បុគ្គលិក​ក្រុមហ៊ុន​ប្រេង​កាល់តិក​​បន្ត​កូដកម្ម​ទៀត​បន្ទាប់​ពី​ការ​ចរចា​​បរាជ័យ

ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​កាល់តិច​ (Caltex) មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​បិទ​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៤។

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ធ្វើ​កូដកម្ម​ដើម្បី​ទាម​ទារ​ដំឡើងប្រាក់​ខែ ​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈកាល់តិក​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រម​ព្រាង​ណាមួយ​នៅ​ឡើយរហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អង្គារ។​

ក្រុមបុគ្គលិបាន​ប្រកាស​ថា ​នឹង​បន្ត​ធ្វើ​កូដកម្ម​របស់​ខ្លួន​បន្ត​ទៀត។​

ចាប់​តាំង​ពី​រសៀល​ថ្ងៃ​អង្គារ​មក​ តំណាង​ភាគី​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិក​និង​ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​បាន​ចរចាគ្នាអស់​រយៈ​ពេល​ជាង​បួន​ម៉ោង​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​សហជីព​និង​តំណាង​មក​ពី​ក្រសួង​ការងារ។ ​ប៉ុន្តែការ​ចរចា​នេះ​មិន​បានសម្រេចតាម​ការ​ទាមទារ​របស់​ក្រុម​បុគ្គ​លិក​នោះ​ទេ។​

បន្ទាប់​ពី​កិច្ច​ចរចា​នេះ លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណី​អាហារ ​និង​សេវា​កម្ពុជា ថ្លែង​ថា​ ការ​ចរចា​ពេញ​មួយ​រសៀល​នេះ​មិន​ទទួល​បាន​លទ្ធភាព​អ្វី​ជា​ផ្លែផ្កា​នោះ​ទេ។​

«ចំពោះ​លទ្ធផល​នៅ​ថ្ងៃ​នេះ​ យើង​ឃើញ​ថា​ មិន​មាន​លទ្ធផល​អ្វី​ទេ​ ដោយ​សារ​ក្រុមហ៊ុន​នៅ​តែ​រក្សា​ជំហរ​មិន​ដំឡើង​ប្រាក់​ខែ​ទី​១៣​ឱ្យ​ស្មើ​បង​ប្អូន​កម្មករ​និយោជិក ​និង​ស្នើ​ឱ្យ​លើក​ពី​ប្រាក់​ខែ​ទី​១៣​នៅ​ពេល​ក្រោយ។​ ចំពោះ​រឿង​ប្រាក់​ឈ្នួល​វិញ ​ ក្រុមហ៊ុន​នៅ​តែ​ស្នើ​សុំ​ពន្យារ​ពេល​ពី​ពីរ​ទៅ​បី​ខែ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ​និង​មិន​អាច​ឆ្លើយ​ជូន​ជាក់លាក់​ ថា​តើ​ចំនួន​ប៉ុន្មាន​ដែល​ក្រុមហ៊ុន​អាច​ដំឡើង​ឱ្យ​បង​ប្អូន​និយោជិក​នោះ​បាន​ទេ»។​

យ៉ាង​ណា​ក៏​ដោយ ភាគី​និយោជិក​ក្រុមហ៊ុន​នេះ​បាន​ច្រាន​ចោលសំណើ​តប​នេះ ​និង​ទាមទារ​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ភ្លាមៗ។​

លោកស្រី ចាន់ ឡេក មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​កាល់តិក​ប្រចាំ​កម្ពុជា ​បានឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​សារ​អេឡិចត្រូនិច​ថា ខ្លួន​មាន​ការ​អាក់​អន់​ចិត្ត​នៅ​ពេល​ដែល​ភាគី​សហជីព​បន្ត​បដិសេធសំណើ​របស់​ក្រុមហ៊ុន។​

ហើយ​ក្រុមហ៊ុន​សង្ឃឹម​ថា ​បុគ្គលិក​របស់​ខ្លួន​នឹង​យល់ព្រម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សុឆន្ទៈ​និង​បោះបង់​ចោល​កូដកម្ម​ដែល​មិន​ស្រប​ច្បាប់​របស់​ពួក​គេ។​

នេះ​គឺជា​លើក​ទី១​ហើយ​ដែល​បុគ្គលិកនៃ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អាមេរិកាំង​នេះ​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​ ស្របពេល​ដែល​ក្រុម​ហ៊ុន​Chevron​ គ្រោង​នឹង​ចាប់​ផ្តើម​បូម​ប្រេង​នៅ​ឈូង​សមុទ្រ​ដែន​ទឹក​កម្ពុជា​នៅ​ឆ្នាំ​២០១៦។​

ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​កាល់​តិច​ប្រមាណ​៣០០​នាក់​បាន​ធ្វើ​កូដ​កម្ម​នៅ​តាម​ស្ថានីយ៍​នីមួយៗ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​មក​ម្ល៉េះ​ ដោយ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី​១៣។​

បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ផ្នែក​អនាម័យ ​បច្ចុប្បន្ន ​ទទួល​បាន​ប្រាក់​ខែ​១០០​ដុល្លារ ​បុគ្គលិក​ចាក់សាំង​ទទួល​បាន​១១០​ដុល្លារ​និង​ផ្នែក​បេឡា​ទទួល​បាន​១៣០​ដុល្លារ។​

ក្រុម​បាតុករ​បាន​អះអាង​ថា​ ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ​ដែល​ធ្លាប់​តែ​អះអាង​ថា​ ជា​ក្រុមហ៊ុន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​និង​បាន​ចូលរួម​កិច្ច​ការ​សង្គម​ជា​ច្រើន​នោះ ​បាន​ខក​ខាន​ក្នុង​ការ​ផ្តល់​ប្រាក់​បៀវត្សរ៍​សមរម្យ​ដល់​បុគ្គលិក​ខ្លួន។​

ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិក​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ​Chevron ​ដែល​ជា​ក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​ និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ ​នេះ​បើ​តាម​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​នេះ។​

ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​កាល់តិកនេះ កើត​ឡើង​ក្រោយ​ពី​បាតុកម្ម​របស់​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់ និងបាតុកម្ម​របស់​កម្មករ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក​ ​ក្នុង​បុព្វហេតុ​ដូច​គ្នា​នេះ។

ក្រុម​កម្មករ​ក៏​បាន​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ។​

ក្រោយ​ពីកិច្ច​ប្រជុំ​ ដែល​មិន​បាន​លទ្ធផល​ខាងលើនេះ ​តំណាង​ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​គ្នា​ឡើង​វិញ​រវាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិក ​និង​ក្រុម​បុគ្គលិកនៅ​ថ្ងៃទី​២០​ខែ​ឧសភា​នេះ៕