កម្ពុជា​បិទច្រក​របៀង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ​បន្ទាប់​ពី​​ថៃ​ចាប់​ផ្តើម​ដាក់​ទោស​ទណ្ឌ ​លើ​ពលករ​ខុស​ច្បាប់  

រូបឯកសារ៖ ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ត្រាក់​នៅ​ពេល​ដែល​ពួកគេ​ចេញពី​ប្រទេស​ថៃ មក​ដល់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ នៅ​ទីក្រុង​ប៉ោយប៉ែត ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ២០១៤។ (AP Photo/Heng Sinith)

រដ្ឋាភិបាល​កម្ពុជា​ ​​បាន​សម្រេច​​​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​បណ្តា​​ព្រំ​ដែន​កម្ពុជា-ថៃ​ ​ដើម្បី​រឹត​បន្តឹង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ​ក្រោយ​ពី​​​​រដ្ឋាភិបាល​ថៃ​ចេញ​ច្បាប់​​ថ្មី​ដាក់ទោស​ទណ្ឌ​លើ​​ពលករខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។

រដ្ឋាភិបាល​ប្រកាស​បិទ​ច្រក​របៀងទាំងអស់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ​ដើម្បី​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក​ ​និង​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ ​បន្ទាប់ពី​ពលករ​ជាច្រើន​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ ​ក្រោយ​ពេលថៃ​បង្កើត​ច្បាប់​ដាក់​ទោស​ពលករ​ខុស​ច្បាប់។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ទំនាក់​ទំនង​ព្រំដែន​ប្រចាំខេត្ត​បន្ទាយ​មានជ័យ។​

លោក​ ជិន ពិសិដ្ឋ​ ​អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​សមត្ថកិច្ច​នៅ​ខេត្ត​បន្ទាយមានជ័យ ​កាលពី​ថ្ងៃចន្ទ ​បាន​បិទ​ច្រក​របៀង​ខុស​ច្បាប់​ជាង​៤០នៅ​តាម​ព្រំដែនកម្ពុជា-ថៃ។​ ​លោក​បន្ថែម​ថា​ ​ការ​បិទច្រក​របៀង​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​បណ្តា​ខេត្ត​ដែល​មា​ន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​ ​ដើម្បីទប់​ស្កាត់ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​និង​ទប់ស្កាត់​ទំនិញគេច​ពន្ធ​ផ្សេងៗ។​

លោកជិន ពិសិដ្ឋ​មាន​ប្រសាសន៍​ថា៖​

«ពលករ​យើង​ដែល​ជឿ​មេខ្យល់​ គឺ​គាត់​នឹង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយខុសច្បាប់​ បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នានា​ ​គ្រោះថ្នាក់​នានា​ ​និង​ការ​ចាប់ចង​ពី​ប្រទេសថៃ។​ ​គ្រោះ​ថ្នាក់​ទី២​ ​បង់ខាត​ទាំង​ថវិកា​ ដូចជា​ទំនិញ​គេច​ពន្ធ​ឆ្លង​ដែន។ ​គេច​ពន្ធ​ហ្នឹង​គឺ​វា​អត់​មាន​ចូល​ជា​ថវិកា​រដ្ឋ​ទេ។​ អីចឹងយើង​ឃើញ​ថា​ បើសិន​ជា​យើង​បិទ​ការងារ​ទាំងអស់​ហ្នឹង​ទៅ​គឺ​យើង​នឹង​អាច​ចំណេញ​វិញ»។​

លោក​ជិន ពិសិដ្ឋ​បន្ថែម​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​ពលករ​ខ្មែរ​នៅ​តែ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​វិញ ​ជា​បន្តបន្ទាប់​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​នៅ​ឡើយ​ ​ដោយ​អះអាង​ថា​ ​លោក​និង​ក្រុម​ការងារកំពុង​បូក​សរុប។​ លោក​ក៏​បាន​បន្ថែម​ថា​ ​លោក​មិន​ដឹង​ថា​ ពលករ​ទាំង​នោះអាច​ត្រឡប់​ទៅ​ធ្វើ​ការនៅប្រទេស​ថៃ​វិញ​ ​នៅ​ពេល​ណា​នោះ​ទេ គឺអាស្រ័យ​លើរដ្ឋាភិបាល​ថៃ។​

ការ​ប្រកាស​បិទ​ច្រក​របៀង​នៅ​តាម​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​ថៃ​នេះកើត​ឡើងបន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​ចេញ​ច្បាប់​រឹតបន្តឹង​ការងារ​លើ​ពលករ​បរទេស​ទាំងអស់​ដែលកំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​រួម​ទាំង​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា​ផង​ដែរ។​

រដ្ឋាភិបាល​ថៃ​ទើបតែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ច្បាប់​ការងារ​ថ្មី​មួយ​ ដែលទើបចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី​២៣​ ​ខែ​មិថុនា​ ​កន្លង​ទៅ។​ ​ច្បាប់​នេះ​អាច​ដាក់​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ​ ​ចំពោះ​ពលករ​ណា​ដែល​គ្មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ និង​ផាក​ពិន័យ​រហូត​ដល់​៨​សែនបាត​ ​(ប្រហែល២៣.៥០០​ដុល្លារ​អាមេរិក) ​ចំពោះ​រោងចក្រ ​ឬ​សហ​គ្រាស​ណា​ដែល​ទទួល​យក​ពលករ​ខុស​ច្បាប់​ឲ្យ​ធ្វើ​ការ។​

បន្ទាប់ពី​ច្បាប់​នេះ​ចូល​ជាធរមាន​ ​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ ​ដូចជា​ប្រទេស​កម្ពុជា​ ​មីយ៉ាន់ម៉ា​ ​និង​ឡាវ ​ដោយ​សារ​តែ​ភ័យ​ខ្លាច​ថា​ ​អាចមានបញ្ហា​កើត​ឡើង​ចំពោះ​ពួក​គេ។​ ​ការ​ចាក​ចេញ​ទៅ​កាន់​ប្រទេសកំណើត​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់​ ​និង​ថៅកែ​របស់​ពួកគេ​ប្រឈមនឹង​បញ្ហា​លំបាក។​

លោក​ស៊ុំ ចាន់គា​ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ប្រចំា​ខេត្ត​បន្ទាយមានជ័យ​ ​ប្រាប់ ​VOA​ ថា ​ការ​បិទ​ច្រក​របៀងនៅ​តាម​ព្រំ​ប្រទល់​កម្ពុជា-ថៃនឹង​នាំឲ្យ​មាន​ទាំង​ភាព​វិជ្ជមាន​ ​និង​អវិជ្ជមាន​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។​ ​លោក​បន្ថែម​ថា​ ​ការ​បិទ​នេះ​នឹងអាច​ទប់​ស្កាត់​រាល់​ទំនិញ​គេច​ពន្ធ​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ​ ​ប៉ុន្តែ​លោក​ថា​ ​ការ​បិទ​នេះ​ក៏​ធ្វើឲ្យ​ប៉ះពាល់ដល់​ប្រជា​ពលរដ្ឋដែលរស់​នៅ​ក្បែរ​នោះ​ផងដែរ​ ​ជាពិសេស​ពលរដ្ឋ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ពេលព្រឹក និង​ចូលមក​វិញ​នៅ​ពេល​ល្ងាច។​

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ច្រក​របៀង​ដើម្បី​ទប់​ស្កាត់​ពលករ​ធ្វើ​ចំណាក​ស្រុក។ លោកពន្យល់​ថា​ ​វា​ជា​ចំណាត់​ការ​ដែលគ្មាន​និរន្តរភាព​ ​ហើយ​លោក​ថា​ ​រដ្ឋាភិបាល​គួរ​មាន​ចំណាត់​ការ​រឹង​មាំ​ជាង​នេះ​ដើម្បី​ធានា​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។​ ​លោក​បន្ថែម​ថា ​ចំណាត់​ការ​រឹងមាំ​ដែល​រដ្ឋាភិបាល​គួរធ្វើ​ ​មាន​ដូច​ជាបង្កើត​ទីផ្សារការងារ​នៅ​កម្ពុជា​ ​និងរក​ទីផ្សារ​ផលិត​ផលសម្រាប់​ប្រជា​ពល​រដ្ឋ​ ​មិនមែន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស​នោះ​ទេ។​

លោកលោក​ស៊ុំ ចាន់គា​បញ្ជាក់​ថា៖​

«យើង​រក​ទីផ្សារ​កម្លាំងពលកម្ម​នៅ​ក្នុង​កន្លែង​យើង​ ​ព្រោះ​យើង​មាន​កម្លាំង​ ហើយ​រក​ទីផ្សារ​នៅ​ប្រទេស​យើង​ ​ហើយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ហ្នឹង​ធ្វើការ​នៅ​កន្លែង​យើង។​ ​គាត់​នឹង​មាន​លុយ​ ​មាន​ប្រាក់​ខែ ​ជួបជុំ​ជាមួយ​បង​ប្អូន​ កូនចៅ​គាត់​ ​មាន​សុភមង្គល​ ​ហើយ​ជៀស​ផុត​ពី​ភ័យ​អន្តរាយ​ផ្សេងៗ​ដែល​កើត​ឡើង​ចំពោះ​គាត់។​ ​ជៀស​ផុត​ពីការត្រូវ​គេ​វាយ ​គេដំ​ ​គេ​ចាប់​ ​គេ​បាញ់​សម្លាប់​ ​គេ​ចាប់​ដាក់​គុក។​ ​គឺ​ចៀស​ផុត​ទាំងអស់»។​

បើ​តាម​លោក​ស៊ុំ ចាន់គា​ ​ពលករ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ ​រយៈពេល​៥ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​២៨​ ខែ​មិថុនារហូត​ដល់​ថ្ងៃទី​៣​ ​ខែ​កក្កដា​នេះ​ ​មាន​ចំនួន​រហូត​ដល់​៤,១៦៦​នាក់។​ ​លោក​បន្ថែម​ថា​ ​ចំនួន​នេះ​នៅ​កើន​ឡើងជាបន្ត​បន្ទាប់​ ​ខណៈ​ដែល​ពលករ​ទាំង​នោះ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ ​ព្រមទាំង​ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ពួកគេ​បាន​ខ្ចី​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃក្នុង​ពេល​កន្លង​មក។​

VOA​ ​មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ហេង សួរ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ទេ​ ​នា​រសៀល​ថ្ងៃ​អង្គារ។​

កាល​ពីខែ​មិថុនា​ឆ្នាំ​២០១៤​ ​ពលករ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ចិត្តចាកចេញ​ពី​ប្រទេស​ថៃ ​ក្រោយ​ពី​របប​យោធា​ថៃ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។​ ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​សិទ្ធិ​ពលករបង្ហាញ​ថា ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ១​លាន​នាក់ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ទាំង​ស្រប ​និង​ខុសច្បាប់។

ទោះ​ជា​យ៉ាង​ណា​ ​អត្ថបទ​មួយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ ​ដែល​ចេញ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ផ្សាយ​ថា​ ​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​លើក​ពេលការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ខ្លួន​រហូត​ដល់​រយៈ​ពេល​៦​ខែ​ទៀត​ ​ដើម្បី​ទុក​ពេល​ឲ្យ​ពលករទាំង​នោះបំពេញ​បែប​បទ​ឲ្យ​បាន​ស្របច្បាប់៕