កម្ពុជា​ចាប់​ខ្លួន​ជន​សង្ស័យ ១ រយ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​តាម​អ៊ីនធឺណិត

ទិដ្ឋភាពនាយនគរបាលចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ូលិស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ១ រយ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ជនជាតិ​ចិន​ទាំង​នេះ​បន្លំ​បោក​ប្រាស់​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ទារ​ប្រាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប។

ប្រទេស​ចិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ដោយ​ជន​រងគ្រោះ​នានា​បាន​បាត់បង់​ប្រាក់កាស​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ចិន។

ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​អាគារ​ខុនដូ​កម្ពស់ ៧ ជាន់​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​បុរស ៨១ នាក់ និង​ស្ត្រី ១៩ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ។

ប្រទេស​កម្ពុជា ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​ចិន កាល​ពី​លើក​មុនៗ ធ្លាប់​បាន​បញ្ជូន​ជន​សង្ស័យ​ចាប់​ជំរិត​តាម​អ៊ីនធឺណិត​ទៅ​កាន់​ប្រទេស​ចិន​វិញ ទោះបីជា​អ្នក​ខ្លះ​កាន់​លិខិត​ឆ្លង​ដែន​តៃវ៉ាន់​ក៏​ដោយ។ ប្រទេស​កម្ពុជា ក៏​ដូចជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ មិន​ទទួល​ស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​មួយ​នោះ​ទេ។

លោក អ៊ុក ហៃសិលា​មិន​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​នោះ​កាន់​លិខិត​ឆ្លង​ដែន​ប្រទេស​ណា​នោះ​ទេ ឬ​ក៏​មិន​បាន​បញ្ជាក់​ថា​នឹង​គ្រោង​បញ្ជូន​ជន​ទាំង​នោះ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​ណា​នោះ​ទេ៕