នគរបាល​ចិន​មក​កម្ពុជា​ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ចិន​១៥​នាក់​ទៅ​ប្រទេស​ចិន

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នគរបាល​យុត្តិធម៌​មក​ពី​ប្រទេស​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ជួប​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​នាំខ្លួន​ជនជាតិចិន​តៃវ៉ាន់​ចំនួន​១៥​នាក់​ចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

«ល្ងាច​នេះ គឺ​ខាង​ក្រុម​ការងារ​ដែល​ជា​មន្ត្រី​នគរបាល​ខាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មក​ដល់ ចូលមក​ពី​ម្សិលមិញ ដើម្បី​ធ្វើកិច្ច​ពិភាក្សា​ចាត់ចែង»។

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៨ កន្លងទៅនេះ​បានចាប់ខ្លួន​ជនជាតិចិន​តៃវ៉ាន់​ចំនួន​១៥​នាក់ ពីបទ​សង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ VoIP ដែល​ជា​ប្រព័ន្ធ​បច្ចេទវិទ្យា​ទំនើប​សម្រាប់​ចាប់​ជំរិត​ជនរងគ្រោះ​នៅ​ក្រៅ​ប្រទេស។

ការ​ចាប់ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​១៥​នាក់​នេះ បាន​កើត​មាន​ឡើង​នៅ​តាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​រំលូង ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

សមត្ថកិច្ច​បាន​និយាយ​ថា​ជន​ជាតិចិន​តៃវ៉ាន់​ទាំង​១៥​នាក់​នេះ បានជួលផ្ទះ​សំណាក់​មួយ​សម្រាប់​ស្នាក់នៅ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនរងគ្រោះ​ជាពិសេស​នៅ​តៃវ៉ាន់ និង​ប្រទេស​ចិន។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចុះហត្ថលេខា​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា កន្លងនៅ​នេះ​ដោយ​សម្រេច​បណ្តេញ​ជនជាតិចិន​តៃវ៉ាន់​ទាំង​១៥​នាក់​នេះ ចេញ​ពី​ប្រទេស​កម្ពុជា។

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ សុភ័គ បាន​និយាយ​ថា​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា យ៉ាងយូរ​បំផុត​នៅ​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង ចុះហត្ថលេខា​ជន​សង្ស័យ​ទាំងនោះ​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា។

លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ជនជាតិចិន​តៃវ៉ាន់​ទាំង​១៥​នាក់​នេះ​ទំនង​ជា​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅ​ក្នុងសប្តាហ៍​នេះ តាម​ច្រក​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ដើម្បី​យក​ទៅ​ជំនុំ​ជម្រះទោស​នៅ​ប្រទេស​ចិន។

«នេះ​គឺ​ជាអ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក។ គាត់​បាន​ការសហការ​ណាស់។ ការផ្តល់​ព័ត៌មាន​ក្នុង​ការស៊ើបអង្គេត​ពីសំណាក់​ភាគី​ជា​មិត្ត​យើង​ដែរ ចិន​ហ្នឹង​ដែរ។ ព្រោះ​ទាល់​តែ​មាន​ឯកសារ​មក ផ្គូរផ្គង​ឯកសារ​វត្តមាន​រក​ភស្តុតាង​ឲ្យ​ឃើញ»។

ជំពូក​ទី​៦ មាត្រា​ទី​៣៦ នៃ​ច្បាប់​អន្តោប្រវេសន៍​បានចែង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានសិទ្ធិ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​រាល់​ជន​បរទេស​ទាំងឡាយ​ណា ដែល​មាន​អកប្បកិរិយា និង​សកម្មភាព​គ្រោះថ្នាក់​ដល់​សន្តិសុខ​នៃ​កម្ពុជា៕