ចិន​និង​កម្ពុជា​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ចុង​សប្តាហ៍​នេះ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទះដៃ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ក្នុង​អំឡុងពេល​នៃ​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​ឯ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៩។

ជាផ្នែកមួយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណង​មិត្តភាព​បន្ថែម ប្រទេសចិន​និង​កម្ពុជា​ព្រមព្រៀងគ្នា​លើ​ការធ្វើពាណិជ្ជកម្ម​សេរី​ជាមួយគ្នា ហើយ​កិច្ច​ព្រមព្រៀង​មួយ ​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ពេលដែលលោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ មកបំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេសកម្ពុជា​ នៅ​ចុងសប្តាហ៍​នេះ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេសកម្ពុជា ដែល VOA ទទួលបាននៅថ្ងៃនេះ។

លោក វ៉ាង យី ​(Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន ​គ្រោងនឹង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ ចំនួន​ពីរថ្ងៃ​នៅកម្ពុជា ​ចាប់ពី​ថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែតុលា ហើយ​គ្រោង​នឹង​ជួបជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី គ្រោង​នឹង​ធ្វើជាសាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន និង​ឯកសារ​ចំនួន​ពីរទៀត​ ទាក់ទង​នឹង​ការសិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ និងការសិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

មិនទាន់មាន​ព័ត៌មាន​លម្អិត​ថា តើ​ពាណិជ្ជ​កម្មសេរី​នោះនឹង​ជួយដល់​កម្ពុជា​លើ​ផ្នែកអ្វីខ្លះ និងការនាំចេញអ្វីខ្លះ​នៅ​ឡើយ​ទេ។

ការពង្រឹង​មិត្តភាព​កម្ពុជានិងចិននេះ​កើតឡើង ​ចំពេល​ដែល​កម្ពុជា​ត្រូវបាន​សហភាពអឺរ៉ុបដកឋានៈអនុគ្រោះពន្ធទំនិញ​គ្រប់មុខលើកលែងតែសព្វាវុធ ឬ Everything But Arms (EBA) ​ចំនួន ២០ភាគរយ​ ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិតេយ្យ៕