរពាក់ព័ន្ធបានបន្តស្វះស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង អស់រយៈពេល១២ថ្ងៃមកហើយ។
ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទបានហោះហើរដោយអាកាសយានិកចំនួន២រូបនៅក្នុងការហ្វឹកហ្វឺនមួយ ហើយបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ាណែត បង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ចាប់ពីបាត់ការទាក់ទង «មិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូបត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ទោះបីប្រឈមនឹងការលំបាកឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។
កាលពីកន្លងទៅ មន្រ្តីកម្ពុជាបានលើកឡើងថា ឧទ្ធម្ភាគចក្រសង្ស័យបាត់នៅតំបន់ជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមលិខិតស្តីពីផែនការហោះហើររបស់កងទ័ពជើងអាកាសដែលវីអូអេទទួលបាន មន្រ្តីយោធាពីរនាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ អាកាសយានិកត្រូវបានអនុញ្ញាតឱ្យហ្វឹកហ្វឺនផ្លូវឆ្ងាយ ដោយហោះចេញនៅម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកក្កដា និងត្រូវឡប់មកវិញ នៅម៉ោង២រសៀលថ្ងៃដដែល។
ឧទ្ធម្ភាគចក្រដែលបានបាត់នោះ ជាប្រភេទឧទ្ធម្ភាគចក្រ Z-9 ដែលផលិតនៅប្រទេសចិន។ កម្ពុជាបានទិញឧទ្ធម្ភាគចក្រប្រភេទ Z-9 ចំនួន១២គ្រឿង កាលពីឆ្នាំ២០១៣។
កាលពីឆ្នាំ២០១៤ ឧទ្ធម្ភាគចក្រប្រភេទ Z-9 នេះ ក៏ធ្លាប់បានធ្លាក់ម្តងហើយនៅតំបន់ជាយក្រុងភ្នំពេញ ដែលកាលនោះបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់៕