ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកបច្ចេកទេសចិនកំពុងធ្វើការស៊ើបអង្កេតទៅលើការបាក់ធ្លាយបំពង់បង្ហូរទឹកនៃទំនប់វារីអគ្គិសនីស្ទឹងអាតៃក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែមិនទាន់មានលទ្ធផលជាផ្លូវការនៅឡើយ។
កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន បំពង់នាំទឹកទៅកាន់ឌីណាម៉ូផលិតអគ្គិសនីនៃទំនប់មួយក្នុងចំណោមទំនប់វារីអគ្គិសនីចំនួនពីរលើស្ទឹងអាតៃក្នុងស្រុកវាលវែងរបស់ក្រុមហ៊ុនចិន China Datang Corporation បានផ្ទុះធ្លាយទឹក ហើយបានធ្វើឲ្យបាត់ខ្លួនកម្មករចំនួនបួននាក់និងកម្មករបួននាក់ផ្សេងទៀតរងរបួស។ កម្មករម្នាក់ត្រូវបានរកឃើញថា នៅរស់រានមានជីវិតនិងកម្មករបីនាក់នៅបាត់ខ្លួននៅឡើយ រយៈពេលប្រាំមួយថ្ងៃមកហើយនេះ។
លោកយ៉ាង ធាន យា (Yang Tina Yue) អ្នកនាំពាក្យស្ថានទូតចិនមានប្រសាសន៍តាមទូរស័ព្ទថាក្រុមអ្នកបច្ចេកទេសចិនបានចុះត្រួតពិនិត្យកន្លែងកើតហេតុ ហើយប៉ុន្តែលោកមិនមានព័ត៌មានលម្អិតនោះទេ។
«តាមតែខ្ញុំដឹងការស៊ើបអង្កេតកំពុងដំណើរការ»។
លោកយ៉ាងបញ្ជាក់បន្ថែមថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់ធ្វើសេចក្តីសន្និដ្ឋានអំពីគ្រោះថ្នាក់នេះនៅឡើយទេ។
ក្រុមមន្ដ្រីអាជ្ញាធរស្រុកវាលវែងនៃខេត្តពោធិ៍សាត់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន China Datang Corporation កំពុងចរចាជាមួយក្រុមគ្រួសារនៃជនរងគ្រោះបីនាក់ដែលកំពុងបាត់ខ្លួនដើម្បីផ្តល់ប្រាក់សំណងចំនួនជាង៣០០០ដុល្លារអាមេរិកក្នុងមួយគ្រួសារ។ ប៉ុន្តែមិនទាន់មានការប្រគល់និងព្រមព្រាងជាផ្លូវការនៅឡើយទេ។
នៅមិនទាន់មានការអះអាងជាផ្លូវការថា កម្មករដែលបាត់ខ្លួននោះអាចនៅមានជីវិតឬក៏អាចស្លាប់ទៅហើយឬយ៉ាងណាទេ។
លោកធាង ឡេង អធិការនគរបាលស្រុកវាលវែង អះអាងថា កម្លាំងនគរបាលចំនួនប្រាំមួយនាក់និងកងរាជអាវុធហត្ថចំនួនបីនាក់នៅបន្តស្វែងរកជនបាត់ខ្លួនក្នុងរង្វង់ដប់គីឡូម៉ែត្រ រវាងទំនប់វារីអគ្គិសនីស្ទឹងអាតៃទីមួយនិងទីពីរ។
«ដាក់ឲ្យនៅប្រចាំការហ្នឹងរហូត»។
វីអូអេបានព្យាយាមស្វែងរកទំនាក់ទងជាមួយក្រុមហ៊ុន China Datang Corporation នៅកម្ពុជា តែមិនអាចរកទំនាក់ទំនងបានទេ។ ដោយឡែកវីអូអេព្យាយាមទាក់ទងទីចាត់ការធំរបស់ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងក្រុងប៉េកាំង ប្រទេសចិន តែមិនអាចទាក់ទងបានទេដោយសារអ្នកទទួលទូរស័ព្ទមិនអាចសន្ទនាក្រៅពីភាសាចិនបាន។
រីឯលោកទន់ លាន អគ្គនាយកនៃនាយកដ្ឋានឧស្សាហកម្ម រ៉ែ និងថាមពលនៃក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា លោកកំពុងជាប់រវល់ប្រជុំ។
បើផ្អែកតាមលោកខូយ សុខា អភិបាលខេត្តពោធិ៍សាត់ឲ្យដឹងថា ក្រុមហ៊ុនវារីអគ្គិសនីនៃប្រទេសចិននេះទំនងជាចាប់ផ្តើមជួសជុលការខូចខាតទំនប់វារីអគ្គិសនីដែលមានបញ្ហានោះហើយ។
«តាមព័ត៌មានដែលខ្ញុំទទួលបាន ក្រុមហ៊ុនចាប់ផ្តើមរៀបចំជួសជុលឡើងវិញនូវបំពង់បង្ហូរទឹកដែលចេញពីអាងស្តុកទឹកដែលបានបែកនោះ»។
ក្រុមហ៊ុនChina Datang Corporation វិនិយោគលើទំនប់វារីអគ្គិសនីស្ទឹងអាតៃនេះនូវទឹកប្រាក់ចំនួន២៥៥លានដុល្លារអាមេរិក។ ទំនប់វារីអគ្គិសនីនេះមានកម្លាំងថាមពល១២០ម៉េហ្គាវ៉ាត់ ហើយគ្រោងនឹងដំណើរការផលិតអគ្គិសនីជំហានដំបូងនៅចុងឆ្នាំក្រោយ៕