ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន ភាគីកម្ពុជានិងចិនបានប្តេជ្ញាការពារគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងប្រឆាំងនឹងការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ដែលកម្ពុជារងការរិះគន់ថារំលោភបំពានធ្ងន់ធ្ងរប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្តីប្រកាសរួម រវាងរដ្ឋាភិបាលកម្ពុជា និងចិន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់របស់ចិន មានលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ លោកបានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញកាលពីយប់ថ្ងៃអាទិត្យ។
បើតាមសេចក្តីប្រកាសព័ត៌មានរួម ភាគីទាំងពីរសង្កត់ធ្ងន់ថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសទាំងពីរនឹង«អភិវឌ្ឍឥតឈប់ឈរ»នូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍ទៅវិញទៅមក។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
ចំណែកកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ហើយតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិន។ នេះបើតាមសេចក្តីប្រកាស។
សេចក្តីប្រកាសបញ្ជាក់ថា៖ «កម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនឬរារាំងឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយក៏ដោយ ដើម្បីទាមទារឯករាជ្យភាពតៃវ៉ាន់»។
បន្ថែមពីនេះ ភាគីទាំងពីរបញ្ជាក់ពី«ការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ»។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌ ដែលអតីតគណបក្សសង្រ្គោះជាតិរងការចោទប្រកាន់ពីរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាថា ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
ដោយសារតែលោក ហ៊ុន ម៉ាណែត បានទទួលការអប់រំនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អ្នកតាមដានមួយចំនួនបានផ្តល់ក្តីរំពឹងថា មេដឹកនាំថ្មីរបស់កម្ពុជានឹងស្តារទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ខណៈប្រទេសកម្ពុជាកាន់តែខិតទៅប្រទេសចិន។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសទីមួយដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចទ្វេភាគីផ្លូវការមុនគេ ក្រោយលោកចូលកាន់តំណែងបានជិតមួយខែ ក្រោយលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី កាលដើមខែកញ្ញានេះ។ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត នាខែតុលាខាងមុខ ដើម្បីចូលរួមវេទិកាស្តីពីគម្រោងខ្សែក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិនឬ Belt and Road Initiative (BRI)៕