អាជ្ញាធរសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះបានបើកវេទិកាសាធារណៈលើកដំបូងដ៏កម្រមួយដើម្បីបើកការពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងគ្រោះក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់បុរីកីឡា។ ក៏ប៉ុន្តែមិនមានការបញ្ជាក់ពីដំណោះស្រាយណាមួយភ្លាមៗសម្រាប់ជម្លោះរវាងសហគមន៍អ្នកក្រីក្រជាមួយនឹងក្រុមហ៊ុនដែលគេជឿថាមានអំណាចរឹងមាំនោះទេ។
ប្រជាពលរដ្ឋបុរីកីឡាភាគច្រើនដែលជាអ្នកក្រីក្រប្រហែលជាង២០០នាក់បានចូលរួមវេទិកាដែលធ្វើឡើងនៅក្នុងសាលមហោស្រពចេនឡាក្បែរផ្សារដើមគ។
នៅឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ដីតំបន់បុរីកីឡាទំហំ២,៦ហិកតាទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន សម្រាប់អភិវឌ្ឍ។ ដោយឡែកដីនៅសេសសល់២ហិកតាទៀតក្រុមហ៊ុនត្រូវសាងសង់អគារចំនួន១០សម្រាប់ជាសំណងទៅឲ្យប្រជាពលរដ្ឋក្រីក្រដែលរងការប៉ះពាល់។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនទើបតែសង់បាន៨អគារតែប៉ុណ្ណោះ។ គ្រួសារខ្លះទៀតត្រូវបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅតំបន់ជាយក្រុងនិងនៅខេត្តកំពង់ស្ពឺ។
ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានតស៊ូមិនព្រមបោះបង់ចោលទីតាំងរស់នៅរបស់ពួកគេហើយបានបោះតង់រស់នៅក្នុងបុរីកីឡាចាប់តាំងពីដើមឆ្នាំ២០១២។
ក្រុមប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញទាំងនេះត្រូវគេកំណត់ពេលវេលាត្រឹមប្រាំនាទីប៉ុណ្ណោះសម្រាប់ឡើងសម្តែងមតិយោបល់របស់ពួកគេ។ ប៉ុន្តែភាគច្រើននៃក្រុមប្រជាពលរដ្ឋមិនបានលើកពីករណីនិងយោបល់ផ្ទាល់ខ្លួនអ្វីឡើយ។ ប៉ុន្តែពួកគេបានបង្ហាញថា ពួកគេមានឯកសារត្រឹមត្រូវសម្រាប់កាន់កាប់ដីលំនៅដ្ឋានរបស់ពួកគេមុននឹងត្រូវបណ្តេញចេញ។
អ្នកស្រី នៅ សាខន ប្រជាពលរដ្ឋបុរិកីឡាដែលបានចូលរួមវេទិកានេះថ្លែងថា អ្នកស្រីបានរង់ចាំដំណោះស្រាយរបស់អាជ្ញាធរជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែគាត់ពុំដែលឃើញអាជ្ញាធរធ្វើបានដូចការសន្យាឡើយ។
អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «ឥឡូវហ្នឹងអគារទី៩អត់មានផង ហើយគេឲ្យគេរង់ចាំអគារទី១០។ កាលមុនខ្ញុំមានផ្ទះមានអ្វី ឥឡូវគេឲ្យមក ខ្ញុំមកនៅលើផ្ទះដែលគប់សំរាមគប់អ្វីពីលើមក។ ខ្ញុំមកដាក់ឯកសារម្តងទៀត ខ្ញុំចាំគេវាយតម្លៃទៀត។»
វេទិកាសាធារណៈរវាងជនរងគ្រោះដោយបញ្ហាដីធ្លីនៃសហគមន៍បុរីកីឡានិងអាជ្ញាធរក្រុងភ្នំពេញមានរយៈពេលពេញមួយថ្ងៃ។
នេះជាលើកទីមួយដែលអាជ្ញាធរក្រុងភ្នំពេញចេញមុខពិភាក្សាជាសាធារណៈជាមួយក្រុមប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញពីលំនៅដ្ឋានខណៈដែលជម្លោះដីធ្លីជាច្រើនក្នុងក្រុងភ្នំពេញក៏ដូចជាក្នុងប្រទេសកម្ពុជាដែរមិនត្រូវបានដោះស្រាយសមស្របនោះទេ។
ក្រុមប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡាបានទទូចឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសង់អគារស្នាក់នៅបន្ថែមតាមកិច្ចសន្យាដើមរបស់ក្រុមហ៊ុន។ ប៉ុន្តែក្រុមហ៊ុននេះធ្លាប់បានប្រកាសថា អគារចំនួនប្រាំបីសព្វថ្ងៃមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់ពួកគេ ហើយក្រុមហ៊ុនមិនមានថវិកាគ្រប់គ្រាន់សម្រាប់ការសាងសង់អគារបន្ថែមនោះទេ។
យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិក្រីក្រនេះមិនបានយល់ស្របនោះទេ។
ថ្លែងក្នុងវេទិកានោះ លោកឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញបញ្ជាក់ថា សាលាក្រុងភ្នំពេញបានត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វែងរកសំណោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។
«រឿង១០អគារ ១៥អគារ វាអត់បញ្ហាទេ ទុកឲ្យលោកអភិបាលជាអ្នកចាត់ចែង។ ប៉ុន្តែធ្វើយ៉ាងម៉េចឲ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ទៅនៅផ្ទះនោះ។ បើគ្រប់គ្រាន់ហើយកុំថាឡើយ១០អគារ ១៥អគារក៏សង់ឲ្យដែរ។»
ប្រជាពលរដ្ឋមួយចំនួនដែលបានអង្គុយចូលរួមក្នុងវេទិកាថ្លែងថា ពួកគេហាក់មិនសូវមានជំនឿថាការណ៍ដែលបានចូលរួមវេទិកានេះនឹងទទួលបានដំណោះស្រាយនោះទេ។ ដោយហេតុថា អាជ្ញាធរធ្លាប់បានសន្យាដដែលថា នឹងស្វែងរកដំណោះស្រាយដល់ពួកគេជាច្រើនមកហើយ។
អ្នកស្រី ឆាយ គឹមហ៊ន តំណាងប្រជាពលរដ្ឋតំបន់បុរីកីឡាលើកឡើងថា ប្រជាពលរដ្ឋសរុបប្រហែលជាង១៥៩គ្រួសារទៀតដែលមិនទាន់ទទួលបានដំណោះស្រាយរហូតមកទល់បច្ចុប្បន្ននេះ។
«វេទិកានេះក៏នៅមានការបន្តគាបសង្កត់លើប្រជាពលរដ្ឋដែរពីព្រោះថា គេបានដាក់កំហិតឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដ៏ច្រើនឡើងនិយាយបានត្រឹមតែ៥នាទី។ ចង់ឲ្យមានការបើកទូលាយឲ្យប្រជាពលរដ្ឋឡើងសម្តែងមតិដោយគ្មានការដាក់កំហិត។»
ទោះជាយ៉ាងណាលោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុកថ្លែងអបអរសាទរការរៀបចំវេទិកាសាធារណៈរបស់អជ្ញាធរក្រុងភ្នំពេញនេះ។ ប៉ុន្តែលោកអធិប្បាយថា ក្រុមប្រជាពលរដ្ឋត្រូវរង់ចាំមើលលទ្ធផលក្រោយពីកិច្ចពិភាក្សាក្នុងវេទិកានេះតទៅទៀត៕