រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃពុធ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកនេះ នឹងធ្វើឡើងតាមការផ្ជាប់តាមប្រព័ន្ធ videoconference ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Michael Pompeo គ្រោងនឹងពិភាក្សាជាមួយសមភាគីរបស់លោកក្នុងបណ្តាប្រទេសទាំង១០ជាសមាជិកអាស៊ាន អំពីភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរីដ១៩ និងបញ្ហាតំបន់និងអន្តរជាតិមួយចំនួនទៀត។
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា គ្រោងនឹងចូលរួមក្នុងកិច្ចពិភាក្សានេះពីក្រសួងការបរទេសកម្ពុជានៅម៉ោង៨ព្រឹកនៃថ្ងៃព្រហស្សតិ៍នេះ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានដដែល៕