វិសមភាពខាងប្រាក់ឈ្នួល និងការព្យាករណ៍ពីការធ្លាក់យ៉ាងខ្លាំងក្នុងវិស័យ សំណង់ កំពុងងើបចេញឡើងជាបញ្ហាដ៏សំខាន់មួយមុនពេលការបោះឆ្នោតឃុំ-សង្កាត់ ដែលធ្វើឡើងនៅខែមិថុនាខាងមុខនៅក្នុងប្រទេសកម្ពុជា។ ប្រាក់ឈ្នួលទាបនៅក្នុងឧស្សាហកម្មសំណង់នៅតែកើតមាន ថ្វីបើសំណង់រីកលូតលាស់ហើយនឹងការរីកលូតលាស់សេដ្ឋកិច្ចដ៏ឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ពួកកម្មករសំណង់រកប្រាក់បានតិចតួច គឺចាប់ពីចំនួន ១០.០០០ រៀល (២ដុល្លារ ៥០សេន) ក្នុងមួយថ្ងៃ។ ធនាគារពិភពលោកបានឲ្យដឹងថា កម្ពុជាបានរក្សាអត្រារីកចម្រើនជាមធ្យម ៧,៦ ភាគរយ ពីចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ២០១៥ ហើយត្រូវគេរំពឹងថា នឹងនៅតែរីកចម្រើនយ៉ាងខ្លាំងប្រហែល៧ភាគរយក្នុងរយៈពេលជាង ២ ឆ្នាំទៀតនេះ។
ថ្វីបើ ប្រាក់ឈ្នួលនៅតែមានកម្រិតទាបយ៉ាងខ្លាំងក៏ដោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជារឿយៗ បានសង្កត់លើសំណង់ ដែលជាអ្នកផ្តល់ការងារដ៏សំខាន់មួយសម្រាប់មនុស្សក្រីក្រនៅតាមទីជនបទ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្លួន ដែលផ្អែកលើសរសរស្តម្ភ៤ គឺសំលៀកបំពាក់កាត់ដេរ អង្ករ ទេសចរណ៍ និងសំណង់។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលកំពុងតែស្មុគស្មាញ គឺការវិភាគដោយក្រុមហ៊ុន EPenh ដែលកំពុងទស្សន៍ទាយពីការបញ្ចប់ភាពលូតលាស់ខាងសំណង់ដោយការធ្លាក់ចុះរហូតដល់៥០ភាគរយនៃតម្លៃទីផ្សារនៅពេលបច្ចុប្បន្ននេះ នៅក្នុងឆ្នាំនេះ។
សំណួរអំពីការទទួលបានប្រាក់ឈ្នួលស្មើគ្នាសម្រាប់ស្រ្តីនៅការដ្ឋានសំណង់ កំពុងលេចចេញឡើងជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបទដ្ឋានឧស្សាហកម្មសំណង់ មុនការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ហើយនឹងការបោះឆ្នោតជាតិ ដែលកំណត់ពេលធ្វើឡើងនៅ ខែកក្កដា ឆ្នាំក្រោយ។
Your browser doesn’t support HTML5
អ្នកស្រី ចក យឿន ជាកម្មករធម្មតាធ្វើការពេលថ្ងៃ គ្មានជំនាញដែលធ្វើការជាមួយប្តីរបស់អ្នកស្រីនៅការដ្ឋានសំណង់នៅក្នុងរាជធានីដោយរកប្រាក់មិនលើសពី៤ដុល្លារ៥០សេនទៅ៥ដុល្លារក្នុងមួយថ្ងៃ បូកនឹង៥០សេនក្នុងមួយម៉ោងសម្រាប់ការធ្វើការលើសម៉ោង។ ក៏ប៉ុន្តែ អ្នកស្រី កម្របានទទួលប្រាក់ឈ្នួលទាន់ពេលដែលធ្វើឲ្យមានការលំបាកសម្រាប់អ្នកស្រី ដើម្បីទទួលបានការថែទាំសុខភាពនិងសេវាកម្មផ្សេងៗទៀតនៅពេលត្រូវការ។
អ្នកស្រីបាននិយាយថា៖
«យើងជាមនុស្សទន់ខ្សោយ ដូច្នេះ ពួកគេអាចប្រើប្រាស់យើងដើម្បីធ្វើអ្វីដែលពួកគេចង់។ យើងមិនមានសិទ្ធិ ហើយប្រសិនបើយើងប្រឆាំងពួកគេ ពួកគេនឹងបណ្តេញយើងចេញពីការងារ។ នេះជាការពិបាកមួយ»។
អ្នកស្រីក៏បានគិតពីការខិតចូលមកដល់នៃការបោះឆ្នោតឃុំសង្កាត់ដែរ។ អ្នកស្រីបាននិយាយបន្ថែមទៀតថា៖
«ខ្ញុំចង់ឲ្យរដ្ឋាភិបាលពិនិត្យមើលពីជីវភាពរបស់កម្មករសំណង់ ហើយសុំឲ្យនិយោជកបង្កើនប្រាក់ឈ្នួលរបស់យើង ជាពិសេសសម្រាប់យើងជាមនុស្សស្រី។យើងធ្វើការដូចជាបុរស យើងសែងដីខ្សាច់ ហើយនឹងធ្វើកិច្ចការផ្សេងៗទៀត ក៏ប៉ុន្តែ យើងបានទទួលប្រាក់ឈ្នួលទាបជាង»។
លោកស្រី មូរ សុខហួរ ឥស្សរជនជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងបាននិយាយថា ប្រាក់ឈ្នួលជាបញ្ហាដ៏សំខាន់មួយដែលកំពុងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់កម្មករ និងក្រុមគ្រួសាររបស់កម្មករដែលត្រូវការប្រាក់ឈ្នួល ដើម្បីចំណាយលើកិច្ចការសំខាន់ក្នុងជីវិតដូចជាការថែទាំសុខភាព ម្ហូបអាហារ ការដឹកជញ្ជូន និងឈ្នួលផ្ទះ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា៖
«ក្នុងឆ្នាំ ២០១៨ យើងនឹងពិភាក្សា អំពីបញ្ហាធំៗដែលកំពុងប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ឈ្នួលរបស់កម្មករ។ យើង នឹងពិភាក្សាអំពីការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ ដែលមានន័យថា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្រិតមូលដ្ឋាន។ កម្មករសំណង់នៅក្រោមគណបក្សសង្គ្រោះជាតិ (CNRP) ដូចជាកម្មករដ៏ទៃទៀតដែរ ពួកគេមានសិទ្ធិធ្វើកូដកម្ម»។
ការទាមទារប្រាក់ឈ្នួលកាន់តែខ្ពស់ឡើង បាននាំឲ្យមានការបង្ក្រាបបង្ហូរឈាមទៅលើការតវ៉ាប្រឆាំងនៅតាមផ្លូវ ដោយមានមនុស្សយ៉ាងហោចណាស់ក៏៤នាក់ដែរបានត្រូវបាញ់សម្លាប់ដោយពួកអាជ្ញាធរនៅដើមឆ្នាំ២០១៤។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ទៀតថា៖
«អំណាចរបស់កម្មករ របស់សហជីព គឺការធ្វើកូដកម្មរបស់ពួកគេ។ ប្រសិនបើលោកអ្នក ដកហូតអំណាចរបស់ពួកគេក្នុងការធ្វើកូដកម្មដូចជាលោក អ្នកកម្រិតឱកាសរបស់ពួកគេ តើនរណាទទួលប្រយោជន៍មកពីការដកហូតអំណាចនេះ? គឺនិយោជក។
លោកស្រីបានមានប្រសាសន៍ទៀតថា៖
«ការណ៍នេះមិនមែនមានន័យថា យើងចង់លើកដំកើងការធ្វើកូដកម្មទេ។ ទេ យើងចង់បានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយ»។
អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក យ៉ាន ធី អគ្គលេខាសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បាននិយាយថា ការបោះឆ្នោតនៅពេលខាងមុខជាការសំខាន់មួយ ហើយបញ្ហាប្រាក់ឈ្នួល នឹងត្រូវលើកឡើងនៅពេលដែលសន្លឹកឆ្នោតមកពីពួកកម្មករនឹងកំណត់ថាតើនរណានឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ លោកនិយាយទៀតថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ថា ច្បាប់ប្រាក់ឈ្នួលប្រសើរឡើង និងស្មើគ្នាមានរួចហើយ។
ទោះជាយ៉ាងណាក៏ដោយ ការអនុវត្ត និងការពង្រឹងអាស្រ័យលើឆន្ទៈនយោបាយហើយថាតើការអនុវត្តបែបនេះនឹងផ្តល់ប្រយោជន៍ដល់ពួកអ្នកនយោបាយដែរឬទេ?
លោកនិយាយទៀតថា៖
«នៅក្នុងការបោះឆ្នោតនេះ ខ្ញុំគិតថា តើរដ្ឋាភិបាលចង់ធ្វើដែរឬទេ ពួកគេត្រូវតែពិចារណាគ្រប់ចំណុច ពីព្រោះតែការបោះឆ្នោតនិមួយៗសម្រាប់គណបក្សមានសារៈសំខាន់ណាស់»។
លោក William Conklin នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលសាមគ្គីភាពបាននិយាយថា ភាពខុសគ្នានៃប្រាក់ឈ្នួលរវាងបុរស និងស្រ្តីមិនត្រូវមានទេ។
លោកបាននិយាយថា៖
«ការណ៍នេះប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងការពិតដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិលើប្រាក់ឈ្នួលស្មើគ្នា។
លោកបាននិយាយទៀតថា៖
«ក៏ប៉ុន្តែ អ្វីដែលពួកគេធ្វើ ពួកគេបែងចែកការងារខុសៗគ្នា។ ដូច្នេះ ពួកគេអាចអនុវត្តនិងធ្វើការងារដូចគ្នា ឬ កិច្ចការដូចគ្នា ក៏ប៉ុន្តែ ពួកគេ អាចផ្តល់មុខងារខុសៗគ្នា»។
លោកនិយាយទៀតថា ការណ៍នេះ អាចឲ្យពួកគេចៀសវាងច្បាប់ប្រាក់ឈ្នួលស្មើគ្នា៕
លោក Luke Hunt រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ
ប្រែសម្រួលដោយ ជឹង ប៉ូជីន