កិច្ចប្រជុំកំពូលដែលនឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ដ្រីជប៉ុន ចិន រុស្ស៊ីនិងឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។
ភ្នំពេញ៖ ក្រមប្រតិបត្តិសម្រាប់ជម្លោះសមុទ្រចិនខាងត្បូងឬCOCដ៏ចម្រូងចម្រាស់និងសេចក្តីប្រកាសនៃក្រមប្រតិបត្តិ (DOC)នឹងក្លាយជាប្រធានបទក្តៅគគុកបន្តទៀតសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នៅក្នុងទីក្រុងភ្នំពេញ។
កិច្ចប្រជុំកំពូលដែលនឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ដ្រីជប៉ុន ចិន រុស្ស៊ីនិងឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។
លោកស្រី សឿ រដ្ឋចាវី រដ្ឋលេខាធិការការបរទេសកម្ពុជាដែលបានដឹកនាំប្រជុំក្រុមមន្ដ្រីជាន់ខ្ពស់អាស៊ានបានបញ្ជាក់ថាបញ្ហាសមុទ្រចិនខាងត្បូងត្រូវបានពិភាក្សាក្នុងរង្វង់ក្រុមមន្ត្រីជាពិសេស។កិច្ចពិភាក្សាស្តីពីសេចក្តីប្រកាសនៃក្រមប្រតិបត្តិ (DOC) ហើយក្រមប្រតិបត្តិ(COC)កំពុងស្ថិតក្នុងដំណើរការនៃកិច្ចពិភាក្សាជាមួយប្រទេសចិន។
«ពិតមែនហើយ បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បួង ខ្ញុំចង់និយាយថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានក្រុមមេដឹកនាំមិនត្រឹមតែជជែកក្នុងកិច្ចប្រជុំកំពូលទេ ប៉ុន្តែមានការជជែកក្នុងគ្រប់កិច្ចប្រជុំដោយរាប់ចាប់តាំងពីក្រុមមន្ដ្រីជាន់ខ្ពស់ឡើងទៅ»។
ជម្លោះដែនសមុទ្រចិនខាងត្បូងបានស្ថិតជាប្រធានបទយ៉ាងក្តៅគគុកនិងរសើបសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ កម្ពុជាបរាជ័យក្នុងការបង្កើតឲ្យមានសេចក្តីថ្លែងការណ៍រួមមួយកាលពីប៉ុន្មានខែមុនដោយសារតែភាពប្រទាញប្រទង់ក្នុងបញ្ហានេះ។
បញ្ហាដែលបានបណ្តាលឲ្យមានការជាប់គាំងនៅពេលដែលប្រទេសស្ថិតក្នុងជម្លោះដូចជាប្រទេសហ្វីលីពីននិងវៀតណាមបានទាមទារដាច់ខាតថា ជម្លោះដែនសមុទ្រចិនខាងត្បូងត្រូវដាក់ក្នុងការជជែករួមក្នុងរង្វង់អាស៊ាន។ ក៏ប៉ុន្តែប្រទេសចិនចង់បានការពិភាក្សានេះជាទ្វេភាគី។
លោកស្រីរដ្ឋចាវី និយាយថាជំហររបស់កម្ពុជាមិនលូកដៃក្នុងរឿងជម្លោះនេះទេ ប៉ុន្តែវាជារឿងធម្មតាដែលប្រទេសភាគីជម្លោះត្រូវដោះស្រាយជាមួយគ្នា។
«ដែនដីជម្លោះនោះគួរតែត្រូវពិភាក្សាដោះស្រាយដោយលក្ខណៈមិត្តភាពក្នុងចំណោមរដ្ឋជាអ្នកតវ៉ា»។
យ៉ាងណាក៏ដោយហ្វ៊ីលីពីនធ្លាប់បានថ្លែងថា ជម្លោះនៅដែនសមុទ្រចិនខាងត្បូងមិនស្ថិតក្នុងក្របខណ្ឌនៃជម្លោះទ្វេភាគីទេ ពីព្រោះថាមានប្រទេសចំនួនបួនឯណោះនៃសមាគមអាស៊ានបានចូលក្នុងជម្លោះទល់ជាមួយនឹងប្រទេសចិន។
លោកស៊ីហាសាក់ ពួងកេតកែវ (Sihasak Puangketkaew) លេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃបានប្រាប់អ្នកយកព័ត៌មានថាបរាជ័យដែលបានកើតឡើងដោយសារបញ្ហាសមុទ្រចិនខាងត្បួងក្នុងរង្វង់កិច្ចប្រជុំអាស៊ានជាបទពិសោធន៍សម្រាប់កិច្ចប្រជុំនៅពេលនេះ។
«ខ្ញុំគិតថាប្រទេសទាំងអស់ដឹងហើយថាគ្មានប្រទេសណាមួយទទួលបានផលចំណេញពីអ្វីដែលបានកើតឡើងនោះទេ។ ដូច្នេះអ្វីដែលសំខាន់បំផុតនោះគឺថាបណ្តាប្រទេសអាស៊ានត្រូវតែរក្សាឯកភាពគ្នា»។
លោក ស៊ីហាសាក់ ពួងកេតកែវ បន្ថែមថាជម្លោះសមុទ្រចិនខាងត្បូងនេះកំពុងតែស្ថិតនៅចំពោះមុខបណ្តាប្រទេសអាស៊ានហើយ៕