ខណៈមានករណីឆ្លងច្រើនក្នុងចំណោមជនជាតិចិនក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលប្រទេសចិនតាមរយៈស្ថានទូតចិននៅកម្ពុជា បានសម្រុកផ្តល់ជំនួយផ្សេងៗដល់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ចំណែករដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវជាបន្តបន្ទាប់ កុំឲ្យមានការរើសអើងជាតិសាសន៍ បើទោះជំងឺកូវីដ១៩ ផ្ទុះចេញពីជនជាតិចិនក៏ដោយ។
កម្ពុជាកំពុងប្រឈមការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលចំនួនអ្នកឆ្លងបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានភាគច្រើនជាជនជាតិចិន។ នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ថា មនុស្ស ៤០ នាក់ទៀតដែលភាគច្រើនជាជនជាតិចិន បានឆ្លងថ្មី។ ក្នុងចំណោមអ្នកឆ្លងនោះ ក៏មានជនជាតិចិននៅក្នុងខេត្តព្រះសីហនុ ដែលជាតំបន់សម្បូរទៅដោយការវិនិយោគរបស់ចិន។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសដល់មន្ទីរពិសោធន៍តេស្ដសំណាករកវីរុសជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ ស្ថានទូតបន្តថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដសំណាករកវីរុសកូវីដ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលរំពឹងថានឹងបញ្ចប់មុនចុងខែមីនាខាងមុខ។
ភាគីចិនបានសន្យាថា នឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការដំឡើង រៀបចំ និងបណ្ដុះបណ្ដាលដល់បុគ្គលិកផងដែរ។
ស្ថានទូតចិនបញ្ជាក់ថា៖ «ក្រោយពីបញ្ចប់ការសាងសង់មន្ទីរពិសោធន៍ខាងលើនេះ និងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០ ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា»។
ចំណែកកាលពីថ្ងៃទី២៣ ខែកុម្ភៈ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្តល់ជំនួយជាម៉ាស់ វេជ្ជសាស្រ្តចំនួន ១០ ម៉ឺនម៉ាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ។ ជំនួយទាំងអស់នេះបន្ថែមលើជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន ៦០ ម៉ឺនដូស ដែលត្រូវបានបញ្ជូនមកកម្ពុជា ហើយកំពុងតែចាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ផងដែរ។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាលចិនបានជួយរដ្ឋាភិបាលខ្មែរច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្នុងដំណាក់កាលនៃការឆ្លងទ្រង់ទ្រាយធំនេះ រដ្ឋាភិបាលចិនគួរបន្តជួយកម្ពុជាទាំងផ្នែកសា្មរតីនិងសម្ភារៈ ដោយសារចំនួនអ្នកឆ្លងភាគច្រើនបំផុត គឺជាជនជាតិចិន។
លោកបន្តថា តួនាទីរបស់រដ្ឋាភិបាលទាំងពីរគឺការអំពាវនាវកុំឲ្យមានការរើសអើងជនជាតិចិន ឲ្យចូលរួមថែរក្សាអនាម័យតាមការណែនាំ ការទៅធ្វើតេស្តជំងឺនេះ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវជាដើម។
លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តថា ខណៈមានការរាតត្បាតលើជនជាតិចិន ប្រាកដជាមានការប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយជនជាតិចិន ទោះតិចឬច្រើនក៏ដោយ។ លោកបន្ថែមថា ការផ្តល់ព័ត៌មានជារឿងសំខាន់ ដើម្បីធានាកុំឲ្យមានការរើសអើងជនជាតិចិន។
លោកប្រាប់ VOA ថា៖ «រឿងការភ័យខ្លាចនេះ វាអាចនាំឲ្យប្រជាជនយើងមួយចំនួនហ្នឹង មានការដកឃ្លា ឬក៏រៀងកាត់ដាច់ទំនាក់ទំនងខ្លះជាមួយជនជាតិចិន អាហ្នឹងជារឿងធម្មតាទេ នៅក្នុងស្ថានភាពគ្រោះថ្នាក់។ ប៉ុន្តែអ្វីដែលស្ថានទូតចិននៅកម្ពុជានិងភាគីពាក់ព័ន្ធគួរតែធ្វើ គឺការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ទាំងក្នុងចំណោមជនជាតិចិនគ្នាឯង សម្រាប់ប្រជាពលរដ្ឋខ្មែរផង»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជាតាមសារអ៊ីមែលបានទេ នៅថ្ងៃសុក្រនេះ។
ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋរើសអើងជាតិសាសន៍ ក្នុងពេលប្រកាសអំពីករណីឆ្លងច្រើនលើជនជាតិចិន។
កាលពីថ្ងៃសៅរ៍ ពេលដែលរដ្ឋាភិបាលប្រកាសការរាតត្បាតសហគមន៍ទ្រង់ទ្រាយធំនៅភ្នំពេញ ដោយមិនទាន់ដឹងប្រភព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការរើសអើងលើជនជាតិចិន បើទោះមានការឆ្លងក្នុងចំណោមជនជាតិភាគច្រើនក៏ដោយ។
លោកថ្លែងថា៖ «អញ្ចឹងសូមកុំឲ្យមានការប្រកាន់។ ទីមួយ សម្រាប់អ្នកទីក្រុងភ្នំពេញទៅជនបទ។ មិនត្រូវបានស្វាគមន៍។ ហើយទីពីរ សម្រាប់ជនជាតិចិន ឲ្យតែចិនខ្លាចតែទាំងអស់»។
លោកនាយករដ្ឋមន្រ្តីបន្តថា ក៏មានជនជាតិចិនបានលួចរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ទាំងខ្លួនមានជំងឺកូវីដ១៩។
ក្រោយពីមានករណីឆ្លងច្រើនលើសហគមន៍ជនជាតិចិនក្នុងប្រទេសកម្ពុជា សារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times) ដែលស្និទ្ធនឹងស្ថានទូតចិនប្រចាំនៅកម្ពុជា បានចុះផ្សាយកាលពីចុងសប្តាហ៍ ដោយយោងតាមស្ថានទូតចិនថា មានជនជាតិចិនមួយចំនួនបានរត់គេចពីសណ្ឋាគារចត្តាឡីស័ក ហើយមានពលរដ្ឋចិនមួយចំនួនក៏បានលាក់ខ្លួននិងគេចខ្លួន បន្ទាប់ពីដឹងថាពួកគេមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។
នៅសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចវិធានការថ្មីមួយ ដោយនឹងបណ្តេញជនបរទេសណាដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ «មិនសហការ» ចេញពីប្រទេសកម្ពុជា ហើយមិនអនុញ្ញាតឲ្យចូលមកវិញឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ កម្ពុជាបានសម្រេចបណ្តេញជនជាតិចិនម្នាក់ ដែលជានាយកសារព័ត៌មាន Angkor Today ក្រោយមានការចុះផ្សាយថា នាយកអង្គភាពសារព័ត៌មានមួយនេះបានផ្សព្វផ្សាយព័ត៌មានមួយនៅលើគេហទំព័ររបស់ខ្លួនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ ១២០ ដុល្លារ» ។ ក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលការចុះផ្សាយនេះ។
អាជ្ញាធរកម្ពុជាលើកឡើងថា នេះជាការផ្សាយព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់សន្តិសុខជាតិ។
ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មាន Angkor Today ដោយលើកហេតុផលថា ម្ចាស់ជាជនជាតិចិនបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត និងមានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់និងចលាចលក្នុងសង្គម៕