ប្រទេសកម្ពុជានិងចិនកំពុងត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា «នាគមាស» ដែលជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ផ្នែកយោធាក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា មន្រ្តីកម្ពុជាមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ ដោយថារង់ចាំការផ្សព្វផ្សាយព័ត៌មាន នៅពេលថ្ងៃសមយុទ្ធជិតមកដល់។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងខែឧសភានេះ ប៉ុន្តែលោកមិនអាចបញ្ជាក់ពេលវេលាជាក់លាក់ឡើយ។
លោកថ្លែងថា៖ «គណៈកម្មការសមយុទ្ធហ្នឹង គាត់អត់ទាន់ប្រកាសទេ។ គាត់ថា ចាំដល់កៀកថ្ងៃ គាត់ធ្វើសន្និសីទព័ត៌មាន គាត់ប្រកាសតែម្តង ក្នុងខែ៥ហ្នឹង។ គាត់ប្រកាសពីខ្លឹមសារ ពីកាលបរិច្ឆេទអីតែម្តង»។
គេមិនទាន់ដឹងនៅឡើយទេថា តើសមយុទ្ធនេះមានរយៈពេលប៉ុន្មានថ្ងៃ ហើយជាសមយុទ្ធជើងទឹក ជើងគោក និងជើងអាកាសឡើយ។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅសប្តាហ៍ក្រោយ ដើម្បីបញ្ជាក់ព័ត៌មានទាក់ទងនឹងសមយុទ្ធនេះ។ ទោះជាយ៉ាងណា លោកថា សមយុទ្ធនាគមាសនេះនឹងចាប់ផ្តើមធ្វើឡើងនៅពាក់កណ្តាលខែឧសភាខាងមុខនេះ។
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កម្លាំងកងរាជអាវុធហត្ថបានកំពុងរៀបចំទីតាំងត្រៀមសមយុទ្ធនាគមាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិវិញ។
ចំណែកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើឱ្យសួរទៅអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទវិញ។ លោកប្រាប់ថា កងរាជអាវុធហត្ថគ្រាន់តែជាអ្នករៀបចំទីតាំងសម្រាប់ធ្វើសមយុទ្ធតែប៉ុណ្ណោះ។
កាលពីឆ្នាំ ២០២៣ កម្ពុជានិងចិនក៏បានធ្វើសមយុទ្ធនាគមាសនេះម្តងហើយ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារវិបត្តិជំងឺកូវីដ១៩។ សមយុទ្ធក្នុងឆ្នាំ ២០២៤ នឹងក្លាយជាសមយុទ្ធលើកទី ៦ ដែលកម្ពុជាបានធ្វើជាមួយចិន ដែលសមយុទ្ធនាគមាសដំបូងចាប់ផ្តើមតាំងពីឆ្នាំ ២០១៦។
កម្ពុជាត្រូវបានគេមើលឃើញថា ងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថា កាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Holzer Wesley ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកនៅតែបើកចំហសម្រាប់ការពិភាក្សាអំពីមធ្យោបាយដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់សន្តិសុខ និងសន្តិភាពពិភពលោកនិងតំបន់ បើទោះកម្ពុជាបានលុបចោលសមយុទ្ធយោធាទ្វេភាគីប្រចាំឆ្នាំ កាលពីឆ្នាំ ២០១៧ ក៏ដោយ។
លោកបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពកម្ពុជាក្នុងការជ្រើសរើសដៃគូរបស់ខ្លួន[ដើម្បីធ្វើសមយុទ្ធ] ប៉ុន្តែអាមេរិកលើកទឹកចិត្តភាពចម្រុះនៃដៃគូយោធា និងតម្លាភាពទៅលើសកម្មភាពដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តំបន់»។
លោក មាស នី អ្នកវិភាគនយោបាយមួយរូប ថ្លែងថា ការធ្វើសមយុទ្ធរវាងប្រទេសកម្ពុជានិងប្រទេសដទៃជារឿងធម្មតាទេ។ ប៉ុន្តែលោកថា ប្រទេសកម្ពុជាដែលស្និទ្ធកាន់តែខ្លាំងទៅកាន់ប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពរងការចោទប្រកាន់ភូមិសាស្រ្តនយោបាយ។
លោកប្រាប់វីអូអេថា៖ «ក្នុងស្ថានភាពបែបនេះ បើយើងមានតែសមយុទ្ធជាមួយចិនរហូត អាហ្នឹងបានន័យថា មិត្តភាពកម្ពុជាចិន វានឹងដើរទៅ មិនត្រឹមតែសហការផ្នែកនយោបាយទេ ឬសេដ្ឋកិច្ចទេ ប៉ុន្តែវានឹងអាចមានការសហការផ្នែកយោធាទៅថ្ងៃខាងមុខទៀត។ ខ្ញុំគិតថា អានេះជាជំហររបស់រដ្ឋាភិបាលទេ។ ប៉ុន្តែការធ្វើសមយុទ្ធ អាហ្នឹងជាសិទ្ធិរបស់ប្រទេសមួយៗទេបាទ។ ប្រសិនបើយើងមិនបានគិតគូរ ប៉ុន្តែចង់មិនចង់ យើងអាចធ្លាក់ទៅក្នុងគន្លងភូមិសាស្រ្តនយោបាយ»។
កន្លងទៅ មន្រ្តីជាន់ខ្ពស់កម្ពុជាធ្លាប់បានបញ្ជាក់ថា សមយុទ្ធយោធាជាមួយចិនកន្លងមកមិនមែនជាការគំរាមកំហែងប្រទេសណាទេ ហើយកម្ពុជាបើកទូលាយក្នុងការធ្វើសមយុទ្ធជាមួយបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែប្រទេសទាំងនោះត្រូវស្នើមកឱ្យស្របតាមគោលនយោបាយកម្ពុជា និងមានផលប្រយោជន៍។
គួររំឭកថា ចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕