កងយោពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើកសមយុទ្ធយោធារួមមួយដែលផ្តោតលើការ «ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា សមយុទ្ធយោធារួម ដែលនឹងមានការប្រើគ្រាប់ពិតនេះ មានឈ្មោះថា «នាគមាសឆ្នាំ២០១៨»។ ការធ្វើលំហាត់យោធារួមរវាងកងទ័ពខ្មែរ និងចិននេះនឹងត្រូវធ្វើឡើងនៅភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ស្ថិតក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨នេះ។
ដើម្បីជាការរំឭកដល់សាធារណៈជនអំពីការធ្វើសមយុទ្ធនេះ ក្រសួងការពារជាតិបានថ្លែងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖
«អាជ្ញាធរដែនដីគ្រប់ថ្នាក់ មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះសំឡេងផ្ទុះ និងការចល័តយុទ្ធោបករណ៍តាមកម្មវិធី និងទីកន្លែងខាងលើ។ ដើម្បីធានាសុវត្ថិភាព គណៈកម្មការដឹកនាំលំហាត់ សំណូមពរដល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មានអំពីលំហាត់បាញ់គ្រាប់ពិតនេះ និងសូមហាមឃាត់ដល់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់ និងតាមពេលវេលាខាងលើ»។
កងទ័ពកម្ពុជាបានបង្កើនសហប្រតិបត្តិការយោធាជាមួយកងទ័ពចិន បន្ទាប់ពីប្រទេសកម្ពុជាបានលុបចោលការធ្វើលំហាត់យោធាសំខាន់ៗមួយចំនួនជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧។ នាពេលកន្លងមក អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងប្រទេស កំពុងតែព្យាយាមឃ្លាតឆ្ងាយពីមហាអំណាចសហរដ្ឋអាមេរិក និងបង្កើនការពឹងផ្អែកកាន់តែច្រើនឡើងថែមទៀតលើប្រទេសចិន។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញថា «ជោគវាសនារបស់កម្ពុជាគឺស្ថិតលើប្រទេសចិន»។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ប្រាប់ VOA ថា លំហាត់យោធារួមគ្នារវាងកម្ពុជា និងចិនជាលើកទីពីរនេះ នឹងមានកងទ័ពពីខាងកម្ពុជាចំនួនជាង២០០នាក់ និងខាងចិនជិត២០០នាក់។ លោកមិនអាចបញ្ជាក់អំពីប្រភេទនៃសម្ភារៈយោធា ដែលកងទ័ពរបស់ប្រទេសទាំងពីរនេះនឹងប្រើក្នុងពេលធ្វើលំហាត់យោធារួមគ្នានេះទេ។
ទាក់ទិនការបន្តឡើងវិញនៃសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានផ្អាកកាលពីឆ្នាំ២០១៧នោះ លោកឈុំ សុជាតិថ្លែងថា មិនទាន់មានព័ត៌មានលម្អិតដើម្បីបញ្ជាក់រឿងនេះទេ។
«អាហ្នឹងរង់ចាំមើលបន្តិចទៀត។ ខ្ញុំអត់ទាន់មានអីថ្មីទេ»។
សមយុទ្ធយោធារួមគ្នាធំមួយរវាងកម្ពុជា និងចិនជាលើកដំបូងបង្អស់ត្រូវបានធ្វើឡើង កាលពីចុងឆ្នាំ ២០១៦។ ក្រោយការធ្វើសមយុទ្ធនេះ ប្រទេសចិនបានផ្តល់ជំនួយឥតសំណងជាង១៥០លានដុល្លារ សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មីមួយស្ថិតលើផ្ទៃដីទំហំ៨៥ហិកតា។ អ្នកវិភាគនិយាយថា គោលជំហរអព្យាក្រិត្យរបស់កម្ពុជាក្នុងទំនាក់ទំនងការបរទេសនឹងនាំឲ្យមានចម្ងល់ ប្រសិនបើប្រទេសនេះពឹងផ្អែកជ្រុលលើប្រទេសចិនតែមួយនោះ៕