ពលរដ្ឋខ្លះ​នៅ​តំបន់​ក្រហម​តវ៉ា​សុំ​ស្បៀង ចំ​ពេល​មាន​ការព្រមាន​ពី​«វិបត្តិ​មនុស្សធម៌»

បុរសម្នាក់ទិញសាច់ជ្រូកឲ្យស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់ក្រហម ដែលកំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។

ការស្នើសុំ​ជំនួយ​ស្បៀង​អាហារ​សង្គ្រោះ​ពី​សំណាក់​ពលរដ្ឋ​នៅ​តំបន់បិទខ្ទប់ បានក្លាយ​ជា​ការ​តវ៉ា​នៅតំបន់​យ៉ាងហោច​មួយ ​ក្នុង​ចំណោម​តំបន់​ក្រហម​ក្នុងរាជធានីភ្នំពេញ ខណៈ​ក្រុម​ឃ្លាំមើល​មួយ​បាន​ព្រមាន​អំពី ​«វិបត្តិមនុស្សធម៌និងសិទ្ធិមនុស្ស» ​កើតមាន​អំឡុង​ការ​បិទខ្ទប់​រាជធានី​ភ្នំពេញ។​

តំបន់ទាំងមូល​និង​ដោយ​ផ្នែក​នៃ​សង្កាត់សរុបចំនួន ១០ ​នៅ​ខណ្ឌ​ចំនួន ៥ ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ជាប់​វិធានការ​បិទ​ខ្ទប់​ជា​តំបន់​ក្រហម ដើម្បី​បញ្ចៀស​ហានិភ័យ​ឆ្លងខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ​ដែល​វាយ​លុកតំបន់ទីផ្សារ​ និង​តំបន់​រោងចក្រ​ឧស្សាហកម្ម​របស់​រាជធានី​ភ្នំពេញ​ តាំង​តែពីដើម​ខែ​មេសា​មក។

ពលរដ្ឋ​ក្នុ​ង ភូមិ​ភ្នាត សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌ​មាន​ជ័យ បាន​ចេញមកតវ៉ា​ស្នើសុំ​ជំនួយស្បៀងអាហារ​នៅទីតាំង​រាំង​ផ្លូវ​របស់សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ជាមួយ​នឹង​បដា​ដែល​អាន​ថា «ភូមិខ្ញុំដាច់បាយ​ហើយ»។

លោកអភិបាល​រង​រាជធានី​ភ្នំពេញ នួន ផារ័ត្ន បានចេញ​សម្រប​សម្រួលផ្ទាល់​នៅទី​តាំង​ជាក់​ស្ដែង​ដោយ​បាន​កាន់​ឧគ្ឃោសនស័ព្ទ ប្រាប់​ពលរដ្ឋ​ដែល​ពាក់ម៉ាស ​ឈរ​ស្រែក​តវ៉ា​យ៉ាង​កុះករ ឱ្យ​បំបែក​គ្នា៖

«ម៉ោងនេះ​អ្វី​ដែល​សំខាន់​ជាង​គេ គឺអាយុ​ជីវិត។ អាយុជីវិត​សំខាន់ជាង​គេ។ យើង​ហូប​ដើម្បី​រស់ យើង​ទទួល​ដឹង​ឮ ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​អាច​ឱ្យ​ជំងឺ​នេះ​ឆ្លង​ត​គ្នា ពេញ​មួយ​ខណ្ឌ ពេញ​មួយ​សង្កាត់ និង​ពេញមួយ​ភូមិ​ទេ សូម​យោគ​យល់​អធ្យាស្រ័យ បងប្អូន​ណា​ខ្វះ​ខាត អាជ្ញាធរ​នឹង​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ»។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនេះ​បន្ថែមថា​៖ «អ្នកមានកុំ​ចង់​ធ្វើ​ក្រ បើអ្នក​អត់​មែនទែន​ប្រាប់​មេភូមិ​ទៅ គេយក​អំណោយ​មក​ទាន់​ពេលវេលា។ អ្នកខ្លះ​មានផ្ទះ គេ​យក​ឥវ៉ាន់​មក​លក់​ទេ​តើ»។

ឮដូច្នោះ ពលរដ្ឋ​ក៏​តប​មកវិញថា តំ​បន់​ភូមិភ្នាត​ដែ​ល​ពួកគាត់​រស់នៅ​នោះ ភាគច្រើន​ជា​អ្នក​ជួល​ផ្ទះគេស្នាក់អាស្រ័យ​បំពេញ​ភារកិច្ច​ទេ តែ​ត្រូវជាប់គាំង​ក្នុងតំបន់ក្រហម​នៃ​ការបិទខ្ទប់​រាជធានី​ភ្នំពេញ។

នៅ​តំបន់​ក្បែរ​ខាង ពលរដ្ឋ​ក៏​កំពុង​ពើបប្រទះ​នឹង​ការ​ខ្វះខាត​ម្ហូប​អាហារ​ផង​ដែរ អំឡុង​ពេល​នៃ​ការបិទខ្ទប់​នេះ។

អ្នកស្រី អ៊ិន សៅ អាយុ​ ៤០ ឆ្នាំ ជាកម្មការនី​រោងចក្រ​កាត់ដេរ ​មីតធី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩​ ផង​ដែរ។ ម្ដាយ​នៃកូនបី​នាក់​រូបនេះ ​ត្រូវធ្វើ​ចត្តាឡីស័ក​ពីដើម​ខែមេសា​មក​ទល់​នឹង​ថ្ងៃទី ១៧​ ខែមេសា ចេញ​មកវិញ​ចំពេលបិទខ្ទប់ បាត់បង់​ការងារ និង​ចំណូល។

អ្នកស្រី អ៊ិន សៅ បាន​ប្រាប់វីអូអេ​តាម​ទូរស័ព្ទ ពី​បន្ទប់ជួល​ក្នុង​សង្កាត់ស្ទឹងមានជ័យទី ២ ​ថា ខ្លួន​កំពុង​ជួប​វិបត្តិ​ខ្វះ​ស្បៀង​អាហារ។​

«ចាស៎ ខ្ញុំអត់ ព្រោះ​កូន​ខ្ចី កូនខ្ញុំ​អត់​ទឹក​ដោះ​គោ ហើយ​ឥតអី​ហូប​ទៀត ទាំង​កូន​ទាំងអស់៥នាក់ ហើយ​ប្ដី​គេ​បិទផ្លូវ​ទៅ​ធ្វើការ​គេមិនឱ្យ​ចេញ​ផង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្វះ​តែ​ម្ដង បង​អើយ ថ្ងៃនេះ​អត់​មាន​អីហូប​ទេ បាន​បងប្អូន​ជិត​នេះ​គាត់​ឱ្យ​ត្រី​ខ​មួយ​កំប៉ុង ហើយ​សុំគេ ហើយ​ទឹកដោះគោ​កូន​ក៏​អត់​ទៀត​បង​អើយ»។

កម្មការនី​រោងចក្រ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​រូប​នេះ បាន​ថ្លែង​ថា​តាំងពីថ្ងៃ​ចេញ​ពី​ធ្វើចត្តាឡីស័ក​មក ខ្លួនពិសារបាយជាមួយទឹកត្រី មិនមាន​ការ​ហូបចុក​គ្រប់គ្រាន់​នោះទេ ព្រោះ​ចំណូល​ប្រចាំខែ​ទាំងស្វាមី​ភរិយា ដែលសរុប​ ៤០០ ​ដុល្លារ​នោះ មិន​ទទួលបានទេ​នៅខែ​មេសា​នេះ។

«ខ្ញុំនឹកៗ​ដេកគិត យប់​មិញ​ដេកយំ មិន​ដឹង​គិតថាម៉េច នឹក​អាណិត​កូន​ផង អាណិត​នេះ​ផង»។​

អង្គការ Amnesty International បាន​ព្រមាន​អំពី​ «វិបត្តិ​មនុស្សធម៌​និង​សិទ្ធិ​មនុស្ស»​ ដែល​អាច​កើត​មាន​ឡើង ដោយសារ​តែ​ពលរដ្ឋ​ជាប់​ក្នុង​តំបន់​បិទ​ខ្ទប់​ជួប​ការខ្វះស្បៀង​ផង និង​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​ផង។

លោក ម៉ា សុខា កម្មករ​សំណង់​ដែល​រំពឹង​ចំណូល​ប្រចាំថ្ងៃ ១០ ដុល្លារ មិន​បាន​ទៅ​ធ្វើការ​នោះទេ តាំងពីថ្ងៃទី ​១៤ ខែ​មេសា​មក។ លោក​រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ភរិយា​នៅ​សង្កាត់ស្ទឹងមានជ័យទី ២​នេះដែរ ហើយ​ស្បៀងបម្រុង​ទុក​របស់​លោក កាន់​តែ​ខើច​ទៅៗ។​

«បានបន្តិចនេះ​ហើយ តែបើ​គេបិទ​ខ្ទប់​ទៅ​មុខទៀត ប្រហែលជា​ដាច់​ស្បៀង​មែន​ទែន​ហើយ​បង​ប្រហែល​ជា​ទប់​បាន​បួនប្រាំថ្ងៃទៀត»។​

សង្កាត់ស្ទឹងមានជ័យ ២ ​ស្ថិត​ក្នុងចំណោម​សង្កាត់ទាំង ១០ ​របស់​រាជធានីភ្នំពេញ ដែល​ត្រូវរង​ការ​បិទ​ខ្ទប់​តឹងតែង​ពណ៌​ក្រហម ដែល​គ្រោង​នឹង​បន្ត​ដល់​ថ្ងៃទី ០៥ ​ខែឧសភា៕