កម្ពុជា​និង​ចិន​ជឿ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​លើ​ឆាក​អន្តរជាតិ

ជំនួប​រវាង​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ជាមួយ​លោក ឆិន ឆាងជឺ អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក ឆិន ឆាងជឺ អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​លើកឡើង​ផង​ដែរ​ថា ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​ជា​ហិរញ្ញប្បទាន សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា។

អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក ឆិន ឆាងជឺ (Chen Changzhi) លើកឡើង​ថា កម្ពុជា​ និង​ចិន​មាន​ការ​ជឿ​ទុកចិត្ត​គ្នា​លើ​ផ្នែក​នយោបាយ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​លើ​ឆាក​អន្តរជាតិ ហើយ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​រឹងមាំ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក លោក ឆិន ឆាងជឺ (Chen Changzhi) ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជានា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

​ក្រោយ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​សភា​នៃ​ប្រទេស​ទាំង​ពីរ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រ និង​ជា​នាយក​ខុទ្ទកាល័យ​លោក ហេង សំរិន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក ឆិន ឆាងជឺ បាន​សម្ដែង​ការ​រីករាយ​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា។

លោក​បន្ត​ថា លោក ឆិន ឆាងជឺ បាន​លើកឡើង​ថា មិត្តភាព​កម្ពុជា​ចិន​ស្ថិត​នៅ​ក្នុង​ «ស្ថានភាព​ល្អ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក» ហើយ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ​ប្រទេស​ទាំង​ពីរ។

«លោក​បញ្ជាក់​ថា ប្រទេស​ទាំងពីរ កម្ពុជា​ចិន ផ្អែក​លើ​នយោបាយ​គឺ​មាន​ការ​ជឿទុកចិត្ត​គ្នា​ទៅ​វិញ​ទៅមក និង​មាន​ការ​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ»។

លោក ឆិន ឆាងជឺ ក៏​បាន​លើកឡើង​ផង​ដែរ​ថា ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​ជា​ហិរញ្ញប្បទាន សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា។ លើស​ពី​នេះ លោក​ក៏​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ក្នុង​ការ​តភ្ជាប់​គោលនយោបាយ​ខ្សែ​ក្រវាត់​ផ្លូវ​មួយ​របស់​ចិន ជាមួយ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​មាន​ភាព​ស៊ី​គ្នា​ ធ្វើយ៉ាង​ណា​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

លោក​អនុប្រធាន​សភា​ប្រជាជន​ចិន​ក៏​បាន​ប្ដេជ្ញា​បន្ត​លើក​ទឹកចិត្ត​ក្រុមហ៊ុន​ចិន​ដែល​មាន​កេរ្តិ៍​ឈ្មោះ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត និង​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ។

លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រ និង​ជា​នាយក​ខុទ្ទកាល័យ​លោក ហេង សំរិន ថ្លែងទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ថ្នាក់​ដឹកនាំ​សភា​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក កែវ ពិសិដ្ឋ ឱ្យ​ដឹង​ដែរ​ថា ជា​ការ​ឆ្លើយ​តប លោក ហេង សំរិន បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន​នោះ​ទេ។ លោក​បន្ថែម​ថា កម្ពុជា​បន្ត​ «ប្រកាន់​ខ្ចប់​ឥត​ងាករេ​គោលនយោបាយ​ចិន​តែ​មួយ» និង​កោត​សរសើរ​តួនាទី​ចិន​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

«សម្ដេច​ប្រធាន​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ភាព​រីកចម្រើន​របស់​មិត្ត​ចិន ហើយ​និង​តួនាទីដ៏​ចម្បងរបស់​មិត្ត​ចិន​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ទាំង​នេះ​គឺ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ ការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ​ ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​សកល​លោក​ផងដែរ»។

លោក មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា ចំណង​មិត្តភាព​រវាង​កម្ពុជា​ចិន​កាន់​តែ​រឹងមាំ ដោយសារ​ប្រទេស​ទាំង​ពីរ​ត្រូវការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅមក។ លោកថា ចិន​ត្រូវ​ការ​ការ​គាំទ្រ​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​អាស៊ាន ពិសេស​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ចំណែក​កម្ពុជា​ត្រូវ​ការ​ជំនួយ​និង​ប្រាក់​កម្ចី​ពីចិន​ដែល​ពុំ​សូវ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

លោក មាស នី បន្ត​ថា ដោយសារ​កម្ពុជា​ត្រូវ​ការ​ពឹងផ្អែក​លើ​ជំនួយ​ និង​ប្រាក់​កម្ចី​ពី​ចិន នោះ​កម្ពុជា​នឹង​ពិបាក​ក្នុងការ​គេចចេញ​ពី​ការ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន។

«ដូច​កាល​ដែល​យើង​សុខចិត្ត​ចេញ​មុខ​ការពារ​ចិន​កាល​នៅ​ក្នុង​[ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​] ដែល​សុខ​ចិត្ត​ដើរ​ចេញពីមិត្ត​អាស៊ាន​នោះ យើង​ឃើញ​ថា​ជា​ឥទ្ធិពល​មួយ​ហើយ ដែល​យើង​បាន​ធ្វើ​ដើម្បី​ឱ្យ​ចិន​សប្បាយ​ចិត្ត សុខចិត្ត​ឱ្យ​មិត្ត​អាស៊ាន​ហ្នឹង​មិន​ពេញ​ចិត្ត​ជាមួយ​យើង​ហ្នឹង​ណា»។

លោក មាស នី បន្ត​ថា ភាគច្រើន​នៃ​ការ​វិនិយោគទុន​របស់​ចិន​បាន​សំដៅ​ចំ​សរសៃ​ឈាម​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​ ដូចជា​វិស័យ​រ៉ែ និង​ដី​សប្បទាន ដែល​ជានិច្ចកាល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព និង​ការ​រស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា។ លោកថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ និង​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វិនិយោគទុន​ចិន​នោះទេ នោះ​ប្រជាពលរដ្ឋ​នឹង​កាន់​តែ​មាន​ការ​ខឹង​សម្បារ និង​បាត់បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល៕