អាជ្ញាធរ​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ចាប់​លោក​ថោង ​សារ៉ាត់

  • ហេង ​រស្មី

សៀង វាសនា (កណ្តាល) ដែល​គេ​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ។ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

នៅ​សល់​តែ​មួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ​ ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ ​ ថៅកែ​ស៊ីម៉ង់តិ៍​សញ្ញា​ត្បូង​ពេជ្រ​មាន​រយៈពេល​ចំនួន​មួយ​ខែ។ ​ក៏​ប៉ុន្តែ​ជន​សង្ស័យ​ឈ្មោះ ​ថោង សារ៉ាត់​ ដែល​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អះអាង​ថា​ជា​មេ​គំនិត​នៅ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​លេចធ្លោ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នេះ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃកម្ពុជា​នៅ​ទីបំផុត​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ប្រសិន​បើ​ប្រទះ​ឃើញ​លោក​ឧកញ៉ា ថោង​ សារ៉ាត់​ ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ដែល​នៅ​កៀក​បំផុត​ដើម្បី​នាំ​ខ្លួន​ជន​សង្ស័យ​មក​ផ្តន្ទា​ទោស។​

លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​ធានា​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប ប្រសិន​ណា​បើ​ពួកគេ​ជួយ​ផ្តល់​ព័ត៌មាន​ដែល​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​លោក​ថោង សារ៉ាត់។​

លោក​និយាយ​ថា៖ «ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ ពិសេស​សាច់​ញាតិ​លោហិត​ដែល​ធ្លាប់​ស្គាល់​លោក​ឧកញ៉ា ថោង សារ៉ាត់​ ហ្នឹង ​សូម​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​យើង​ដើម្បី​ជា​ផល​ប្រយោជន៍​រួម​ទាំង​អស់​គ្នា ​ពីព្រោះ​ថា​ អ្នក​ដែល​ពាក់ព័ន្ធ​មាន​តែ​គាត់​ហ្នឹង​មួយ​ទេ​ មិន​ពាក់ព័ន្ធ​ដល់អ្នក​ណា​ផ្សេង​ក្រៅ​ពី​គាត់​ទេ»។​

លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ អាយុ​៥៣​ឆ្នាំ​ថៅ​កែ​ស៊ីម៉ង់តិ៍​សញ្ញា​ត្បូង​ពេជ្រ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាញ់​នឹង​កាំ​ភ្លើង​ខ្លីជាច្រើន​គ្រាប់ ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បណ្តាល​ឱ្យ​ជនរង​គ្រោះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។ក្នុង​ខណៈ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រថ​យន្ត​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​តូប​លក់​ផ្លែឈើ​មួយ​នៅ​ជិត​ម្តុំ​អាង​ទឹក​អូឡាំពិក។​

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥​កន្លង​ទៅ​នេះ​ ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស អង្គរក្ស​លោក​ឧកញ៉ា ​ថោង សារ៉ាត់​ ​សង្ស័យពី​បទ៖ ​«ឃាតកម្ម​គិត​ទុក​ជាមុន»​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ។​

ជន​សង្ស័យ​ទាំង​បួន​នាក់​ ដែល​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​រួម​មាន៖​ សៀង វាសនា​ សង្ស័យ​ថា​ជាជន​ដៃ​ដល់​ លី សៅ​ អ្នក​បើក​ម៉ូតូ​ដឹក​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ និង​ពីរ​នាក់​ផ្សេង​ទៀត​គឺ ​មាស សម្បត្តិ​ និង ​កូយ ចាន់​ថុល​ ជា​អ្នក​បើក​ម៉ូតូ​បិទ​គូថ​តាម​ពី​ក្រោយ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច។​

អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​សន្និដ្ឋាន​ថា​ លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ជា​មេគំនិត​តែ​ម្នាក់​គត់​នៅ​ក្នុង​សំណុំរឿង​អំពើ​ឃាតកម្ម​ដ៏​លេចធ្លោ​មួយ​នេះ។​

បន្ទាប់​ពី​ឃាតកម្ម​បាន​ជាង​ពីរ​សប្តាហ៍ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​។ ក៏​ប៉ុន្តែ​ភរិយា​ទី​២​ និង​ប្អូន​ប្រុស​លោក​ឧកញ៉ា ថោង សារ៉ាត់​ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​សម្រេច​ដោះលែង​វិញ។​

ចំណែក​ឯ​ លោក​ ថោង ចំរើន​ អាយុ​៦៥​ឆ្នាំ ​ត្រូវ​ជា​ឪពុក និង​ លោក​ស្រី កែវ សារី​ អាយុ​ ៥៥​ឆ្នាំ ​ត្រូវ​ជា​ម្តាយ​លោក​ឧកញ៉ា ​ថោង សារ៉ាត់​ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។​

ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជូន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ទៅ​ប៉ូលិស​អន្តរជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅទីក្រុង​លីយ៉ុង​ ក្នុង​ប្រទេស​បារាំង​ ដើម្បី​ឲ្យ​ចេញ​និវេទន៍​ក្រហម​ដល់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ប៉ូលិស​អន្តរជាតិ​ទាំងអស់​ស្វែង​រកចាប់​ខ្លួន​លោក ​ថោង សារ៉ាត់។​

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ​តាម​ធម្មតា​រយៈពេល​ពី​មួយទៅ​ពីរ​សប្តាហ៍​ ក្រោយពី​បាន​ទទួល​ដីកា​របស់​កម្ពុជា​ហើយ​ប្រទេស​បារាំង​នឹង​ចេញ​និវេទន៍​ក្រហម​មួយ​ជា​ផ្លូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ការ​ចាប់​ខ្លួន​លោក​ ថោង សារ៉ាត់៕