រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូងបានឯកភាពគ្នាក្នុងការដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ខណៈប្តេជ្ញាពង្រីកពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍។
ការសម្រេចនេះធ្វើឡើងក្នុងពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ឬហៅថា កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ ខែឧសភា ឆ្នាំ ២០២៤។ នៅទីនោះ លោក ហ៊ុន ម៉ាណែត ដែលទទួលតំណែងជានាយករដ្ឋមន្រ្តីកម្ពុជាបានប្រមាណ ១០ ខែ បានជួបលោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ដោយមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះអនាគតនៃភាពជាដៃគូទ្វេភាគី ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានសម្រេចថា នឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន»។
វិស័យទាំងនោះរួមមានកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ សង្គម បរិស្ថាន និងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។
បើតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការឆ្លើយតប និងគ្រប់ជ្រុងជ្រោយចំពោះកំណើនឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោក ស្របតាមអនុស្សរណៈនៃការយោគយល់គ្នានិងឯកសារពាក់ព័ន្ធនានារវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពទាញយកប្រយោជន៍ជាអតិបរមាពីយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងពហុភាគី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
កម្ពុជានិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០២១ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការ កាលពីឆ្នាំ ២០២២។ បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១ លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ចំនួន ២៨១ លានដុល្លារ និងការនាំចូលពីកូរ៉េខាងត្បូងមានចំនួន ៤៧០ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា។ ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយកូរ៉េសម្រាប់ឆ្នាំ ២០២៣ មានប្រមាណ ១៩០ លានដុល្លារអាមេរិក។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េ រួមមានឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ និងផ្លែឈើជាដើម។ ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ រួមមានយានជំនិះ ម៉ាស៊ីន ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ(ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត និងកៅស៊ូជាដើម។
កូរ៉េខាងត្បូងក៏ជាប្រទេសនៃកម្លាំងពលកម្មខ្មែរផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ពលករខ្មែរ ៥០.៩៧០ នាក់ ធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម និង កសិឧស្សាហកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន។ លោកបន្ថែមថា ចំណូលដែលពលករខ្មែរនៅកូរ៉េខាងត្បូងផ្ញើមកបងប្អូននៅកម្ពុជា ក្នុងមួយឆ្នាំៗ ក្នុងរង្វង់ ២.៩០០ លានដុល្លារអាមេរិក។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូងគឺជាផ្នែកនៃការទូតពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគ។ លោកថា កូរ៉េខាងត្បូងគឺជាប្រទេសមានសារៈសំខាន់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច ជាពិសេសកូរ៉េខាងត្បូងដើរតួនាទីសំខាន់នៅក្នុងតំបន់អាស៊ានទាំងមូល។
លោកថ្លែងថា៖ «អ៊ីចឹងហើយដំណើរទស្សនកិច្ចនេះ ខ្ញុំគិតថា វាជាដំណើរទស្សនកិច្ចមួយដែលវាមានសារៈសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជាជាមួយនឹងកូរ៉េខាងត្បូង ហើយក៏ស្វែងរកនូវសក្តានុពល កាលានុវត្តភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។
បើតាមសេចក្តីថ្លែងការណ៍រួម កម្ពុជានិងកូរ៉េខាងត្បូងក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខអន្តរជាតិ ពាណិជ្ជកម្មសេរី នីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងអង្គការអន្តរជាតិនិងពហុភាគីផ្សេងទៀត។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ភាគីទាំងពីរបានអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) គោរពតាមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ដើម្បីសម្រេចគោលដៅនេះ ភាគីកម្ពុជាបានទទួលស្វាគមន៍គំនិតផ្ដួចផ្ដើម Audacious Initiative របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ មានសន្តិភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
បន្ថែមពីនេះ កម្ពុជាបានសម្ដែងការគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ ២០២៤ ដើម្បីអបអរសាទរខួប៣៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ៕