គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​«មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ»

លោក កឹម​ សុខា អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ជាមួយ​លោក John Kerry រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA)

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រាប់​​ VOA ​ថា ​គណបក្ស​នេះ​មានរឿង​ប្រទេស​ជាតិ​ជា​ច្រើន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។​

ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រកាស​ថា រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម សុខា​និង​នារី​វ័យ​ក្មេង​ ​បាន​ទៅ​ដល់​ដៃ​របស់​លោក​ ហើយ​ថា រដ្ឋាភិបាល​និង​រដ្ឋ​សភាជាតិ ​អាច​នឹង​ធ្វើ​កិច្ច​អន្តរាគមន៍​នោះ​ ស្ថាប័ន​មួយ​ចំនួន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា ​ដែលគេ​សង្ស័យ​ថា ​ជា​សំឡេង​របស់​ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គណបក្ស​ជំទាស់​នេះ​ បន្ត​ប្រកាន់​ជំហរ «មិន​ឆ្លង មិន​ឆ្លើយ​និង​មិន​ឈ្លោះ»​ ដដែល។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​និង​ជា​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​សុំ​មិនអធិប្បាយ​អំពី​រឿង​នេះ​ទេ។

លោក​និយាយ​ថា ​គណបក្ស​នេះ​មានរឿង​ប្រទេស​ជាតិ​ជា​ច្រើន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។​

«ខ្ញុំ​សូម​អត់​ធ្វើ​អត្ថាធិប្បាយ​ទេ។ ​ខ្ញុំ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​១លាននាក់​ឆ្លើយ​ជំនួស​ចុះ»។

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លេខាធិការដ្ឋាន​រដ្ឋសភា​ បាន​បញ្ជូន​លិខិត​របស់​និស្សិត​ដែល​ទាមទារ​ឲ្យ​រដ្ឋ​សភាកោះ​ហៅ​លោក ​កឹម សុខា ​ឲ្យ​បំភ្លឺ​រឿង​ខ្សែ​អាត់​សំឡេង​ស្នេហា​នោះ។​

លោក​ ឡេង ប៉េងឡុង​ អគ្គ​លេខាធិការ​នៃ​លេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ប្រាប់​ VOA ​ថា ​លោកបាន​បញ្ជូន​លិខិត​របស់​និស្សិត​នោះ​ទៅ​លោក​ កឹម សុខា ​តាម​ចំណារ​របស់​លោក ​ងួន ញ៉ិល​ ប្រធាន​រដ្ឋសភា​ស្ដីទី​ និង​ស្រប​តាមមាត្រា​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឲ្យសភា​ឬ​សមាជិក​សភាឆ្លើយ​នឹង​ញត្តិ​របស់​ពលរដ្ឋ​ឲ្យ​បាន​ហ្មត់ចត់។

«ក្នុង​ច្បាប់​យើង ​យើង​មាន​តែ​ប៉ុណ្ណឹង​បាទ។ ​ យើង​មាន​តែ​ធ្វើ​សំបុត្រ​ឲ្យ​គាត់។ ​បើ​គាត់​មិន​ឆ្លើយ​ ​មាន​តែ​ខ្ញុំ​ហ្នឹង ​រដ្ឋសភា​ហ្នឹង​ គឺ​យើង​រាយ​ការណ៍​ទៅ​យុវជន​ថា ​គាត់​មិន​ឆ្លើយ​ទេ។ ​តែ​ប៉ុណ្ណឹង​ទេ​បាទ។​ អឺ​យើង​មិន​ទាន់​មាន​ច្បាប់​លម្អិត​ណាមួយ​ដែល​បញ្ជាក់​ពី​វិធាន​ការ​ផ្សេង​ទៀត​ទេ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានទទួល​ពាក្យ​បណ្ដឹង និង​ធ្វើ​សន្និសីទ​អំពី​បណ្ដឹង​របស់​ក្រុម​និស្សិតដែល​ទាមទារ​ការ​បំភ្លឺ​ពី​លោក ​កឹម សុខា ​អំពី​ខ្សែអាត់​សំឡេង​ស្នេហា​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​លោក ​កឹម សុខា​ និង​នាង ​ខុម ចាន់តារាទី។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នឹង​ចេញ​លទ្ធផល​នៃ​ការ​វិភាគ​សំឡេង​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​នាង​ ខុម ចាន់តារាទី​ ធ្លាប់​បាន​បញ្ជាក់​ថា លោក ​កឹម សុខាបានទូរស័ព្ទ​មក​និយាយ​ជាមួយនាង​រឿង​កាត់​សក់ ​លាប​សក់​តែ​ប៉ុណ្ណោះ។ ​ក្នុង​បទ​សម្ភាសន៍​ពិសេស​ជាមួយ​ VOA ​នាង​មិន​បាន​និយាយ​ថា ​សំឡេងសាសងស្នេហា​នោះ​ជា​សំឡេង​កាត់​ត​ ឬ​ជា​សំឡេង​ពិត​របស់នាង​ទេ។​ នាង​គ្រាន់​តែ​និយាយ​ថា ​នាង​មិន​ដែល​និយាយរឿង​ស្នេហា​ដូច​ពាក្យ​ដែល​គេ​ផ្សព្វផ្សាយ​នោះ​ទេ។

កាល​ពី​ដើម​ខែ​នេះ​ ​ខ្សែ​អាត់​សំឡេង​ ​ដែល​គេ​ចោទ​ថា​ ជា​សំឡេង​របស់​លោក​ កឹម សុខា ​និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ «អាមុំ‍»​ ឬ​ ខុម ចាន់តារាទី​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ ជា​បន្តបន្ទាប់​ ​និង​ត្រូវ​បាន​ដក​ស្រង់​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។

ដោយ​មាន​ការ​ប្ដឹង​ផ្ដល់ពីនាង​ ធី សុវណ្ណថា​ ទាក់​ទិន​នឹង​ការ​បរិហារ​កេរ្តិ៍​ តុលាការ​ក្រុង​ភ្នំពេញ ​បាន​បញ្ជូន​ឲ្យ​នាយកដ្ឋាន​ភេរវកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការ។

នាង​ ខុម​ ចាន់ដារាទី​ ហៅ​ស្រី​មុំ​ ​ដែល​គេ​ចោទ​ថា ​ជា​ស្រី​កំណាន់​របស់​លោក កឹម​ សុខា​ បាន​បញ្ចប់​ការ​បំភ្លឺ​របស់​ខ្លួន​ នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម នៃ​ការ​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​ស៊ើប​អង្កេត​ករណី​នេះ ក្រោយ​ពី​ការ​ប្ដឹង​ផ្ដល់ពីនាង​ ធី សុវណ្ណថា​ទាក់​ទិន​នឹង​ការ​បរិហារ​កេរ្តិ៍។

ប៉ុន្តែ នាង​ ខុម​ ចាន់ដារាទី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

ក្រោយ​ពី​មាន​ការ​ផ្ទុះ​រឿង​ខ្សែ​អាត់​សំឡេង​នេះ​ លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ ក៏​ធ្លាប់​បាន​ប្រកាស​ថា ​លោក​ជ្រើស​យក​ជំហរ​ « មិន​ឆ្លង មិន​ឆ្លើយ​និង​មិន​ឈ្លោះ»៕