តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​លោក​ម៉ម សុណង់ដូ

សាលាដំបូងរាជធានី​ភ្នំពេញ​បានសម្រេច​ឃុំ​ខ្លួន​លោក ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក្រឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​ការចោទប្រកាន់​ដែល​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ខ្មែរ​ហៅ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍។

លោក​ម៉ម សុណង់ដូ ដែល​បានស្ថិត​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុងភ្នំពេញ​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បន្ទាប់​ពី​មាន​ការប្រកាស​ស្វែងរក​ចាប់ខ្លួន​លោក​ជា​សាធារណៈ​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន កាល​ពី​ខែ​មិថុនា។

លោក​ត្រូវចោទ​ប្រកាន់​ដោយ​សាលាដំបូង​ខេត្ត​ក្រចេះ ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​មន្រ្តី​អាជ្ញាធរ​ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការចោទ​ទាក់ទង​នឹង​ការប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់​និង​ការផ្តួចផ្តើម​គំនិត​ប្រឆាំង​នឹង​រាជការ​សាធារណៈ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្រ្កាប​យ៉ាង​ហិង្សា​លើ​ជម្លោះ​ដីធ្លី​មួយ​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ខែ​ឧសភា។ ការបង្រ្កាប​ដែល​ក្រុម​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់។ ហើយ​រដ្ឋាភិបាល​បានតាម​ស្វែងរក​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ប៊ុន រដ្ឋា ដែល​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ។ បុរស​រូប​នេះ​ត្រូវ​ចោទប្រកាន់​ថា ជា​មេ​ខ្លោង​នៃ​ការ​ធ្វើអបគមន៍។

លោក​ម៉ម សុណង់ដូ ត្រូវ​បានផ្ទេរ​និង​នាំខ្លួន​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជាធានី​ភ្នំពេញ​មុន​នឹង​ត្រូវ​នាំខ្លួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​ដែល​ជា​មន្ទីរ​ឃុំឃាំង​សម្រាប់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ក្រោយ​ពី​លោកស្រី​ចៅក្រម​សែម សក្តិកូឡា បាន​ចោទ​សួរ​រូប​លោក​អស់រយៈពេល​ជាង​ពីរ​ម៉ោង​កាល​ពីព្រឹក​មិញ​នេះ។

«(តុលាការ) សួររឿង​ហេតុការណ៍​និង​សួរ​ថា តើ​មាន​ទំនាក់ទំនង​ជាមួយ​ប៊ុន រដ្ឋា ឬ​អត់​។ ប៉ុន្តែ​ក្នុង​បទ​ល្មើស​មួយ​មាន​បទចោទ​ពី​កុប្បកម្ម​ដែល​ជា​បទឧក្រិដ្ឋ​។ បើសិន​ជា​កុប្បកម្ម (ត្រូវ​បាន​រកឃើញ) អាច​ជាប់​គុក​១៥​ឆ្នាំ»។
លោក​សុខ សំអឿន ជា​មេធាវី​របស់​លោក​ម៉ម សុណង់ដូ។



លោក​ម៉ម សុណង់ដូ គឺ​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដែល​ហ៊ាន​និយាយ​ត្រង់​ៗ នូវ​អ្វី​ដែល​លោក​បាន​ឃើញ​និង​ជួបប្រទះ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​។ ទស្សនៈ​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​យក​មក​លាតត្រដាង​តាមរយៈ​ការផ្សាយ​នៃ​វិទ្យុ​សំបុកឃ្មុំ អេហ្វអឹម ១០៥ របស់​លោក​។ លោក​បានបង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ​មួយ​បន្ទាប់​ពី​រូប​លោក​បានផ្តួចផ្តើម​គំនិត​ជំរុញ​ឲ្យ​មាន​ការរួបរួម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​គណបក្ស​ជំទាស់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់​លោក​កឹម សុខា។

លោកស្រី​ឌឹម ផាណារ៉ា ភរិយា​លោក​ម៉ម សុណង់ដូ មាន​ប្រសាសន៍​នៅ​តុលាការ​ក្រុងភ្នំពេញ​ក្រោយពី​ប្តី​របស់​លោកស្រី​ត្រូវ​ដឹកចេញ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង។

«គាត់​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ទាំង​អស់​ហេតុ​ដូច្នេះ​ទើប​បាន​ជា​គាត់​ហ៊ាន​មក​ប្រឈម​មុខ​នឹង​ច្បាប់។ នៅ​បរទេស​អ្នកណា​ក៏​មិន​ឲ្យ​គាត់​មក​ដែរ។ ទោះ​តុលាការ​ឯករាជ្យ ឬ​មិន​ឯករាជ្យ​គាត់​មក​ប្រឈម​នឹង​ច្បាប់​ដើម្បី​ឲ្យ​ដឹង​ខុស​ត្រូវ។ គាត់​មិន​ចូលចិត្ត​មនុស្ស​ខូច​ទេ​។ គាត់​តែងតែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា ឲ្យ​ស្រឡាញ់​គ្នា​ជួយ​គ្នា គាត់​មិន​ដែល​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​យក​ដី​គេ​ឲ្យ​ធ្វើ​ខុស​ច្បាប់​គឺ​មិន​ដែល។ ដូច្នេះ​ហើយ​ទើបគាត់​ហ៊ាន​មក​ប្រឈម​មុខ​ច្បាប់»។

លោកស្រី​ឌឹម ផាណារ៉ា បាន​និយាយ​រយៈពេល​ខ្លី​ជាមួយ​ប្តី​របស់​គាត់​នៅ​មុន​និង​ក្រោយ​ពេល​ជួប​ជាមួយ​ចៅក្រម​ស៊ើបអង្កេត។

«គាត់​និយាយ​ថា អត់​មាន​រឿង​អី​ទេ។ កុំ​ភ័យ​អ្វី​ទាំង​អស់»។

លោកស្រី​ចៅក្រម សែម សក្តិកូឡា មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៤ ក្នុង​នោះ​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អង្គការ​អាដហុក មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ជា​ដើម បានអំពាវនាវ​នៅ​ថ្ងៃ​នេះ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​លោក​ម៉ម សុណង់ដូ​ ជា​បន្ទាន់។

លោក​យ៉េង វីរៈ នាយក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​ធ្លាប់​ជាប់​គុក​ជាមួយ​លោក​ម៉ម សុណង់ដូ ដោយសារ​តែ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ចំពោះ​អ្វី​ដែល​ពួក​លោក​បានរិះគន់​ពី​បញ្ហា​ព្រំដែន មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អង្គការ​នោះ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការនិយាយ​រិះគន់​មិនត្រូវ​ធ្វើ​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​នោះ​ទេ។

ដោយឡែក​លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក ម៉ម សុណង់ដូ គួរត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ត្បិត​លោក​មាន​សេចក្ដីក្លាហាន​ក្នុង​ការត្រឡប់​ពី​ក្រៅ​ប្រទេស​ចូល​ប្រឈម​នឹង​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល។ ហើយ​នេះ គឺ​ជា​ការចាប់ខ្លួន​ដែល​នាំ​ទៅ​ដល់​ការគំរាម​កំហែង។

«ប្រជាពលរដ្ឋ​ជាច្រើន និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នឹង​មាន​ការភ័យ​ខ្លាច។ ការចាប់ខ្លួន​នេះ​គឺ​ជា​ការ​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។ ហើយ​យើង​ដើរ​ថយក្រោយ​មួយ​ជំហាន​ដ៏​ធំ​នៅ​ពេល​ដែល​មានការចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ហើយ​គឺ​ជា​ការផ្ញើសារ​អាក្រក់​មួយ​ដល់​អ្នក​ប្រជាធិបតេយ្យ​នៅ​ប្រទេសកម្ពុជា»។

ក្រុម​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រមាណ​ជា​៣០​នាក់ បានប្រមូលផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ដោយ​លើក​រូប​ថត​លោក​ម៉ម សុណង់ដូ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​នោះ​ទាមទារ​ឲ្យ​ដោះលែង​រូប​លោក។

អ្នកស្រី ស ស៊ន មក​ពី​សហគមន៍​បុរីកីឡា​គឺ​ជា​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ។

«ខ្ញុំ​មក​នេះ​ដើម្បី​គាំទ្រ​និង​លើក​ទឹកចិត្ត​គាត់​ពីព្រោះ​គាត់​គ្មាន​កំហុស ហើយ​ក៏​មិន​បានធ្វើ​អបគមន៍​អ្វី​ដែរ។​ គាត់​បង្កើត​សមាគម​គ្រាន់តែ​ជួយ​ប្រជាជន​ដាច់​បាយ ការពារសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​ឲ្យ​ខ្មែរ​យើង​យល់ដឹង​ពី​សិទ្ធិ​រស់នៅ និង​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​អី​ទេ»។

លោក​ម៉ម សុណង់ដូ ធ្លាប់​បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា លោក​មិនមាន​កំហុស​ដូច​ការចោទប្រកាន់​ទៅ​លើ​រូប​លោក​នោះ​ទេ៕