រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការ។
គេហទំព័រឈ្មោះ«កំណត់ត្រា» kamnotra.io គឺជាការប្រមូលផ្តុំនូវទិន្នន័យព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ។ វាត្រូវបានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងវីអូឌី ដាក់ដំណើរការ កាលពីខែមិថុនា។
នៅក្នុងលិខិតមួយច្បាប់របស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ដែលវីអូអេទទួលបាន ស្ថាប័ននោះបានស្នើឲ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតចាត់វិធានការបិទខ្ទប់តំណភ្ជាប់របស់អង្គភាពសារព័ត៌មានមួយចំនួន ក្រោមហេតុផលថា សារព័ត៌មានទាំងនោះ«ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។
ការស្នើឱ្យបិទនេះ យោងតាមសំណើរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន។ បើតាមលិខិតនោះ និយ័តករទូរគមនាគមន៍កម្ពុជាស្នើរាំងខ្ទប់ Twitter Instagram YouTube របស់សារព័ត៌មាន The Cambodia Daily តំណភ្ជាប់ទាំងអស់របស់វិទ្យុអាស៊ីសេរី និងតំណភ្ជាប់ ក៏ដូចជា Twitter របស់គេហទំព័រ kamnotra.io។
លិខិតបញ្ជាក់ថា៖ «ក្រុមហ៊ុនត្រូវចាត់វិធានការបិទខ្ទប់ឈ្មោះទាំងអស់ខាងលើឱ្យបានពេញលេញជាបន្ទាន់ និងត្រូវរាយការណ៍ជាផ្លូវការមកនិយ័តករទូរគមនាគមន៍កម្ពុជា វិញក្នុងរយៈពេល ៧ ថ្ងៃ ក្រោយកាលបរិច្ឆេទនៃលិខិតនេះ»។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបដិសេធមិនអត្ថាធិប្បាយដោយស្នើឱ្យទាក់ទងអ្នកនាំពាក្យវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងបាននៅឡើយទេ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់វីអូអេថា ការស្នើបិទគេហទំព័រនោះ ដោយសារតែគេហទំព័រទាំងនោះ«ផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា គេហទំព័រកំណត់ត្រា«បានធ្វើប្រតិបត្តិការជាសារព័ត៌មានមួយ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងនាម ជាភ្នាក់ងារសារព័ត៌មានមួយ ដែលត្រូវបានទទួលថាស្របច្បាប់នោះទេ»។
លោកបន្ថែមថា គេហទំព័រមួយនេះកំពុងផ្សាយព័ត៌មាន«ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំផងដែរ»។
លោក អ៊ិត សូធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងថា ក្រុមការងារបស់លោក មិនអាចចូលទៅកាន់គេហទំព័រតាមសេវាអ៊ីនធឺណិតមួយចំនួន គិតត្រឹមរសៀលថ្ងៃចន្ទនេះ។ លោកសោកស្តាយដែលគេហទំព័រកំណត់ត្រា ត្រូវបានរាំងខ្ទប់។
លោកបញ្ជាក់ថា៖ «អញ្ចឹងគោលបំណងយើង គឺបម្រើប្រយោជន៍សាធារណជន នៅពេលដែលគេហទំព័រយើងត្រូវបានបិទទិន្នន័យទាំងអស់ហ្នឹងក៏មិនអាចទៅដល់បងប្អូនប្រជាពលរដ្ឋយើងដែលគាត់ត្រូវការទិន្នន័យទាំងអស់ ដើម្បីប្រើប្រាស់ក្នុងគោលបំណងណាមួយរបស់ពួកគាត់ហ្នឹង»។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា យល់ឃើញថា ការរាំងខ្ទប់គេហទំព័ររបស់ស្ថាប័នសារព័ត៌មានទាំងអស់នោះ មិនមានផលចំណេញអ្វីនោះទេ ព្រោះទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋនឹងបាត់បង់ភាពចម្រុះក្នុងការទទួលបានព័ត៌មានផ្សេងៗក្នុងសង្គម និងប៉ះពាល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថាការផ្អាក ការមិនអនុញ្ញាតឱ្យអាចទទួលបានព័ត៌មានពីគេហទំព័រទាំងអស់ហ្នឹង វាធ្វើឱ្យខាតប្រយោជន៍ វាធ្វើឱ្យមានផលប៉ះពាល់ទៅដល់សិទ្ធិ ហើយនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណរបស់វីអូឌី តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការផ្តល់ជំនួយ ១០០.០០០ ដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ ក្រសួងព័ត៌មានបានបញ្ជាក់ថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»៕