នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់ទីក្រុងបាងកក កាលពីថ្ងៃពុធ មេដឹកនាំកម្ពុជានិងថៃបានឯកភាពគ្នាក្នុងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ហើយបានពិភាក្សាបញ្ហានានាៗដែលពាក់ព័ន្ធនឹងចំណងទាក់ទងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «អ្វីដែលជាការកត់សម្គាល់បំផុតគឺនាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពីភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជននៃប្រទេសទាំងពីរ»។
ភាគីទាំងពីរក៏បានឯកភាពបង្កើតស្ថានអគ្គកុងស៊ុល កម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍។ ភាគីទាំងពីរក៏បានឯកភាពបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
បន្ថែមពីនេះ ភាគីទាំងពីរក៏ឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងសន្តិសុខថាមពល។
ភាគីទាំងពីរបានពិភាក្សាលើកិច្ចការពារតំបន់ និងអន្តរជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអនឡាញ ការចរាចរណ៍គ្រឿងញៀន និងអំពើជួញដូរមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។
ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំទាំងពីរ កម្ពុជានិងថៃបានចុះហត្ថលេខាលើឯកសារចំនួន ៥ ពាក់ព័ន្ធនឹងការកាត់បន្ថយគ្រោះមហន្តរាយ និងគ្រោះអាសន្ន វិស័យសិក្សាធិការ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការដឹកទំនិញឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្ម។
មេដឹកនាំកម្ពុជានិងថៃបានប្រកាសជំហរមិនឲ្យបុគ្គល ឬក្រុមណាមួយប្រើប្រាស់ទឹកដីប្រទេសរបស់ខ្លួនប្រឆាំងនឹងប្រទេសណាមួយទៀតជាដាច់ខាត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមគ្នា។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំមុន នាយករដ្ឋមន្ត្រីថៃថ្មី លោក សេដ្ឋា ថាវីស៊ីន ដែលចូលកាន់អំណាច កាលពីខែសីហា ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលកម្ពុជាគឺជាប្រទេសទី ១ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានដែលនាយករដ្ឋមន្រ្តីថៃបានធ្វើដំណើរមកបំពេញទស្សនកិច្ច៕