ឧក្រិដ្ឋកម្មប្រព័ន្ធច្បាប់ ដែលមានសភាពរកាំរកូសអាចប៉ះពាល់ដល់សតិអារម្មណ៍របស់កុមារ ដែលជាជនរងគ្រោះ ឬជាសាក្សី បន្ទាប់ពីបទឧក្រិដ្ឋកើតឡើង នេះបើយោងទៅលើក្រុមអ្នកស្រាវជ្រាវ។
នៅក្នុងរបាយការណ៍«សម្លេងរបស់កុមារនៅក្នុងតុលាការ» ដែលចេញកាលពីថ្ងៃពុធដោយអង្គការកុមារ Haga និយាយថា កុមារប្រឈមមុខនឹងបញ្ហាក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មប្រាប់ប៉ូលិស ការទទួលបានការគាំទ្រពីមេធាវី និងតុលាការ ការពិនិត្យសុខភាព និងដំណាក់កាលផ្សេងទៀតៗនៃរឿងក្តីព្រហ្មទណ្ឌ។
ខណៈពេលដែលមានការកែលម្អនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា រួមទាំងពិធីការ និងនីតិវិធីដើម្បីការពារកុមារ របាយការណ៍នេះបានកត់សម្គាល់ថា៖ «ការអនុវត្តប្រព័ន្ធយុត្តិធម៌កុមារ ដែលមានលក្ខណៈកុមារមេត្រីនៅមានកម្រិត»។
កុមារ ដែលជាជនរងគ្រោះ ឬជាសាក្សីនៃឧក្រិដ្ឋកម្ម ជាញឹកញាប់ ត្រូវបាននាំចូលទៅក្នុងបន្ទប់សវនាការនៅពេលជាមួយគ្នានឹងជនល្មើស។ ពេលខ្លះពួកគេត្រូវបាននាំយកទៅតុលាការក្នុងរថយន្តតែមួយ។
របាយការណ៍នេះសង្ខេបពីការស្រាវជ្រាវរយៈពេលប្រាំមួយខែ រួមមានបទសម្ភាសន៍ជាមួយនឹងកុមារ៥៤នាក់។ ខណៈពេលដែលកុមារភាគច្រើនបាននិយាយថា ពួកគេត្រូវបានទទួលការប្រាស្រ័យជាមួយប៉ូលិស ដែលមានចិត្តករុណានោះ មានកុមារ២០%ដែលបានសម្ភាសន៍និយាយថា ប៉ូលិសជំរិតយកប្រាក់ដើម្បីធ្វើសកម្មភាពលើករណីរបស់ពួកគេ។
ក្មេងស្រីម្នាក់ ដែលជាជនរងគ្រោះនៃការរំលោភផ្លូវភេទ បានប្រាប់ក្រុមអ្នកស្រាវជ្រាវថា៖ «នគរបាលបានជំរិតទារប្រាក់ពីយើងមុនពេលដែលពួកគេចាប់ផ្តើមធ្វើការងារ។ បើនិយាយទៅ ពួកគេស្លូត និងមិនស្រែក គំហកដាក់យើងឡើយ។ ប៉ុន្តែពួកគេមិនសូវល្អនោះទេ។ ទីបំផុតបងប្រុសរបស់ខ្ញុំបានលក់ទូរស័ព្ទដៃរបស់គាត់ដើម្បីយកប្រាក់ឲ្យនគរបាល។ បន្ទាប់មកនគរបាលស្រុកក៏បានសុំប្រាក់ផងដែរ។ ដូច្នេះបងប្រុសរបស់ខ្ញុំបានខ្ចីប្រាក់មួយចំនួនដើម្បីឲ្យពួកគេ។ ក្រោយពេលដែលពួកគេបានប្រាក់ ពួកគេចាប់ជនល្មើសបានក្នុងរយៈពេល២ថ្ងៃ!»
ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានរិះគន់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជាជាយូរមកហើយថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជាជាកន្លែងដែលការរំលោភបំពាន និងអំពើពុករលួយរីករាលដាល។ របាយការណ៍របស់អង្គការ Haga ផ្តោតទៅលើប្រព័ន្ធយុតិធម៌ ដែលមិនមានមេត្រីភាពចំពោះកុមារ។
របាយការណ៍នេះកត់សម្គាល់ថា ភាគច្រើននៃកុមារដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជាក្មេងស្រី។ ប៉ុន្តែមានតែប្រហែលជា១០%ប៉ុណ្ណោះនៃកុមាររងគ្រោះបានជួបជាមួយគ្រូពេទ្យស្រី។ ឪពុក ម្តាយ ឬមនុស្សធំផ្សេងទៀតមិនត្រូវបានអនុញ្ញាតឱ្យមានវត្តមានក្នុងអំឡុងពេលពិនិត្យទៅលើរាងកាយទេ។ លទ្ធផលជាងពាក់កណ្តាលដែលបានពីការពិនិត្យ មិនត្រូវបានផ្តល់ឲ្យជនរងគ្រោះ ឬក្រុមគ្រួសាររបស់កុមាររងគ្រោះបានដឹងទេ។ ជិតពាក់កណ្តាលនៃការពិនិត្យធ្វើឡើង បន្ទាប់ពីឧក្រិដ្ឋកម្មបានកើតមានឡើងជាងមួយសប្តាហ៍ ដែលធ្វើឲ្យការវិនិច្ឆ័យរកលទ្ធផលមានការលំបាក។
ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ដែលបានសម្ភាសនៅក្នុងរបាយការណ៍នោះ បានរៀបរាប់ពីការឈឺចាប់ដែលនាងបានជួបប្រទះ។ នាងបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ឈឺខ្លាំង នៅពេលដែលពួកគេកំពុងពិនិត្យ ហើយខ្ញុំបានប្រាប់វេជ្ជបណ្ឌិត ប៉ុន្តែគាត់បាននិយាយថា ខ្ញុំគ្មានពេលច្រើនទេ ដូច្នេះកុំរអ៊ូរទាំពេក»។
បើសិនជាប៉ូលិសចាប់បានជនល្មើស ហើយបន្ទាប់ពីការពិនិត្យ និងការស៊ើបអង្កេត កុមារត្រូវតែបង្ហាញខ្លួននៅក្នុងតុលាការ កុមារជាច្រើនមានការភ័យខ្លាចជាខ្លាំងក្នុងការបង្ហាញខ្លួននៅក្នុងតុលាការ ព្រោះពួកគេនឹងត្រូវនៅក្នុងបន្ទប់ជាមួយជនល្មើស ឬដោយសារបន្ទប់សវនាការជាញឹកញាប់មានមនុស្សពេញ។ កុមារមានពេលតិចតួចជួបជាមួយនឹងមេធាវី ហើយជាញឹកញាប់មេធាវីមិនបានព័ត៌មានពេញលេញអំពីករណីរបស់ពួកគេទេ។ សូម្បីតែនៅពេលជនល្មើសត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារហើយក៏ដោយ កុមារក៏នៅតែមានការភ័យខ្លាចដែរ។
ក្មេងស្រីម្នាក់បានប្រាប់ក្រុមអ្នកស្រាវជ្រាវក្នុងពេលសម្ភាសថា៖ «ខ្ញុំនៅតែខ្លាចថា សាច់ញាតិរបស់បុរសនោះសងសឹកខ្ញុំ ព្រោះខ្ញុំបានធ្វើឲ្យគាត់ជាប់ពន្ធនាគារ។ ហើយខ្ញុំនៅតែរស់នៅទីនេះ [ក្នុងមណ្ឌលអង្គការមិនមែនរដ្ឋាភិបាល] នឹងមិនអាចត្រឡប់ទៅផ្ទះវិញបានទេ»។
របាយការណ៍នេះមានការរិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធយុតិ្តធម៌ចាប់ពីដំណាក់កាលប៉ូលិសទៅតុលាការ។
លោកឧត្តមសេនីយ៍ទោ យឹម វិរៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់អ្នកយកព័ត៌មានថា លោកមិនយល់ស្រប ហើយក៏មិនបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះដែរ ប៉ុន្តែលោកបាននិយាយថា គួរតែបញ្ចេញឈ្មោះនគរបាលដែលបានប្រព្រឹត្តខុសនោះមក។ លោកបាននិយាយថា ជាទូទៅ ប៉ូលិសធ្វើសកម្មភាពដោយគោរពវិន័យ។
«ខ្ញុំមិនដឹងពីបញ្ហានេះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថារបាយការណ៍នេះគួរតែធ្វើឲ្យច្បាស់លាស់»។
លោកសុខ រឿន ប្រធានព្រះរាជអាជ្ញារងតុលាការឧទ្ធរណ៍ បានថ្លែង ថា មុនពេលចេញផ្សាយរបាយការណ៍នេះជាសាធារណៈ គួរតែត្រូវមានការពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលជាមុន។
លោកបាននិយាយថា៖ «របាយការណ៍នេះជាប់ពាក់ព័ន្ធជាមួយនឹង អាជ្ញាធរជាច្រើន ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាចៅក្រមស៊ើបអង្កេត ចៅក្រមកាត់ និងស្ថាប័នមួយចំនួន។ វាទាក់ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ ខ្ញុំគិតថា មុនពេលចេញផ្សាយរបាយការណ៍នេះគួរតែមានការយល់ព្រម និងការពិភាក្សាជាមួយស្ថាប័នទាំងនោះ»។
លោកបាននិយាយថា ដើម្បីអនុវត្តអនុសាសន៍ទាំងអស់នៅក្នុងរបាយការណ៍នេះ រដ្ឋាភិបាលត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ។
លោកបាននិយាយថា៖«នៅពេលមានលុយធ្វើអ្វីក៏បានដែរ»។
លោកបានបន្ថែមថា ជំនួយអាចប្រើក្នុងការបណ្តុះបណ្តាលនៅតាមខេត្ត និងទីក្រុងនានា។
Kila Reimer អ្នកដឹកនាំក្នុងការស្រាវជ្រាវ បាននិយាយថា ការធ្វើកំណែទម្រង់ជាច្រើនមិនចាំបាច់តម្រូវឱ្យមានលុយទេ។
គាត់បាននិយាយថា៖ «យើងបានផ្តល់នូវយោបល់ចំពោះអ្វីដែលពួក គេអាចធ្វើបាន ដែលមិនត្រូវការការចំណាយអ្វីនោះទេ ដោយសារតែប្រព័ន្ធមានរួចទៅហើយ។ មនុស្សក៏មានរួចទៅហើយ។ ពួកគេគ្រាន់តែធ្វើសកម្មភាពទៅលើអ្វីដែលពួកគេបានដឹងរួចទៅហើយ»។
Rana Flowers តំណាងអង្គការ Unicef ប្រចាំប្រទេស ដែលបានផ្ដល់ការគាំទ្រសម្រាប់ការស្រាវជ្រាវនេះ បាននិយាយថា អង្គការ Unicef និងអង្គការ Haga បាននិងកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌។
អនុសាសន៍មួយចំនួនគឺជាវិធានការធម្មតា ដូចជាការប្រើប្រាស់របាំងដើម្បីការពារអត្តសញ្ញាណរបស់កុមារនៅក្នុងតុលាការ។ លោកស្រីបាននិយាយថា របាំង ឬសូម្បីតែឧបករណ៍វីដេអូគឺអាចរកបាន នៅក្នុងតុលាការមួយចំនួន ប៉ុន្តែគេមិនប្រើទេ។
នៅក្នុងរបាយការណ៍នេះក៏មានអនុសាសន៍ផ្សេងទៀត ដូចជាការជួយឲ្យកុមារយល់ពីដំណើរការផ្លូវច្បាប់ និងការបង្កើតប្រព័ន្ធតុលាការដែលមានលក្ខណៈកុមារមេត្រី។
Kila Reimer បាននិយាយថា ជាការចាំបាច់ ដែលរដ្ឋាភិបាលត្រូវប្រមូលទិន្នន័យករណីកុមាររងគ្រោះ។ លោកស្រីបាននិយាយថា៖ «មិនមាននីតិវិធី និងមិនមានវិធីសាស្ត្រងាយដែលរដ្ឋាភិបាលអាចប្រមូលទិន្នន័យអំពីកុមារនៅក្នុងប្រព័ន្ធបានទេ ដូច្នេះវិធីតែមួយគត់ដែលយើងដឹងហើយជាវិធីតែមួយគត់ដែលយើងអាចទទួលបានតួលេខនេះគឺនិយាយជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលមិនមែនជាអ្នកតំណាងនៃកុមាររងគ្រោះទាំងអស់នោះ។ ប៉ុន្តែវាជាវិធីមួយដែលផ្តល់ឱ្យយើងនូវគំនិតខ្លះអំពីចំនួនកុមារដែលនៅក្នុងប្រព័ន្ធនេះ»។
គាត់បាននិយាយថា ការមិនដឹងពីចំនួនកុមារដែលមានបញ្ហានៅក្នុងប្រព័ន្ធយុត្តិធម៌ជាការលំបាកក្នុងការដោះស្រាយបញ្ហានេះ។ Kila Reimer បាននិយាយថា គាត់ជឿថា កុមារជាច្រើនទៀតត្រូវបានរំលោភផ្លូវភេទ ហើយឧក្រិដ្ឋកម្មទាំងនោះមិនត្រូវបានគេរាយការណ៍ទេ។ Kila Reimer បានបន្ថែមថា៖ «មានកុមារដែលជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មផ្សេងៗគ្នា ប៉ុន្តែមិនត្រូវបានរាយការណ៍ទេ។ យើងមិនដឹងថាមានករណីបែបនេះប៉ុន្មានទេ»។
លោកស្រីបាននិយាយថា ប្រព័ន្ធនេះអាចជួយបន្ធូរបន្ថយភាពតានតឹងរបស់កុមារ ដែលប្រឈមនឹងឧក្រិដ្ឋកម្មលើនឹងកុមារ។ អ្នកស្រីសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មផ្លូវភេទធ្វើឲ្យមានការខូចខាតផ្លូវចិត្ត និងផ្លូវកាយខ្លាំងក្លា ហើយមានរយៈពេលយូរអង្វេង។ វាប៉ះពាល់គ្រប់ផ្នែកនៃជីវិតរបស់ជនរងគ្រោះ ទាំងមនុស្សពេញវ័យ ទាំងកុមារ៕